ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អ៊ុំ សំអាន​ត្រូវ​កាត់​​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ​ដោយ​សារ​ការ​រិះ​គន់​ក្នុង​ហ្វេសប៊ុក


រូបឯកសារ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​សន្តិសុខ​មន្ទីរ​ឃុំឃាំង​នាំ​ខ្លួន​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​បាន​សម្រេច​ផ្តន្ទា​ទោស លោក​អ៊ុំ​ សំអាន ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​និង​៦​ខែ​ ហើយ​ត្រូវ​បង់​ពិន័យ​ប្រាក់​ចំនួន​៤​លាន​រៀល​ (១.០០០​ដុល្លារ​អាមេរិក)​ ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»។

អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​លោក​ អ៊ុំ សំអាន​ មិន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកាស​សាលក្រម​កាត់​ទោស​រូបលោក​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​កន្លះ។ ក្រុម​មេធាវី​ការពារ​ក្តី​អ្នក​តំណាងរាស្ត្រ​រូប​នេះ​ចាត់​ទុក​ការ​កាត់​ទោស​នេះ​ថា មាន​លក្ខណៈ​អាក្រក់​ខ្លាំង​ និង​ត្រៀម​ប្តឹង​ទៅ​សាលាឧទ្ធរណ៍។

​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​បាន​សម្រេច​ផ្តន្ទា​ទោស លោក​អ៊ុំ​ សំអាន ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​និង​៦​ខែ​ ហើយ​ត្រូវ​បង់​ពិន័យ​ប្រាក់​ចំនួន​៤​លាន​រៀល​ (១.០០០​ដុល្លារ​អាមេរិក)​ ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»។​ នេះ​បើ​យោង​ទៅ​តាម​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ។​

​ការ​កាត់​ទោស​លោក​អ៊ុំ​ សំអាន ​ដោយ​កំបាំង​មុខ​នេះ​ ធ្វើ​ឡើង​ប្រហែល​ជា​៣០​នាទី​នៅ​ក្នុង​បន្ទប់​អង្គ​សវនាការ ​ដោយ​មាន​លោក​ចៅក្រម​ ហេង​ សុខណា អាន​សាលក្រម ដោយ​មិន​មាន​វត្តមាន​លោក​ អ៊ុំ​ សំអាន​ និង​មេធាវី​របស់​អ្នកតំណាងរាស្ត្រ​នេះ​ទេ។

លោក​ ហែម សុជាតិ មេធាវី​ការពារ​ក្តី​លោក​ អ៊ុំ​ សំអាន​ បាន​បា្រប់​ VOA​ ថា​ ការ​កាត់​ទោស​កូន​ក្តី​លោក​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ដោយ​លោក​ពន្យល់​ថា៖​

«អញ្ចឹង​ការ​កាត់​ក្តី​របស់​សាលាដំបូង​នេះ​ គឺ​វា​មាន​ការ​ដាក់​ទោស​នេះ​ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​សម្រាប់​កូន​ក្តី​ខ្ញុំ​ណាស់​ បើ​សិន​ណា​ជា​យើង​ប្រៀប​ធៀប​ទៅ​អ្នក​ដែល​វាយ​តំណាងរាស្ត្រ​ ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​ដល់​តំណាងរាស្ត្រ​ពីរ​បី​នាក់​ ហើយ​តុលាការ​ដាក់​ទោស​តែ​មួយ​ឆ្នាំ​ ហើយ​អ្នក​តំណាងរាស្ត្រ​ដែល​មាន​អភ័យឯកសិទ្ធិ​បញ្ចេញ​ទស្សនៈ​ដើម្បី​ការពារ​ទឹកដី​ ​ការពារ​ប្រយោជន៍​របស់​ខ្មែរ​ បែរ​ទៅ​ជាប់​គុក។ រឿង​នេះ​វា​អយុត្តិធម៌​សម្រាប់​កូន​ក្តី​ខ្ញុំ​ខ្លាំង​ណាស់​បាទ»។

រូបឯកសារ៖ លោក ហែម សុជាតិ មេធាវី​ការពារ​ក្តី​ឲ្យ​លោក អ៊ុំ សំអាន និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយពី​ការប្រកាសសាលដីកា​នៅ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ ២០១៦។
រូបឯកសារ៖ លោក ហែម សុជាតិ មេធាវី​ការពារ​ក្តី​ឲ្យ​លោក អ៊ុំ សំអាន និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយពី​ការប្រកាសសាលដីកា​នៅ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ ២០១៦។

លោក​បញ្ជាក់​ថា​ ក្រុម​មេធាវី​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​សវនាការ​កាត់​ទោស​លោក​ អ៊ុំ​ សំអាន ​តាំង​ពី​ដើម​ដំបូង​មក​ ដោយ​ក្រុម​មេធាវី​យល់​ថា​ តុលាការ​បាន​បំពាន​លើ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ ដែល​និយាយ​ពី​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាងរាស្រ្ត។​ លោក​បន្ថែម​ថា​ ក្រុម​មេធាវី​បាន​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​ទៅ​លើ​អ្វី​ទៅ​ដែល​ហៅ​ថា​ បទល្មើស​ជាក់ស្តែង​ និង​ថា​តើ​ការ​អធិប្បាយ​បញ្ចេញមតិ​លើ​បណ្តាញ​សង្គម​មាន​ទោស​ឬ​យ៉ាង​ណា។​ លោក​ថា​ តុលាការ​យ៉ាងណា​ក៏ដោយ​ច្រាន​ចោល​ការ​ស្នើ​សុំ​របស់​ក្រុម​មេធាវី។​

