ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អ៊ុំ សំអាន​ប្តឹង​ឧទ្ធរណ៍​រឿង​សាលក្រម​កំបាំង​មុខ​របស់​តុលាការ​ក្រុង​ភ្នំពេញ


រូបឯកសារ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​សន្តិសុខ​មន្ទីរ​ឃុំឃាំង​នាំ​ខ្លួន​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ថ្លែង​ថា​ រឿង​ក្តីក្តាំ​របស់​សកម្មជន​ និង​ក្រុម​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​នឹង​អូស​បន្លាយ​ជា​ច្រើន​ខែ​ទៅ​មុខ​ទៀត​ ប្រសិន​បើ​មេដឹកនាំ​នៃ​​គណបក្ស​ជាប់​ឆ្នោត​ក្នុង​សភា​ គ្មាន​ឆន្ទៈ​នយោបាយ​​ រក​ច្រក​បំបែក​ជម្លោះ​បច្ចុប្បន្ន​ ដែល​បាន​ជះ​ឥទ្ធិពល​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

អ្នក​តំណាងរាស្ត្រ​ អ៊ុំ​ សំអាន​ បាន​ស្នើ​ឲ្យ​ក្រុម​មេធាវី​ការពារ​ក្តី​លោក​ប្តឹង​ប្រឆាំង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​និង​៦ខែ។​ អ្នក​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ មើល​មិន​ឃើញ​ច្រក​សេរីភាព​សម្រាប់តំណាងរាស្ត្រ​សកម្មជន​ និង​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ នៅ​គ្រា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ និង​គ្រប់គ្រង​ប្រទេស​ មិន​អាច​ផ្តល់​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​វិល​មក​កាន់​ការ​ចរចា​នោះ។​

មេធាវី​ការពារ​ក្តី​លោក​ អ៊ុំ​ សំអាន​ អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ បាន​សម្រេច​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​កំបាំង​មុខ​របស់​សាលា​ដំបូងរាជធានី​ភ្នំពេញ​ ដែល​បាន​កាត់ទោស​អ្នក​តំណាងរាស្ត្រ​ដែល​មាន​សញ្ជាតិ​អាមេរិកាំងរូប​នេះ​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ ២​ឆ្នាំ​ និង​៦​ខែ។​ នេះ​បើ​យោង​តាម​ពាក្យ​បណ្តឹង​ឧទ្ធរណ៍មេធាវី​ចុះ​ថ្ងៃ​ទី​២០​ ​ខែ​តុលា​នេះ។​

ក្នុង​ការ​កាត់​ទោស​លោក​ អ៊ុំ សំអាន​ អ្នកតំណាងរាស្រ្ត​មណ្ឌល​ខេត្ត​សៀមរាប​ដែល​ធ្វើឡើង​កាល ពី​ថ្ងៃ​ទី​១០​ ខែ​តុលា​ តុលាការ​ក្រុង​ភ្នំពេញ​ ក៏​បាន​តម្រូវ​ឲ្យ​លោក​បង់​ពិន័យ​ជា​ប្រាក់​ ៤.០០០.០០០ (បួន​លាន) ​រៀល​ ឬ​ប្រមាណ​ជា​១.០០០​ដុល្លារ​អាមេរិក​ពី​បទ​ «ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ និង​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង»។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ថ្លែង​ថា​ រឿង​ក្តីក្តាំ​របស់​សកម្មជន​ និង​ក្រុម​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​នឹង​អូស​បន្លាយ​ជា​ច្រើន​ខែ​ទៅ​មុខ​ទៀត​ ប្រសិន​បើ​មេដឹកនាំ​នៃគណបក្ស​ជាប់​ឆ្នោត​ក្នុង​សភា​ គ្មាន​ឆន្ទៈ​នយោបាយ រក​ច្រក​បំបែក​ជម្លោះ​បច្ចុប្បន្ន​ ដែល​បាន​ជះ​ឥទ្ធិពល​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ជួង​ ជូងី​ មេធាវី​តំណាង​ឲ្យ​លោក​ អ៊ុំ សំអាន​ ប្រាប់​ VOA​ ថា​ ក្រុម​មេធាវីមិន​ភ្ជាប់​រឿង​នយោបាយ​នឹង​ការ​តស៊ូផ្លូវច្បាប់​ ដើម្បី​ជួយ​កូន​ក្តីនោះ​ទេ ហើយ​យុត្តិធម៌​អាច​កើត​មាន​ទៅ​បាន​ គឺ​អាស្រ័យ​ទៅ​លើ​ការ​ពិចារណា​របស់​អំណាច​តុលាការ​តែប៉ុណ្ណោះ។​

«ខ្ញុំ​អត់​ពិចារណា​ រឿង​ហ្នឹង​ទេ​ គឺ​អ្វី​ដែល​យើង​ជា​មេធាវី​ធ្វើ​ យើង​ធ្វើ​ឲ្យ​អស់​ទៅ ហើយ​ចំពោះ​យ៉ាង​ហ្នឹង​ គឺ​ជា​កិច្ច​ការ​របស់​តុលាការ»។​

