រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយកាលពីថ្ងៃពុធថាកងទ័ពកូរ៉េខាងជើងដែលស្លៀកពាក់ឯកសណ្ឋានយោធារុស្ស៊ីនិងកាន់អាវុធរុស្ស៊ី កំពុងធ្វើដំណើរទៅកាន់តំបន់ Kursk នៅជិតព្រំដែនអ៊ុយក្រែន នៅក្នុងអ្វីដែលលោកបានហៅថា ជាចំណាត់ការប្រកបដោយគ្រោះថ្នាក់និងអស្ថរិភាព។ នេះបើតាមសេចក្តីរាយ ការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Austin បាននិយាយនៅឯសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Kim Yong-hyun នៅពេលដែលការព្រួយបារម្ភកើនឡើងអំពីការបញ្ជូនកងទ័ពរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងរហូតដល់ ១ម៉ឺន១ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី។
លោក Austin បាននិយាយទៀតថា ពួកមន្ត្រីកំពុងពិភាក្សាគ្នាអំពីអ្វីដែលត្រូវធ្វើអំពីការបញ្ជូនកងទ័ពនេះ។
លោក Austin បាននិយាយទៀតថា សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភ ដែលរុស្ស៊ីបានប្រើប្រាស់កងទ័ពកូរ៉េខាងជើងនៅក្នុងការប្រយុទ្ធ ក៏ប៉ុន្តែ«ថាតើពួកគេនឹងត្រូវប្រើនៅក្នុងការប្រយុទ្ធ នៅមិនទាន់ដឹងនៅឡើយទេ»។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកាលពីថ្ងៃពុធបានអំពាវនាវដល់កូរ៉េខាងជើង ឱ្យដកកងទ័ពរបស់ខ្លួនចេញពីប្រទេសរុស្ស៊ី ដោយភ័យខ្លាចថាពួកគេអាចត្រូវគេប្រើប្រាស់ដើម្បីប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Austin បាននិយាយដោយបន្ទតាមការអំពាវនាវរបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun នៅឯសន្និសីទកាសែតរួមគ្នាមួយនៅមន្ទីរបច្ចកោណថា៖ «ខ្ញុំសុំឱ្យពួកគេដកកងទ័ពរបស់ខ្លួនចេញពីប្រទេសរុស្ស៊ី»។
លោក Kim បាននិយាយថា លោកមិនជឿថាការដាក់ពង្រាយកងទ័ពនេះនឹងធ្វើឱ្យមានសង្គ្រាមនៅលើឧបទ្វីបកូរ៉េនោះទេ ក៏ប៉ុន្តែ អាចបង្កើនការគំរាមកំហែងសន្តិសុខរវាងប្រទេសទាំង២។ មានលទ្ធភាពយ៉ាងខ្លាំងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងសុំបច្ចេកវិទ្យាជាន់ខ្ពស់នៅក្នុងការដោះដូរជាមួយការបញ្ជូនកងទ័ពរបស់ខ្លួន ដូចជាសមត្ថភាពនៃកាំជ្រួចនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលបាល្លីស្ទិក។ នេះបើតាមលោក Kim ដែលបាននិយាយតាមរយៈអ្នកបកប្រែ៕