VOA​ មិន​អាច​ទាក់​ទង​លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ។​

លោក ​អ៊ុំ ​សំអាន ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មេសា នៅ​ខេត្ត​សៀមរាប ក្រោយ​ពី​លោក​បាន​វិល​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក​វិញ។

លោក​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ​បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ​អធិប្បាយ​នានា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​ផែនទី​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៥។​

ការ​ចាប់​ខ្លួន​លោក​ អ៊ុំ​ សំអាន​ បាន​កើតឡើង​ បន្ទាប់​ពីការ​ព្រមាន​ចាប់​ខ្លួន​ពី​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ សែន​ ដែល​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ។

លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បាន​ប្រាប់​ VOA​ ថា​ តុលាការ​ត្រូវ​តែ​កាត់​ទោស​បញ្ចប់​នីតិវិធី​លើ​សំណុំ​រឿង​លោក​ អ៊ុំ សំអាន ហើយ​ថា​ ការ​លើក​លែង​ទោស​អ្នក​តំណាងរាស្ត្រ​រូប​នេះ​ ឬ​ក៏​មន្ត្រី​គណបក្ស​ប្រឆាំង​ផេ្សង​ទៀត​ បាន​ឬ​យ៉ាង​ណា​ គឺ​អាស្រ័យ​លើ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។

«ដំណោះស្រាយ​វា​អាស្រ័យ​ទៅ​លើ​ស្ថានការណ៍​នយោបាយ​ បើ​សិន​ជា​នយោបាយ​បាន​ធូរស្រាល​ ពេល​នោះ​ខ្ញុំ​គិត​ថា​ ការ​សុំ​លើក​លែង​ទោស​ពី​មហាក្សត្រ​អី​ ​នឹង​អាច​កើត​មាន។​ បើ​សិន​ជា​ស្ថានភាព​នយោបាយ​នៅ​តានតឹង​ យើង​ពិបាក​សម្លឹង​មើល​នូវ​ស្អី​ដែល​ជា​ការ​វិវត្ត​វិជ្ជមាន​នៅ​ពេល​ខាង​មុខ​បាទ»។​

លោក ​អ៊ុំ សំអាន​ គឺ​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​មណ្ឌល​ខេត្ត​សៀមរាប​ដែល​សកម្ម​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​អំពី​ការ​ប្រើប្រាស់​ផែនទី សម្រាប់​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។​ មុន​ពេល​ចាប់​ខ្លួន​ លោក​បាន​ចំណាយ​ពេល​មួយ​រយៈ​នៅ​ឯ​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វែង​រក​ឯកសារ​ផែនទី​ សម្រាប់​ផ្ទៀងផ្ទាត់​ជា​មួយ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើ​ក្នុង​ការ​កំណត់​ខណ្ឌសីមា​កម្ពុជា​វៀតណាម។​

ក្នុង​សំណុំ​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​ដដែល​នេះ​ លោក​ ហុង​ សុខហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ជំទាស់​ ក៏​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ថា ​បាន​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង ​និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​ឆ្នាំ​១៩៧៩។​

ឯកសារ​ដែល​មន្ត្រី​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ជា​ការ​បញ្ចេញ​មតិ​ការពារ​បូរណភាព​ដែនដី​នោះ ត្រូវ​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ដើម​ចម​នាំ​ឲ្យ​តុលាការ​ចោទ​ប្រកាន់​លោក សម រង្ស៊ី ​ពី​បទ​សម​គំនិត​ក្នុង​បទ​ល្មើស​នេះ​ផង​ដែរ។​

ក្រុម​មេធាវី​ការពារ​ក្តី​លោក​ អ៊ុំ​ សំអាន ​និយាយ​ថា​ ពួក​គេ​គ្រោង​នឹង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​តវ៉ា​ទម្លាក់​ចោល​ការ​កាត់​ទោស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​ ការ​កាត់​ទោស​លោក​ អ៊ុំ​ សំអាន​ បាន​កើត​ឡើង​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា។

​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​អះអាង​ថា​ ពួកគេ​មិន​ចូល​សភា​ ដោយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ និង​សន្តិសុខ​ផ្ទាល់​ខ្លួន។​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​សុក្រ​ គឺ​នៅ​គ្រា​សភា​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​លោក​ថា៖

«ទោះ​មាន់​មិន​រងាវ​ ក៏​ព្រះ​អាទិត្យ​នៅ​រះ​ដដែល ​ព្រោះ​មិន​មែន​ជា​ចំណាប់​ខ្មាំង​របស់​ក្រុម​ណា​មួយ​នោះ​ទេ»៕

XS
SM
MD
LG