លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមុនពេលគណបក្សនេះត្រូវរំលាយនោះបានរួចពីពន្ធនាគារនៅថ្ងៃសៅរ៍នេះ តាមព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសដោយព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ថ្ងៃទី២៥ ខែសីហានេះ។
ព្រះរាជក្រឹត្យលើកលែងទោសបានចែងថា៖ «ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ អ៊ុំ សំអាន ភេទប្រុស អាយុ៤០ឆ្នាំដែលត្រូវបានតុលាការសម្រេចទោសដាក់ពន្ធនាគារពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជនជាអាទិ៍ និងបទញុះញង់ឲ្យមានការរើសអើងតាមអំណាចតុលាការកំពូល»។
ព្រះរាជក្រឹត្យនេះបន្ថែមថា ព្រះរាជទានលើកលែងទោសនេះគឺយោងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលនៅសប្តាហ៍នេះបានប្រកាសលើកលែងទោសទ្រង់ទ្រាយធំ។
ដីកាបង្គ្រាប់របស់លោក រៀល សុភិន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញចុះថ្ងៃទី២៥ខែ សីហានេះបានសម្រេចបង្គាប់ឲ្យប្រធានមណ្ឌលកែប្រែ១ដោះលែងលោក អ៊ុំ សំអាន។
លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប ពេលលោកនៅជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាតិ កាលពីឆ្នាំ២០១៦។ លោកបានវិលត្រឡប់ពីស.រ.អា.ទៅកម្ពុជាវិញទោះបីជាលោកដឹងថា រដ្ឋាភិបាលនឹងចាប់ខ្លួនលោកក៏ដោយ៕