ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២៣:១៥ ៦.៣.២០២២

ប្រធានាធិបតី​អ៊ុយក្រែន​ថា រុស្ស៊ី​ត្រៀម​ទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង Odessa របស់​អ៊ុយក្រែន

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​រុស្ស៊ី​មាន​ផែនការ​ទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង Odessa របស់​ប្រទេស​អ៊ុយក្រែន។ លោក Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​តាម​កញ្ចក់​ទូរទស្សន៍​ថា ប្រសិនបើ​ករណី​នេះ​កើតឡើង​មែន វា«នឹង​ក្លាយ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម...ឧក្រិដ្ឋកម្ម​ជា​ប្រវត្តិសាស្ត្រ»។

លោក Zelenskyy បាន​និយាយ​ជា​ភាសា​រុស្ស៊ី​សម្រាប់​ផ្នែក​ខ្លះ​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ ដោយ​បាន​ជំរុញ​ប្រជាពលរដ្ឋ​រុស្ស៊ី​ឲ្យ​ជ្រើសរើស​រវាង​ជីវិត​និង​ទាសភាព «នៅ​ពេល​ដែល​វា​នៅ​អាច​ទៅ​រួច​នៅ​ក្នុង​ការ​យក​ឈ្នះ​លើ​អំពើ​អាក្រក់​ដោយ​គ្មាន​ការ​បាត់បង់​ដែល​មិន​អាច​កែប្រែ​បាន»។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ភាព​ជា​ប្រទេស​របស់​ប្រទេស​អ៊ុយក្រែន​កំពុង​ប្រឈម​នឹង​ហានិភ័យ ប្រសិនបើ​ប្រទេស​អ៊ុយក្រែន​នៅ​បន្ត​មាគ៌ា​បច្ចុប្បន្ន​របស់​ខ្លួន។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖​

០០:២៩ ៧.៣.២០២២

លោក Putin ប្រាប់​អ៊ុយក្រែន​ឲ្យ​ឈប់​ប្រយុទ្ធ

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា យុទ្ធនាការ​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នឹង​អនុវត្ត​ទៅ​តាម​ផែនការ និង​មិន​បញ្ឈប់​នោះទេ លុះត្រាតែ​រដ្ឋាភិបាល​អ៊ុយក្រែន​ឈប់​ប្រយុទ្ធ។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Putin បាន​ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជម្លៀស​ប្រជាជន​ចំនួន​ប្រហែល ២ សែន​នាក់​ចេញ​ពី​ទីក្រុង Mariupol ដែល​ជា​ទីក្រុង​រងការ​វាយប្រហារ​ដោយ​គ្រាប់​ផ្លោង​របស់​រុស្ស៊ី​យ៉ាង​ធ្ងន់ធ្ងរ បាន​បរាជ័យ​នៅ​ក្នុង​ថ្ងៃ​ទី​ពីរ។

មនុស្ស​ភាគច្រើន​ដែល​ជាប់​នៅ​ក្នុង​ទីក្រុង Mariupol ដែល​ជា​ទីក្រុង​កំពង់ផែ​របស់​អ៊ុយក្រែន កំពុង​ស្នាក់នៅ​ក្នុង​កន្លែង​ជ្រក​ពួន​ពី​គ្រាប់ផ្លោង ដើម្បី​គេចពី​គ្រាប់​ផ្លោងដែល​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ស្ទើរតែ​រាល់​ថ្ងៃ​អស់​រយៈពេល​ជាង ៦ ថ្ងៃ​មក​ហើយ។ ការ​បាញ់​គ្រាប់​ផ្លោង​ពី​សំណាក់​ទាហាន​រុស្ស៊ី​នេះ​បាន​កាត់​ផ្ដាច់​ស្បៀង​អាហារ ទឹក និង​ការ​ផ្គត់ផ្គង់​អគ្គិសនី​និង​កម្ដៅ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​អ៊ុយក្រែន៕

រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ប្រាប់​ឲ្យ​កងកម្លាំង​នុយក្លេអ៊ែរ​រុស្ស៊ី​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បាញ់ នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ប្រាប់​ឲ្យ​កងកម្លាំង​នុយក្លេអ៊ែរ​រុស្ស៊ី​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បាញ់ នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

