ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​អ.ស.ប.​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​ដែល​​ក្ស័យ​ធន កាត់​បន្ថយ​​ប្រាក់​ខែ​បុគ្គលិក


រូបឯកសារ៖ របងទ្វារដែលចាក់សោររបស់ទីស្នាក់ការនៃទីភ្នាក់ងារ UNRWA នៅទីក្រុងហ្គាហ្សា ក្នុងដែនដីរបស់ប្រទេសប៉ាឡេស្ទីន កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០។

ទីភ្នាក់​ងារអង្គការ​សហប្រជាជាតិខាង​ជួយ​សង្គ្រោះ​និង​កិច្ច​ការងារ​ ឬ U.N. Relief and Works Agency ហៅ​កាត់​ថា (UNRWA) និយាយ​ថា ខ្លួន​អស់​មូលធន​ ហើយនឹងបង្ខំ​ចិត្ត​កាត់បន្ថយប្រាក់​បៀវត្សរ៍​របស់​បុគ្គលិក​ចំនួន ២ ម៉ឺន ៨ ពាន់​នាក់​ សម្រាប់​រយៈពេល​សេសសល់​នៃ​ឆ្នាំ​នេះ ប្រសិន​បើ​ខ្លួនមិន​បាន​ទទួលប្រាក់ ៧០ លានដុល្លារ​នៅដំណាច់​ខែ​វិច្ឆិកាទេ​នោះ។

ទីភ្នាក់​ងារ UNRWA ​ផ្តល់​សេវាសំខាន់ៗសម្រាប់​ជន​ភៀសខ្លួនប៉ាឡេស្ទីនចំនួន ៥ លាន ៧​ សែននាក់ នៅទូទាំងតំបន់​មជ្ឈឹមបូព៌ា ដោយមាន​រួមបញ្ចូលម្ហូបអាហារ ​និង​ជំនួយ​ខាង​សុខភាព ការសិក្សា​អប់រំ​សម្រាប់​កុមារី​ និងកុមារា ៥ សែន​នាក់ ព្រមទាំងកិច្ច​ការពារ​ផង​ដែរ។

ទីភ្នាក់ងារ​នេះនិយាយ​ថា ការ​គ្មានមូលធន នៅ​ពេល​មាន​ការ​រាត​ត្បាត​ជា​សាកលនៃជំងឺ​កូវីដ១៩ ធ្វើ​ឱ្យ​មានស្ថានភាព​អាក្រក់​ជាងមុន ដែល​ពួក​ជន​ភៀសខ្លួន​ងាយរង​គ្រោះ​ទាំងនោះ ​ជួប​ប្រទះជា​រៀង​រាល់​ថ្ងៃ។​

អ្នកស្រី ​Tamara Alrifai ​អ្នកនាំ​ពាក្យនៃ​ទីភ្នាក់ងារ​ UNRWA និយាយ​ថា ​ទីភ្នាក់ងារ​របស់​អ្នកស្រីធ្វើការ​នៅជួរមុខ​នៃវិបត្តិនេះ ​ដោយ​ព្យាបាលអ្នក​ជំងឺ​និង​ថែ​រក្សា​ពួក​គេ ដោយ​សុវត្ថិភាព​នៅក្នុងមជ្ឈមណ្ឌលដាក់​ឱ្យ​នៅ​ដាច់​ពី​គេ។

អ្នកស្រី​បានថ្លែង​ថា​ ការ​ឆ្លង​ជំងឺ​នេះបានកើនឡើងក្នុង​ចំណោម​ក្រុម​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន គឺ​ពីចំនួនប្រមាណ ​២ រយ​នាក់ ​កាល​ពីខែ​កក្កដា​ រហូត​ដល់ ១ ម៉ឺន ៧​ ពាន់នាក់​ នៅ​ពេល​នេះ។ អ្នកស្រីបានពោល​ថា​ ការ​ខ្វះ​ខាត​ប្រាក់កាស​នាំ​ឱ្យ​មានការ​ពិបាក​ខ្លាំង ក្នុង​ការពិគ្រោះ​ជា​មួយ​ពេទ្យ​តាម​វីដេអូ​ពី​ចម្ងាយ​ ការ​ផ្តល់​ឱសថ​ដល់ផ្ទះ​ ការ​សិក្សា​អប់រំពី​ចម្ងាយសម្រាប់​ក្រុម​កុមារ ​និង​សេវាផ្សេងៗទៀត។

