ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​​អ.ស.ប.​សោកស្តាយ​ចំពោះ​​​​ «ចំណុច​គោល​​ដ៏​ឈឺចាប់»​ ដែល​កូវីដ​១៩​បាន​សម្លាប់​មនុស្ស​សរុប​១​លាន​នាក់


រូបឯកសារ៖ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​​នៅ​ទីស្នាក់ការ​សហភាព​អាហ្វ្រិក​ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​​នៅ​ទីស្នាក់ការ​សហភាព​អាហ្វ្រិក​ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

តាម​តួលេខ​របស់​សាកល​វិទ្យាល័យ Johns Hopkins​ ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ រហូត​មក​ដល់​ពេល​នេះ​ គឺ​មាន​ចំនួន​លើស​១លាន​នាក់​ហើយ​ ហើយ​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ពិភព​លោក​មាន​ចំនួន​ជាង​៣៣​លាន​នាក់។

ដោយ​គូស​បញ្ជាក់​នូវ​ការ​សោកស្តាយចំពោះ​ការ​ស្លាប់​១​លាន​នាក់ដោយ​កូវីដ១៩​នេះ​ ដែល​លោក​ហៅ​ថា​«ចំណុច​គោល​ដ៏​ឈឺចាប់»​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក ​Antonio Guterres បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ តស៊ូ​ជម្នះ​នូវ​ការ​ប្រឈមដោយ​សារ​ជំងឺ​ឆ្លង​រាតត្បាត​នេះ​ និង​សិក្សា​ដក​ពិសោធន៍​នូវ​កំហុស​ឆ្គងដែល​ខ្លួន​បាន​អនុវត្ត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ឆ្លង​រាតត្បាត​នេះ។​

លោក Guterres លើក​ឡើង​ថា៖ «ភាព​ជា​អ្នក​ដឹក​នាំ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ គឺ​ចាំបាច់​ណាស់។ វិទ្យាសាស្រ្ត​ចាំបាច់​ណាស់។ កិច្ច​សហ​ប្រតិបត្តិការ​ មាន​តម្លៃ​ខ្លាំង​ ហើយ​ការ​ផ្តល់​ព័ត៌មាន​ខុសនឹងធ្វើ​ឲ្យ​មានគ្រោះ​មហន្តរាយ​ដល់​ជីវិត»។ ​

​ជំងឺ​កូវីដ១៩​ ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ត្រូវ​គេ​ជឿ​ថា​ មាន​ប្រភព​ចេញ​មក​ពី​ទី​ក្រុង​វូហាន ប្រទេស​ចិន​កាល​ពី​ឆ្នាំ​ទៅ។​

ខណៈ​ដែលជំងឺ​រាតត្បាត​នេះ​បាន​មក​ដល់​ចំណុច​ដ៏​អាក្រក់នេះ​ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ តួលេខ​ពិត​ប្រាកដ​នៃ​អ្នក​ឆ្លង​និង​ស្លាប់​ អាច​ប្រហែល​មាន​ចំនួន​លើស​ពី​នេះ​ទៅ​ទៀត។​

លោក Mike Ryan​ អ្នក​ជំនាញ​ជាន់ខ្ពស់​នៃ​ការ​សង្គ្រោះ​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក WHO បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មានមួយ​ក្នុង​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីសក្នុង​ពេល​ថ្មីៗ​នេះ​ថា​ តួលេខ​ដែល​បាន​បង្ហាញ​នា​ពេល​បច្ចុប្បន្ន​នេះ​ អាច​ទាប​ជាង​ចំនួន​ពិត​ប្រាកដ​នៃ​អ្នកដែល​ឆ្លង​ជំងឺ​កូវីដ​១៩​ ឬ​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩​នេះ។

ចំនួន​អ្នក​ស្លាប់​១លាន​នាក់​នេះគឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ឆ្លង​ជាង​៣៣,២​លាន​នាក់​ នៅ​ជុំវិញ​ពិភពលោក​ ដែល​បាន​ឈឺ​ដោយ​សារ​ជំងឺ​នេះ ហើយ​មាន​សញ្ញាកើន​ឡើង​ដែល​ថា​ ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ ជិត​ទទួល​រង​ការផ្ទុះ​រាតត្បាតជំងឺ​កូវីដ​១៩ ក្នុង​រលក​ទី​២​ទៀតនៅ​ពេល​រដូវ​ត្រជាក់​ចូល​មក​ដល់​ ជា​ពិសេស​សហរដ្ឋ​អាមេរិក​ ដែលមាន​អ្នក​ឆ្លង​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​នានា​លើ​ពិភពលោក ដោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​ជាង​៧,១​លាន​នាក់ ដែល​ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន​ជាង​២០៥.០០០​នាក់។ ​

ចំណែក​ប្រទេស​ឥណ្ឌា​វិញ មាន​ចំនួនអ្នក​ឆ្លងកូវីដ១៩​បាន​កើន​សរុបដល់​៦លាន​នាក់​ហើយ​ កាល​ពី​ថ្ងៃ​ចន្ទ​ គឺ​ឈរ​ក្នុង​លំដាប់​ទី​២​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG