ប្រទេសកូរ៉េខាងជើងនឹងគាំទ្រប្រទេសរុស្ស៊ីរហូតទាល់តែរុស្ស៊ីទទួលបានជ័យជម្នះនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងអ្នកស្រី Choe Son Hui នៅក្នុងទីក្រុងមូស្គូនៃប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ។
អ្នកស្រី Choe បានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅចំពេលដែលក្រុមបស្ចិមប្រទេសជឿថាទាហានកូរ៉េខាងជើងរហូតដល់ ១០.០០០ នាក់កំពុងហ្វឹកហ្វឺននៅក្នុងប្រទេសរុស្ស៊ីនិងកំពុងជិតចូលប្រឡូកនៅក្នុងសង្គ្រាមរយៈពេលជាងពីរឆ្នាំកន្លងមកនេះហើយនៅខាងភាគីរុស្ស៊ី។
អ្នកស្រី Choe បានប្រកាសនៅក្នុងទីក្រុងមូស្គូបន្ទាប់ពីបានពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ថា៖ «យើងនឹងតែងតែគាំទ្រយ៉ាងរឹងមាំចំពោះសមមិត្តរុស្ស៊ីរបស់យើងរហូតទាល់តែដល់ថ្ងៃជ័យជម្នះ»។
អ្នកស្រីបាននិយាយថា កូរ៉េខាងជើងជឿជាក់លើ «ការដឹកនាំដ៏វ័យឆ្លាត» របស់ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin។ លោក Putin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមកជាមួយនឹងកូរ៉េខាងជើងកាលពីប៉ុន្មានខែកន្លងមកនេះ និងបានធ្វើឱ្យទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើងមានភាពកក់ក្ដៅកាន់តែខ្លាំងឡើង។
អ្នកស្រី Choe បានហៅសង្គ្រាមរយៈពេលជាងពីរឆ្នាំរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនថាជា «ការតស៊ូប្រឹងប្រែងដ៏សំខាន់ខ្លាំងបំផុត»៕
វេទិកាបញ្ចេញមតិ