សហរដ្ឋអាមេរិកបានទទួលព័ត៌មានដែលបានចង្អុលបង្ហាញថានៅពេលឥឡូវនេះមានកងទ័ពកូរ៉េខាងជើង៨ពាន់នាក់នៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។ នេះបើតាមឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោក Robert Wood បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Wood បាននិយាយថា«ខ្ញុំមានសំណួរសម្រាប់សហការីរុស្ស៊ីរបស់ខ្ញុំ ថាតើរុស្ស៊ីនៅតែអះអាងថាមិនមានកងទ័ពកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ីឬ?។
តំណាងរុស្ស៊ីនៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន១៥នៅពេលនោះមិនបានឆ្លើយតបដល់លោក Wood ទេ។ រដ្ឋាភិបាលក្រុងមូស្គូមិនបានបដិសេធឬបានបញ្ជាក់ដោយផ្ទាល់អំពីវត្តមានរបស់កងទ័ពកូរ៉េខាងជើងនោះទេ។
បន្ទាប់ពីការបដិសេធលើកដំបូង កូរ៉េខាងជើងចាប់តាំងពីនោះមកបានការពារគំនិតនៃការដាក់ពង្រាយកងទ័ពថាស្ថិតនៅក្នុងខ្សែបន្ទាត់នៃច្បាប់អន្តរជាតិ។
រុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២។ នៅខែសីហា ឆ្នាំនេះកងទ័ពអ៊ុយក្រែនបានប្រយុទ្ធចូលក្នុងតំបន់ Kursk ព្រំដែននៃប្រទេសរុស្ស៊ីជាទីកន្លែងដែលពួកគេបន្តកាន់កាប់ទឹកដីនោះ។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កូរ៉េខាងត្បូង អ៊ុយក្រែននិងប្រទេសផ្សេងៗទៀតបានចោទប្រកាន់រុស្ស៊ីពីការរំលោភសេចក្តីសម្រេចអង្គការសហប្រជាជាតិនិងការបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិដោយការបញ្ជូនកងទ័ពពីកូរ៉េខាងជើងដែលបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងយូររបស់អង្គការសហ្រជាជាតិដែលមានគោលបំណងរាំងខ្ទប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនិងកាំជ្រួចបាល្លីស្ទិករបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
អ៊ុយក្រែនកាលពីថ្ងៃពុធបានប្រាប់ឈ្មោះឧត្តមសេនីយ៍កូរ៉េខាងជើង៣នាក់ដែលខ្លួនបាននិយាយថាកំពុងអមដំណើរកងទ័ពកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី។ សហរដ្ឋអាមេរិកនិងចិនក៏បានប៉ះទង្គិចគ្នានៅឯក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍អំពីការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថារដ្ឋាភិបាលក្រុងប៉េកាំងកំពុងផ្តល់ការគាំទ្រទ្រង់ទ្រាយធំដល់វិស័យឧស្សាហកម្មការពារប្រទេសរបស់រុស្ស៊ី៕
សហរដ្ឋអាមេរិកថាមានកងទ័ពកូរ៉េខាងជើង៨ពាន់នាក់នៅក្នុងតំបន់ Kurskនៃប្រទេសរុស្ស៊ី
- Reuters
វេទិកាបញ្ចេញមតិ