នៅថ្ងៃអង្គារនេះ អង្គការសហប្រជាជាតិបានអំពាវនាវរកថវិកាចំនួន ៣៥ ពាន់លានដុល្លារ ដែលជាចំនួនដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានពីមុន ដើម្បីផ្ដល់ជំនួយមនុស្សធម៌សង្គ្រោះជីវិតដល់មនុស្ស ១៦០ លាននាក់នៅឆ្នាំក្រោយ ស្របពេលដែលវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ១៩ បានរុញច្រានមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកឲ្យធ្លាក់ចូលក្នុងភាពទីទ័លក្រខ្លាំង។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងនៅក្នុងសារសំឡេងថតទុកសម្រាប់ការចាប់ផ្ដើមការអំពាវនាវរកជំនួយនេះថា៖ «សង្គ្រាម ការប្រែប្រួលអាកាសធាតុ និងជំងឺកូវីដ១៩ បានបង្កើតឲ្យមានបញ្ហាប្រឈមផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរបំផុត តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក»។
លោកបានអំពាវនាវឲ្យម្ចាស់ជំនួយជួយដល់ពលរដ្ឋដែលស្ថិតក្នុងគ្រោះថ្នាក់ខ្លាំងបំផុត «នៅក្នុងពេលដែលពួកគេកំពុងត្រូវការជំនួយបំផុត»។
អង្គការសហប្រជាជាតិបានឲ្យដឹងថា តម្រូវការជាក់ស្ដែងគឺខ្ពស់ជាងនេះទៅទៀត ដោយមនុស្សប្រហែល ២៣៥ លាននាក់ ឬក៏មនុស្សម្នាក់ក្នុងចំណោម ៣៣ នាក់នៅលើផែនដី ត្រូវការជំនួយ ឬការការពារ។ តួលេខនេះកើនឡើង ៤០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០។
បើតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ការឆ្លងជំងឺកូវីដ ១៩ នៅលើពិភពលោក មានជាង ៦៣ លានករណី។ មនុស្សជិត ១ លាន ៥ សែននាក់ បានស្លាប់ដោយសារជំងឺនេះ និងរាប់សិបលាននាក់បានបាត់បង់ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេលនៃការបិទសកម្មភាពសង្គមដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺនេះ៕