អ្នកស្រី Tamara Alrifai និយាយថា៖ «យើង​ខ្វល់ខ្វាយខ្លាំង​ណាស់អំពីស្ថានភាព​វិវត្តន៍​នេះ និង​អំពី​ការ​ពិត​ជាក់ស្តែង​ដែល​ថា ​ក្នុង​ពេល​តិច​ជាង ៥ ខែ​ អ្នកជំងឺកូវីដ១៩ បានកើនពី​ ២ រយ​នាក់​ ឡើង​ដល់ ១ ម៉ឺន ៧ ពាន់​នាក់ រួម​ទាំងពួក​បុគ្គលិក​នៃ​ទីភ្នាក់ងារ​ UNRWA ផងដែរ។​ ហើយ​ការណ៍​នេះ​នាំ​ឱ្យ​មានការ​ស្លាប់នៃ​បុគ្គលិក​ខ្លះ​របស់​យើង​ដ៏​សោក​សង្រេង​ថែម​ទៀត​ផង»។

អ្នកស្រី​ Tamara Alrifai​ និយាយថា​ ភាគច្រើន​នៃ​ក្រុម​បុគ្គលិក​ ២ ម៉ឺន ៨ ​ពាន់​នាក់ ​នៃទីភ្នាក់ងារ UNRWA ជា​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន។ អ្នកស្រី​ថ្លែង​ថា​ ពួក​គេ​ជា​ផ្នែកមួយ​នៃ​សហគមន៍​របស់​ពួក​គេ ហើយ​ប្រាក់​បៀវត្សរ៍​ពួក​គេ​ជួយធ្វើ​ឱ្យ​មាន​ស្ថិរភាព​ដល់​គ្រួសារ​ពួក​គេ និង​សហគមន៍​ធំៗ​ផង​ដែរ។

អ្នកស្រី​ Alrifai​ បាន​និយាយ​ទៀត​ថា៖ «ជាធម្មតា យើង​ចំណាយ​ ៥០ លាន​ដុល្លារ ​ក្នុង​មួយ​ខែ​សម្រាប់​ប្រាក់​បៀវត្សរ៍​ដល់មនុស្ស​ ២ ម៉ឺន ​៨ ពាន់​នាក់ ដែល​ផ្តល់​សេវាដល់​ជនភៀសខ្លួនប៉ាឡេស្ទីនចំនួន​ ៥ លាន ​៧ សែននាក់ ​នៅ​ក្នុង​តំបន់​នោះ។ បុគ្គលិក​ទាំង​នេះបានដឹងថា ​ស្ថានភាព​គឺមិននឹងនរ​ទេ​ ហើយ​ថា ​ទីភ្នាក់ងារ​ UNRWA ​បាន​រួម​ចំណែក​ក្នុងការ​ធ្វើឱ្យ​មាន​ស្ថិរភាព ​ប្រសិន​បើ​គ្រាន់តែផ្តល់​សេវា​ជា​មូលដ្ឋាន»។

អ្នកស្រី Tamara Alrifai និយាយថា ស្ថិរភាពនៅក្នុងតំបន់ គឺជាផលវិបាកមួយផ្នែកនៃវត្តមានរបស់ទីភ្នាក់ងារ UNRWA។ អ្នកស្រីបានពោលថា ទីភ្នាក់ងារនេះត្រូវការប្រាក់ ៧០ លានដុល្លារ នៅដំណាច់ខែវិច្ឆិកា ដើម្បីបើកប្រាក់បៀវត្សរ៍ពេញលេញឱ្យក្រុមបុគ្គលិកនៃទីភ្នាក់ងារ UNRWA ហើយអាចបន្តបេសកកម្មជួយជីវិតមនុស្ស៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG