ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ធ្វើ​ដំណើរ​ទៅ​អ៊ុយក្រែន​ដើម្បី​បង្ហាញ​សាមគ្គីភាព​ក្នុង​ពេល​សង្គ្រាម


ក្នុង​រូប​ដែល​ត្រូវ​បាន​ថត​និង​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​អ៊ុយក្រែន​នៅ​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បង្ហាញ​ពី​អនុ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​អ្នកស្រី Emine Dzhaparova (ស្តាំ) ដើរ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក Fumio Kishida (កណ្តាល) នៅ​ពេល​លោក​ទៅ​ដល់​ទីក្រុង​កៀវ។
ក្នុង​រូប​ដែល​ត្រូវ​បាន​ថត​និង​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​អ៊ុយក្រែន​នៅ​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បង្ហាញ​ពី​អនុ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​អ្នកស្រី Emine Dzhaparova (ស្តាំ) ដើរ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក Fumio Kishida (កណ្តាល) នៅ​ពេល​លោក​ទៅ​ដល់​ទីក្រុង​កៀវ។

នាយក​រដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida បាន​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​អង្គារ​នេះ​ទៅកាន់​រដ្ឋធានី​កៀវនៃ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ក្នុង​ការបង្ហាញ​ការគាំទ្រ​ដែល​បាន​កើត​មាន​ឡើង​នៅពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​មេដឹកនាំ​ចិន​លោក Xi Jinping។

ក្រសួង​ការបរទេស​ជប៉ុន​បាន​និយាយ​ថា​ ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក Kishida នឹង​«បង្ហាញ​ការគោរព​ដល់​សេចក្តីអង់អាច​ក្លាហាន​និង​ការអត់ធ្មត់​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ដែល​កំពុង​ក្រោកឈរ​ដើម្បី​ការពារ​មាតុភូមិ​របស់​ខ្លួន​នៅ​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី Zelenskyy និង​បង្ហាញ​សាមគ្គីភាព​និង​ការគាំទ្រ​ឥតងាករេ​ចំពោះ​អ៊ុយក្រែនដោយ​មេដឹកនាំ​ជប៉ុន​និង​ប្រធាន​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ជាង​គេ​ទាំង៧​នៅលើ​ពិភពលោក ​ឬ G-7»។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ជប៉ុន​ក៏​បាន​បញ្ជាក់​ដែរ​ថា ​លោក Kishida នឹង​សម្តែង​នូវ​ការច្រានចោល​របស់​ជប៉ុន​ចំពោះ​«ការផ្លាស់ប្តូរ​ស្ថានភាព​ដោយ​ភាគី​តែម្ខាង​របស់​រុស្ស៊ី​ដោយការ​ឈ្លានពាន​និង​ប្រើ​កម្លាំង»។

លោក Kishida ជា​មេដឹកនាំ​ពិភពលោក​ថ្មីៗ​បំផុត​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​សង្គ្រាម​ចាប់តាំង​ពី​រុស្ស៊ី​បាន​ចាប់ផ្តើម​ការឈ្លានពាន​ពេញទំហឹង​របស់​ខ្លួន​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២២​ មក។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ឧបករណ៍​និង​គ្រាប់​រំសេវ​ដែល​មាន​តម្លៃ៣៥០លាន​ដុល្លារ​ដែល​ជា​កញ្ចប់​ជំនួយ​ថ្មីៗបំផុត​របស់​ខ្លួន​ដល់​ប្រទេស​អ៊ុយក្រែន​នៅពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​និង​ការពារ​ជាតិ​របស់​សហភាព​អឺរ៉ុប​ធ្វើ​ផែនការដើម្បី​ផ្គត់ផ្គង់​គ្រាប់​រំសេវ​ឱ្យ​អ៊ុយក្រែន ​ខណៈដែល​បន្ថែម​គ្រាប់​រំសេវ​របស់​ខ្លួន​នៅ​ក្នុង​ឃ្លាំង។

មន្ត្រី​យោធា៣រូប​បានប្រាប់​វីអូអេ​ថា​ កញ្ចប់​ជំនួយ​នោះ​រួមមាន​រ៉ុក្កែត​បាញ់ពី​ដី​ទៅ​ដី​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ប្រព័ន្ធ HIMARS របស់​ប្រទេស​អ៊ុយក្រែន គ្រាប់​កាំភ្លើងត្បាល់១៥៥មីល្លីម៉ែត្រ​សម្រាប់​កាំភ្លើង Howitzers និង​កាំភ្លើង​ត្បាល់២៥មីល្លីម៉ែត្រ។

បើ​តាម​ពួក​មន្ត្រី គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​សម្រាប់​ប្រព័ន្ធ HIMARS មិន​ត្រូវ​បាន​រួមបញ្ចូល​នៅ​ក្នុង​កញ្ចប់​កម្មវិធី​នេះ​ទេ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG