ស្របពេលទាហានកូរ៉េខាងជើងត្រៀមចូលរួមជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន អ៊ុយក្រែនកំពុងបង្កើនយុទ្ធនាការសង្គ្រាមចិត្តសាស្ត្រដៅលើទាហានកូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូប។
កាលពីសប្ដាហ៍មុន គម្រោង «ខ្ញុំចង់រស់ (I Want to Live)» របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែនបានចេញផ្សាយសារវីដេអូមួយជាភាសាកូរ៉េនៅលើ YouTube និង X។ គម្រោងនេះក៏មានបង្ហោះសារជាភាសាកូរ៉េនៅលើ Telegram ផងដែរ។
សារនេះបានជំរុញឱ្យទាហានកូរ៉េខាងជើងចុះចាញ់ ដោយថាពួកគេមិនត្រូវ «ស្លាប់ដោយគ្មានន័យនៅលើទឹកដីនៃប្រទេសមួយផ្សេងនោះទេ»។ សារនេះក៏បានបញ្ជាក់ផងដែរថា ទាហានទាំងនោះនឹងទទួលបានស្បៀងអាហារ ទីជម្រក និងសេវាសុខភាព។
លោក Andrii Kovalenko ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងព័ត៌មានប្រឌិតនៃក្រុមប្រឹក្សាសន្តិសុខជាតិនិងការពារនៃប្រទេសអ៊ុយក្រែន បានប្រាប់ VOA ផ្នែកភាសាអ៊ុយក្រែនកាលពីថ្ងៃពុធថា៖ «នៅពេលអនាគត វីដេអូបន្ថែមទៀតអំពីទាហានកូរ៉េខាងជើងនឹងត្រូវចេញផ្សាយ»។
លោក Kovalenko បាននិយាយថា៖ «[ទាហាន] កូរ៉េខាងជើងនឹងទទួលការបណ្ដុះបណ្ដាលអំពីការធ្វើសង្គ្រាមសម័យទំនើប ហើយនឹងត្រូវប្រើនៅក្នុងការប្រយុទ្ធជាក់ស្ដែង។ យើងកំពុងប្រឡូកយ៉ាងសកម្មនៅក្នុងការកំណត់អត្តសញ្ញាណទាហានកូរ៉េខាងជើងដែលទៅដល់និងអង្គភាពដែលពួកគេកំពុងចូលរួម ក៏ដូចជាប្រមូលភ័ស្តុតាងអំពីវត្តមានរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី លទ្ធភាពនៃការចូលរួមរបស់ពួកគេនៅក្នុងការប្រយុទ្ធនឹងទាហានអ៊ុយក្រែន និងវត្តមានរបស់ពួកគេនៅក្នុងតំបន់ដែលរុស្ស៊ីកំពុងកាន់កាប់បណ្ដោះអាសន្ននៅក្នុងប្រទេសអ៊ុយក្រែន»៕
អ្នកស្រី Kim Hyungjin នៃ VOA ផ្នែកភាសាកូរ៉េ រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