០០:៥៤ ៧.៣.២០២២

អង្គការ​សហប្រជាជាតិ៖ ជនស៊ីវិល​ជាង ៣៦០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​អ៊ុយក្រែន

ជនស៊ីវិល​យ៉ាង​ហោច​ណាស់​ចំនួន ៣៦៤ នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ចាប់​តាំងពី​ពេល​ដែល​កងកម្លាំង​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​នេះ​កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​មក ហើយ​ជន​ស៊ីវិល​ចំនួន ៧៥៩ នាក់​បាន​រងរបួស។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) កាលពី​ថ្ងៃ​អាទិត្យ។

ការិយាល័យ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា តួលេខ​ពិតប្រាកដ​នៃ​ចំនួន​ជនស៊ីវិល​ដែល​បាន​ស្លាប់​និង​រង​របួស​ប្រហែល​ជា​អាច «ខ្ពស់​ជាង​នេះ​ច្រើន»៕

ក្រុម​ការងារសង្គ្រោះ​បន្ទាន់​របស់​អ៊ុយក្រែន​ឈរ​នៅ​ជិត​សាកសព​មួយ ក្រោយ​ពី​មាន​ការ​បាញ់​គ្រាប់​ផ្លោង​មក​លើ​អគារ​សាលាក្រុង​ Kharkiv ក្នុង​ប្រទេស​អ៊ុយក្រែន ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។
ក្រុម​ការងារសង្គ្រោះ​បន្ទាន់​របស់​អ៊ុយក្រែន​ឈរ​នៅ​ជិត​សាកសព​មួយ ក្រោយ​ពី​មាន​ការ​បាញ់​គ្រាប់​ផ្លោង​មក​លើ​អគារ​សាលាក្រុង​ Kharkiv ក្នុង​ប្រទេស​អ៊ុយក្រែន ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

០២:៤៣ ៧.៣.២០២២

មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ឯ​បាតុកម្ម​ប្រឆាំង​សង្គ្រាមនៅ​រុស្ស៊ី

មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​បាតុកម្ម​តាម​ទីក្រុង​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ ប្រឆាំង​នឹង​សង្គ្រាម​ដែល​គ្មាន​ការ​បង្ក​ហេតុ​របស់​លោក​ប្រធានាធិបតី Vladimir Putin នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​របស់​ក្រសួង​មហាផ្ទៃ​រុស្ស៊ី និង​ក្រុម​ឯករាជ្យ​មួយ​ដែល​ឃ្លាំមើល​បាតុកម្ម​នេះ​។

ក្រុម​ឃ្លាំ​មើល​ឈ្មោះ OVD-Info និយាយ​ថា មាន​មនុស្ស​ ៣.៨៩៥​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​អំឡុង​ពេល​បាតុកម្ម​នៅ​តាម​ទី​ក្រុង​ចំនួន​៥៣។ ក្រុម​នេះ​បន្ថែម​ថា ការិយាល័យ​ប៉ូលិស​ប្រហែល​មានមនុស្ស​ដែល​ត្រូវ​ឃាត់​ខ្លួន​ច្រើន​ជាង​ចំនួន​ក្នុង​បញ្ជី​ដែល​ត្រូវ​បាន​ផ្សាយ​ជា​ផ្លូវការ។​

អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​អ្នកស្រី Irina Volk និយាយ​ថា មនុស្ស​១.៧០០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ទី​ក្រុង​មូស្គូ ហើយ​៧៥០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ទី​ក្រុង St. Petersburg។ បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ TASS របស់​រុស្ស៊ី អ្នក​ស្រី​ Volk បញ្ជាក់​ថា មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទី​ក្រុង​មូស្គូ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ២.៥០០​នាក់​ដែល​បាន​ចូល​រួម​នៅ​ក្នុង «ការ​ជូប​ប្រជុំ​មិន​មាន​ការ​អនុញ្ញាត»​មួយ៕

ព័ត៌មាន​ខ្លះ​មាន​ប្រភព​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។

ប៉ូលិស​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ទីក្រុង Saint Petersburg ប្រទេស​រុស្ស៊ី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ (Reuters)
ប៉ូលិស​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ទីក្រុង Saint Petersburg ប្រទេស​រុស្ស៊ី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ (Reuters)

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG