ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​បង្ហាញ​ក្តី​រំពឹង​ថា​ នឹង​មាន​ការ​បន្ត​ជំនួយ​​ពី​សហរដ្ឋ​អាមេរិក​ទៀត​​


រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba (ទី២ ពីឆ្វេង) ធ្វើទស្សនកិច្ចនៅ Memory Wall of Fallen Defenders of Ukraine ក្នុងទីក្រុង Kyiv ថ្ងៃទី 1 ខែតុលា ឆ្នាំ 2023។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba (ទី២ ពីឆ្វេង) ធ្វើទស្សនកិច្ចនៅ Memory Wall of Fallen Defenders of Ukraine ក្នុងទីក្រុង Kyiv ថ្ងៃទី 1 ខែតុលា ឆ្នាំ 2023។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ លោក Dmytro Kuleba ​និយាយនៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោកជឿ​ថាសហរដ្ឋ​អាមេរិក​ នឹង​នៅតែអាច​ស្វែង​រក​ដំណោះស្រាយ​ចាំបាច់​ ដើម្បី​បន្ត​ការ​គាំទ្រ​ផ្នែក​យោធា​ដល់​ប្រទេស​អ៊ុយក្រែន។​

ថ្លែងប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ជាមួយ ប្រធាន​គោលនយោបាយ​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប​ លោក​ Josep Borrell លោក Kuleba ​និយាយ​ថា​ អ៊ុយក្រែន​មានការ​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​ជា​មួយសមាជិក​សភា​អាមេរិក​ទាំង​ពីរ​គណបក្ស​គឺ​បក្សសាធារណរដ្ឋ​និងបក្ស​ប្រជាធិបតេយ្យ។​

លោក​បាន​ពណ៌នា​ពី​ការសម្រេច​ចិត្ត​របស់​សមាជិក​សភា​អាមេរិក​ ដែល​មិនដាក់​បញ្ចូល​ថវិកាគាំទ្រ​ដល់​អ៊ុយក្រែន​ក្នុង​ច្បាប់​ថវិកា​បណ្តោះអាសន្ន​របស់​ខ្លួន ដែលត្រូវ​បាន​អនុម័ត​កាលពី​សៅរ៍​កន្លង​ទៅ​នេះ​ ដើម្បី​បញ្ចៀស​ការបិទ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នោះ គឺ​ជា​ «ឧប្បទ្វហេតុ»​មួយ​ មិន​មែន​ជា​ការ​ផ្លាស់​ប្តូរ​ក្នុង​ប្រព័ន្ធសម្រាប់​ការ​គាំទ្រ​នោះ​ឡើយ។ ​

ចំណែក​ឯ​ លោក Borrell​ វិញ​ ដែលកំពុង​ដឹកនាំ​កិច្ចប្រជុំមួយ​ នៃ​ក្រុម​ប្រឹក្សា​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប​ក្នុង​រដ្ឋធានី​កៀវ​នៅ​ថ្ងៃ​ចន្ទ​នេះនិយាយ​ថា​ លោក​ជឿថា នឹង​មាន​ដំណោះស្រាយ​មួយ​ ក្នុង​ការបន្ត​ជំនួយ​សហរដ្ឋ​អាមេរិក​មក​ឱ្យ​អ៊ុយក្រែនទៀត។​ ​

ច្បាប់​ថវិកា​បណ្តោះអាសន្ន​អាមេរិក​ ដែល​ឱ្យ​មានការ​បើក​រដ្ឋាភិបាល​បន្តរហូត​ដល់​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ខាង​មុខ​នេះ បាន​ដក​ចេញ​ចំនុចនៃ​ការ​ផ្តល់​ជំនួយ​បន្ថែម​ដល់​ប្រទេស​អ៊ុយក្រែន​ ដែល​ជា​អាទិភាព​មួយ​របស់​សេតវិមាននិង​ត្រូវ​បាន​ប្រឆាំង​កាន់តែ​ខ្លាំង​ឡើង​ដោយ​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ។​

នៅ​ក្នុង​សុន្ទរកថា​របស់​ខ្លួន​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy ​និយាយ​ថា​ ​គ្មាន​អ្វី​ដែល​នឹង​ធ្វើ​ឱ្យអ៊ុយក្រែនចុះខ្សោយពីការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រុស្ស៊ី​នោះ​ឡើយ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ​Joe Biden​ បាន​ជំរុញ​កាល​ពី​ថ្ងៃ​អាទិត្យ​ ឱ្យ​សមាជិក​សភា​អាមេរិក​ខាង​បក្ស​សាធារណរដ្ឋ​គាំទ្រ​ច្បាប់​មួយ ​ដើម្បី​ផ្តល់ការ​គាំទ្រ​បន្ថែម​ដល់​ប្រទេស​អ៊ុយក្រែន​ ​ដោយ​លោក​លើក​ឡើង​ថា​ លោក​មានការ​ធុញ​ទ្រាន់ខ្លាំងនឹងនយោបាយ​ដ៏​គ្រោះថ្នាក់​ ដែល​ស្ទើរ​តែ​នាំ​ទៅ​ដល់​ការ​បិទ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​៕​ ​

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters និង​AP។

XS
SM
MD
LG