ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​មាន​គម្រោង​នឹង​បើក​ការ​វាយបក​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី​វិញ


ទាហាន​អ៊ុយក្រែន​បើក​រថក្រោះ​សំដៅ​ទៅ​ក្រុង Bakhmut នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មីនា ឆ្នាំ​២០២៣។
ទាហាន​អ៊ុយក្រែន​បើក​រថក្រោះ​សំដៅ​ទៅ​ក្រុង Bakhmut នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មីនា ឆ្នាំ​២០២៣។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និយាយ​ថា ​យោធា​អ៊ុយក្រែន​ មាន​គម្រោង​នឹង​ធ្វើ​ការ​វាយបក​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី ប៉ុន្តែ​ត្រូវការ​ការ​ជួយ​ពី​បណ្តាប្រទេស​ក្បែរ​ខាង​អឺរ៉ុប​របស់​ខ្លួន។

លោក​បាន​ព្រមាន​ដល់ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា៖ «ប្រសិន​បើ​អឺរ៉ុប​រង់ចាំ​នោះ ក្រុម​សត្រូវ​បីសាច​នឹង​មាន​ពេល​ក្នុង​ការរៀបចំ​កម្លាំង​ឡើង​វិញ​និង​ត្រៀម​ខ្លួន​ធ្វើសង្គ្រាម​រយៈពេល​រាប់​ឆ្នាំ​ទៀត»។

នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ដែល​ត្រូវ​ធ្វើ​ឡើង​តាមរថភ្លើង​នោះ លោក Zelenskyy បាន​ស្នើ​ដល់​មេដឹកនាំសហភាព​អឺរ៉ុប​ឱ្យពង្រីក​និងបង្កើន​ល្បឿន​ក្នុង​ការ​ផ្តល់​អាវុធ​និង​គ្រាប់​រំសេវ​ដល់​ប្រទេស​អ៊ុយក្រែន​ដើម្បី​ប្រើប្រាស់​ក្នុងយុទ្ធនាការ​ប្រយុទ្ធរបស់​ខ្លួន​ដើម្បីបណ្តេញ​ក្រុមកងកម្លាំង​ឈ្លានពាន​រុស្ស៊ីចេញ​ពី​ប្រទេស​អ៊ុយក្រែន។

មេដឹកនាំ​សហភាព​អឺរ៉ុប​បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងដែល​មាន​តម្លៃ​២ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដោយ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយក្រុម​រដ្ឋមន្ត្រី​ការបរទេស​និង​ការពារ​ជាតិ​សហភាព​អឺរ៉ុប​កាល​ពី​ដើម​សប្ដាហ៍​នេះ។ កិច្ចព្រមព្រៀង​នេះ​ បាន​ស្នើ​ឱ្យមាន​ការ​បញ្ជូនគ្រាប់រំសេវដែល​មានស្រាប់​ក្នុង​ឃ្លាំង​ និង​ស្នើ​ដល់​ប្រទេស​សហភាព​អឺរ៉ុប​ទាំង​អស់​ត្រូវ​ធ្វើការ​រួម​គ្នា​ ក្នុង​ការ​បញ្ជា​ទិញគ្រាប់​រំសេវ​ជា​ថ្មី​បន្ថែម​ទៀត។

មេបញ្ជាការ​ជាន់​ខ្ពស់​នៃ​កងទ័ព​ជើង​គោក​អ៊ុយក្រែននិយាយ​ថា​ការ​ប៉ុនប៉ង​ដើម្បី​ដណ្ដើម​កាន់កាប់​ទីក្រុង​ Bakhmut របស់​កងកម្លាំង​រុស្ស៊ី​ កំពុងត្រូវ​បាន​រាំង​ខ្ទប់​ ហើយ​ការ​រង់ចាំ​ជា​យូរ​មក​ហើយ​ ក្នុង​ការ​វាយបក​ប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ី​ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters

XS
SM
MD
LG