ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​រុស្ស៊ី​២៩​គ្រឿង


រូបឯកសារ៖ អ្នកពន្លត់​អគ្គិភ័យ​ធ្វើការ​នៅ​ឃ្លាំង​មួយ​កន្លែង​ដែល​រង​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​នៅ​ក្រុង Dnipro ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកពន្លត់​អគ្គិភ័យ​ធ្វើការ​នៅ​ឃ្លាំង​មួយ​កន្លែង​ដែល​រង​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​នៅ​ក្រុង Dnipro ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០២៣។

កងកម្លាំង​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូនចំនួន​២៩​គ្រឿង​ និង​មីស៊ីល cruise ​មួយ​ដើម​ ដែល​រុស្ស៊ី​ប្រើប្រាស់​ ដើម្បី​វាយប្រហារ​លើ​តំបន់​នានា​ក្នុង​ប្រទេស​អ៊ុយក្រែន​កាលពីយប់មិញ។​

យោធា​អ៊ុយក្រែន​និយាយ​ថា​ ការ​វាយប្រហារ​ដ្រូន​ភាគច្រើន​បំផុត​ គឺ​សម្តៅលើ​តំបន់ Mykolaiv ក្នុង​ប្រទេស​អ៊ុយក្រែន​ភាគខាង​ត្បូង​ និង​តំបន់​ Dnipropetrovsk នៅ​ភាគ​កណ្តាល​អ៊ុយក្រែន។​ ​

អភិបាល​តំបន់ Dnipropetrovsk លោក​ Serhiy Lysak ​និយាយ​ថា​ កម្ទេច​បាក់បែក​នៃ​យន្តហោះ​ដ្រូន​ដែល​ស្ទាក់ចាប់​បាន​នោះ​ បានធ្លាក់ធ្វើ​ឱ្យ​ខូច​ខាត​ទី​តាំងឧស្សាហកម្ម​មួយ​ នៅ​ក្នុង​ទីក្រុង​ Pavlohrad និងធ្វើ​ឱ្យភ្លើងឆេះ​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​ទីក្រុង Dnipro។ ​

ការ​វាយប្រហារ​នោះកើត​មាន​ឡើង​ ក្រោយ​ពី​មាន​ការ​សន្យា​បន្ត​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​ ក្នុងពេល​ដែល​ក្រុម​រដ្ឋម​ន្ត្រី​ការបរទេស​របស់​ប្លុក​នេះ​ បាន​ជួប​ប្រជុំ​គ្នា​ក្នុង​ក្រុងកៀវ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។​

ជំនួយ​ប្រទេស​លោក​ខាងលិច​ដល់​ប្រទេស​អ៊ុយក្រែន​ បាន​រង​សម្ពាធ​នយោបាយ ​ក្រោយ​បេក្ខជន​គាំទ្រ​រុស្ស៊ី​ម្នាក់បាន​ជាប់ឆ្នោត​ក្នុង​ប្រទេស​ស្លូវ៉ាគី​ ដែល​ជា​សមាជិករបស់​សហភាព​អឺរ៉ុប​និង​អង្គការ​អូតង់​ ហើយ​សភា​អាមេរិក​បាន​ដក​ចេញជំនួយ​ដល់​អ៊ុយក្រែន​ នៅ​ក្នុង​ច្បាប់​ចំណាយថវិកា​បណ្តោះ​អាសន្ន​របស់​ខ្លួន។​

ប្រធានាធិបតី​អ៊ុយក្រែន ​លោក Volodymyr Zelenskyy បាន​ប្រាប់​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​ក្នុង​អំឡុង​កិច្ចប្រជុំ​ថា​ អ៊ុយក្រែន​បន្ត​ការពារ​ប្រជាជន​និង​សេដ្ឋកិច្ច​របស់​ខ្លួន ពី​ការ​វាយប្រហារ​បន្ត​របស់​រុស្ស៊ី​ ហើយ​ថា​ ការ​វាយ​បក​ប្រឆាំង​នឹង​រុស្ស៊ី​ដើម្បីរំដោះ​យក​មកវិញ​នូវ​ទឹកដី​ដែលត្រូវ​បាន​កាន់កាប់​ដោយ​រុស្ស៊ី​នោះ​ កំពុង​វិវត្ត​ទៅ​មុខ​ល្អ​។ លោក​ក៏​បាន​រំឭកដល់​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​ថា​ អ៊ុយក្រែន​ត្រូវ​ការ​ជំនួយ​ថវិកា អាវុធ​ និង​ការបណ្តុះបណ្តាល​យោធា​បន្ថែម​ទៀត​ ដើម្បី​សម្រេច​បាន​តាមគោលបំណង​របស់​ខ្លួន។ លោក​ក៏​បានជំរុញ​ដល់​សហភាព​អឺរ៉ុបឱ្យ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ឱ្យ​បាន​កាន់​តែខ្លាំង​ថែម​ទៀត។​

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នក​ស្រី​ Annalena Baerbock ​បាន​អំពាវនា​វ​ឱ្យ​មាន​កិច្ចប្រឹងប្រែងជួយ​ដល់​អ៊ុយក្រែន​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​រដូវរងា​ក្នុង​ពេល​ខាង​មុខ​ ដែល​រួមមានការ​ជួយតាម​រយៈការ​ការពារ​ដែន​អាកាស​ និង​ការ​ធានា​ពី​ការ​ផ្គត់ផ្គង់ថាមពល​ផង​ដែរ​ ក្រោយ​ពី​រុស្ស៊ីបាន​ទម្លាក់គ្រាប់បែក​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ថាមពលអ៊ុយក្រែន​ជា​ច្រើន​កន្លែង​កាល​ពី​ឆ្នាំ​មុន​មក៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agence France-Presse និង ​Reuters។

XS
SM
MD
LG