មេដឹកនាំសហភាពអឺរ៉ុបត្រូវគេរំពឹងថានឹងផ្តល់ការយល់ព្រមនៅថ្ងៃព្រហស្បតិ៍នេះ លើផែនការមួយ ដើម្បីបង្កើនល្បឿនការដឹកជញ្ជូនគ្រាប់រំសេវទៅឱ្យកងកម្លាំងអ៊ុយក្រែន ដែលកំពុងប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ី។
ផែនការដែលមានទឹកប្រាក់ចំនួន២ពាន់លានដុល្លារនេះ ទទួលបានការគាំទ្រកាលពីដើមសប្តាហ៍នេះ ដោយក្រុមរដ្ឋមន្ត្រីការបរទេសនិងការពារជាតិរបស់សហភាពអឺរ៉ុប។ ផែនការនេះអំពាវនាវឱ្យមានការបញ្ជូនគ្រាប់រំសេវដែលមានក្នុងឃ្លាំងស្រាប់ ក៏ដូចជាប្រទេសសហភាពអឺរ៉ុបទាំងអស់ធ្វើការរួមគ្នាដើម្បីដាក់ការបញ្ជាទិញគ្រាប់ថ្មីបន្ថែមទៀត។
មេដឹកនាំអ៊ុយក្រែន បានប្រាប់ក្រុមសម្ព័ន្ធមិត្តបស្ចិមប្រទេសថា កងយោធាអ៊ុយក្រែនកំពុងត្រូវការជាបន្ទាន់នូវគ្រាប់រំសេវបន្ថែមទៀត ពិសេសគ្រាប់កាំភ្លើងផ្លោង១៥៥មីល្លីម៉ែត្រ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មានគម្រោងនឹងចូលរួមជាមួយមេដឹកនាំសហភាពអឺរ៉ុបក្នុងកិច្ចប្រជុំអាហារថ្ងៃត្រង់មួយនៅថ្ងៃព្រហស្បតិ៍នេះ ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានគម្រោងនឹងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅពេលបន្ទាប់មកនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។
កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីក្រុមអាជ្ញាធរអ៊ុយក្រែននិយាយថា ការវាយប្រហារដោយមីស៊ីលនិងដ្រូនជាថ្មីរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៧នាក់ដែរ នៅក្នុងទីក្រុង២របស់អ៊ុយក្រែននោះ។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Joseph Borrell បានបង្ហោះសារលើបណ្តាញ Twitter ដោយគូសបញ្ជាក់ពីការគាំទ្ររបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានគាំទ្រសេចក្តីព្រាងផែនការសន្តិភាពមួយក្នុងប្រទេសអ៊ុយក្រែន ដែលបានស្នើឡើងដោយប្រទេសចិន ដោយលោកបានបង្ហោះរូបភាពនៃការទទួលស្វាគមន៍របស់លោក Putin ជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងសប្តាហ៍នេះ ទន្ទឹមគ្នាជាមួយរូបភាពនៃការវាយប្រហាររបស់រុស្ស៊ីផងដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារព័ត៌មាន AP, AFP, និង Reuters