ក្រុម​មេធាវី​តំណាង​ឲ្យ​លោក​ អ៊ុំ សំអាន​ មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​អង្គ​សវនាការ​ ដែល​ធ្វើ​ឡើង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ហេតុ​ថា​ ដំណើរ​ការ​កាត់​ក្តី​ត្រូវ​បាន​ធ្វើ​ឡើង​មិន​ស្រប​តាម​លំនាំ​ច្បាប់​ត្រឹម​ត្រូវ​ នៅ​គ្រា​លោក​ អ៊ុំ សំអាន ដែល​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​អង្គ​សវនាការ​ផង​ដែរ​នោះ​ នៅ​មាន​អភ័យ​ឯកសិទ្ធិ​សភា​នៅ​ឡើយ។​

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេតអង្គការ​ការពារ​សិទិ្ធ​មនុស្ស​លីកាដូ​ ប្រាប់​ ​VOA ​ថា​ មេដឹកនាំ​គណបក្ស​នយោបាយ​ដែល​ទទួល​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ​ឲ្យ​ធ្វើ​ច្បាប់​ក្នុង​សភា​ ត្រូវ​ផ្តួចផ្តើម​ឲ្យ​មាន​ការ​ចរចា​ ​ដោយ​សន្តិវិធី​ ដើម្បី​បញ្ចប់​វិបត្តិ​នា​ពេល​បច្ចុប្បន្ន​ ដែល​លោក​យល់​ថា​ អាចសម្រួល​ឲ្យ​មាន​ការ​ដោះ​លែង​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។​

​លោក​អះអាង​ថា​ ជម្លោះ​ដែល​អូស​បន្លាយ​មក​ជាច្រើន​ខែ​ ក៏​បាន​ធ្វើ​ឲ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ផង​ដែរ។​

លោក​ អំ សំអាត​ បញ្ជាក់​ថា៖​

​«យើង​តែង​តែ​ឃើញ​ហើយ​នៅ​ពេល​វិបត្តិ​នយោបាយ​ ឬ​ក៏​បញ្ហា​នយោបាយ​ជាប់​គាំង​ ឬ​ក៏​តាន​តឹង​ ​ឃើញ​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​វា​ធ្លាក់​ចុះ​ទៅតាម​ហ្នឹង។​ អញ្ចឹង​បាន​ថា​ ចង់​ឲ្យ​អ្នក​នយោបាយ​គាត់ដោះ​ស្រាយ​គ្នា​តាម​អ្នកនយោបាយ​ កុំ​យក​ប្រជាពលរដ្ឋ​ឬក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព​ ​ឬក៏​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​បាទ»។​

អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការកត់​សម្គាល់​ពី​ជម្លោះ​នយោបាយ​ដែល​មាន​ឥទ្ធិពល​លើបញ្ហា​សិទ្ធិ​មនុស្ស​នេះ។

​លោក​ស្រី​ រ៉ូណា​ ស្មីត​ (Rhona Smith)​ ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ក្នុង​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​១០​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក​ស្រី​សោក​ស្តាយ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​នយោបាយ​ ចាប់​តាំង​ពី​បេសកកម្ម​ចុង​ក្រោយ​របស់​លោក​ស្រី​នៅ​ក្នុង​ខែ​មីនា។​ ​

ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​នៃ​ស្ថាន​ភាព​នយោបាយ​នេះ​ លោកស្រី​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​ពីរ​ តាម​រយៈ​អន្តរការី​ជា​ការ​ចាំបាច់​ ស្វែង​រក​ឱកាស​សម្រាប់​ធ្វើ​ការងារ​ប្រកប​ដោយ​ផលិតភាព​ជាមួយ​គ្នា។

​បណ្តឹង​ឧទ្ធរណ៍​របស់​លោក​ អ៊ុំ​ សំអាន បាន​ធ្វើ​ឡើង​ ​នៅ​ស្រប​ពេល​ដែល​តុលាការ​កំពូល​បាន​កំណត់​កាល​បរិច្ឆេទ បើក​សវនាការ​សម្រេច​បណ្តឹង​សាទុក្ខ​របស់​ លោក កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្សសង្គ្រោះ​ជាតិ​ ពី​បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន។​ នេះ​បើ​យោង​តាម​ដីកា​កោះ​ហៅ​របស់​អយ្យការ​តុលាការកំពូល។​ អយ្យការ​បាន​បង្គាប់​ឲ្យ​លោក​ កឹម សុខា​ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាមចូលរួម​ក្នុង​អង្គសវនាការ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ​ខែ​តុលា​ ខាង​មុខ​នេះ។​ ​

ការ​កាត់​ទោស​លោក​ អ៊ុំ សំអាន​ ត្រូវ​គេ​ដឹង​ថា​ បាន​កើត​ឡើង ក្រោយ​ពី​ការ​ស៊ើប​អង្កេត​របស់​ស្ថាប័ន​តុលាការ​ទៅ​លើ​ការ​អធិប្បាយ​នានា​របស់​លោក អ៊ុំ សំអាន ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​ផែនទី​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​ ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៥៕​ ​

XS
SM
MD
LG