ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា ដ្រូន​រុស្ស៊ី ៣៤ គ្រឿង​ត្រូវ​បាន​បំផ្លាញ


ស្ត្រីអ៊ុយក្រែនម្នាក់ពិនិត្យមើលគេហដ្ឋានរបស់អ្នកស្រីដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហារដោយរ៉ុក្កែតរបស់រុស្ស៊ី នៅតំបន់ Donetsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣។
ស្ត្រីអ៊ុយក្រែនម្នាក់ពិនិត្យមើលគេហដ្ឋានរបស់អ្នកស្រីដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហារដោយរ៉ុក្កែតរបស់រុស្ស៊ី នៅតំបន់ Donetsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន Shahed ​ចំនួន​ ៣៤ ​គ្រឿង​ក្នុង​ចំណោម ​៤៤ ​គ្រឿង ​ដែល​រុស្ស៊ី​បាន​ប្រើ​ដើម្បី​វាយ​ប្រហារ​លើ​ប្រទេស​អ៊ុយក្រែន​កាលពី​យប់​មិញ។

តំបន់​ដែល​រង​ការ​វាយ​ប្រហារ​នេះ ​រួម​មាន​តំបន់ Mykolaiv ​តំបន់​ Odesa និង​តំបន់​ Kirovohrad។

លោក Oleh Kiper ​អភិបាល​តំបន់ Odesa ​បាន​បញ្ជាក់​តាម ​Telegram ​ថា ​មិនមាន​អ្នក​ស្លាប់​និង​រង​របួស​នោះ​ទេ។ លោក​បាន​និយាយ​ថា មិន​មាន​ការ​បំផ្លិច​បំផ្លាញ​ណា​មួយ​ទេ គឺ​មាន​តែ​ការ​ឆេះ​ស្មៅ​តិចតួច​ដោយសារ​កម្ទេច​កំទី​ដ្រូន​ដែល​ធ្លាក់​មក​ពី​លើ​អាកាស​តែ​ប៉ុណ្ណោះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ពុធ​ថា ​យុទ្ធជន​អ៊ុយក្រែន​ «ត្រូវការ​មធ្យោបាយ​បន្ថែម​ដើម្បី​បំផ្លាញ​មីស៊ីល ​ដ្រូន Shahed​ និង​ដ្រូន​ប្រយុទ្ធ​ផ្សេង​ទៀត​របស់​រុស្ស៊ី ​ក៏​ដូចជា​យន្តហោះ​របស់​រុស្ស៊ី​ផង​ដែរ»។

លោក Zelenskyy ​បាន​សម្ដែង​ការ​ដឹងគុណ​ចំពោះ ​«មនុស្ស​គ្រប់​រូប​នៅ​លើ​ពិភពលោក​ដែល​បាន​ជួយ​រួច​ហើយ​ឬ​ក៏​មាន​ឆន្ទៈ​ក្នុង​ការ​បង្កើន​ការ​ជួយ​ជ្រោមជ្រែង​ដល់​ប្រទេស​អ៊ុយក្រែន​ដោយ​មធ្យោបាយ​ដែល​អាច​ផ្ដល់​ការ​ការពារ​បន្ថែម​ទៀត​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​របស់​រុស្ស៊ី»។

ទាហាន​ស៊ីឈ្នួល​ក្រុម​ Wagner ​ប្រហែល​ ៥០០ ​នាក់​ដែល​ប្រយុទ្ធ​រួម​ជាមួយ​នឹង​ទាហាន​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មុន​ពេល​រត់​គេច​ទៅ​កាន់​ប្រទេស​បេឡារុស​បន្ទាប់ពី​បាន​បះបោរ​រយៈពេល​ខ្លី​កាលពី​ខែ​មិថុនា​មក ​ឥឡូវ​នេះ​បាន​ត្រឡប់​ទៅ​កាន់​សមរភូមិ​ជួរ​មុខ​វិញ​ហើយ​ដើម្បី​ប្រយុទ្ធ​នឹង​ទាហាន​អ៊ុយក្រែន​ម្ដង​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​កងទ័ព​អ៊ុយក្រែន​កាលពី​ថ្ងៃ​ពុធ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG