២១:៥៩
២៧.១០.២០២២
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា៖
- ប្រទេសអ៊ីរ៉ង់អាចជំរុញការចូលរួមរបស់ខ្លួននាពេលឆាប់ៗខាងមុខនេះ ជាមួយរុស្ស៊ីក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើតាមការវិភាគមួយដែលត្រូវបានចេញផ្សាយដោយទស្សនាវដ្តីគោលនយោបាយការបរទេស (Foreign Policy)។ បន្ថែមទៅលើការផ្គត់ផ្គង់យន្តហោះដ្រូនដែលគ្មានមនុស្សបើកទៅឱ្យរុស្ស៊ី ដែលអ៊ីរ៉ង់បានបដិសេធនោះ ប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗខាងមុខនេះ អាចលក់គ្រាប់មីស៊ីលបាលីស្ទិកចម្ងាយខ្លីប្រភេទ Fateh-110 និង Zulfiqar ទៅឱ្យរុស្ស៊ី ដើម្បីបំពេញការផ្គត់ផ្គង់របស់រុស្ស៊ីដែលគ្រឿងសព្វាវុធមីស៊ីលរបស់ខ្លួនកំពុងតែខើចទៅៗ។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានដាក់ពង្រាយរួចហើយនៅក្នុងប្រទេសអ៊ុយក្រែននិងប្រទេសបេឡារុស្ស ដើម្បីហ្វឹកហ្វឺនកងកម្លាំងរុស្ស៊ីប្រើប្រាស់យន្តហោះដ្រូនរបស់អ៊ីរ៉ង់។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានមួយចំនួន។ ទីភ្នាក់ងារសារព័ត៌មានប្រទេសអ៊ីស្រាអែលកាលពីសប្តាហ៍មុន បានរាយការណ៍ថា ទាហានអ៊ីរ៉ង់១០នាក់ បានស្លាប់ក្នុងពេលដែលកងទ័ពអ៊ុយក្រែន វាយប្រហារទៅលើកងទ័ពរុស្ស៊ី។
- តំបន់ជុំវិញទីក្រុង Kherson ដែលស្ថិតក្នុងចំណោមទីក្រុងមួយចំនួន ដែលត្រូវបានគ្រប់គ្រងតាំងពីដំបូងនៃការចូលឈ្លានពានរបស់កងកម្លាំងរុស្ស៊ីកាលពីចុងខែកុម្ភៈនោះ ពេលនេះកំពុងរងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ខណៈពេលដែលទាហានអ៊ុយក្រែន កំពុងព្យាយាមដណ្តើមយកមកវិញ។ នេះបើតាមការចេញផ្សាយរបស់កាសែតThe New York Times ។ ទំនប់វារីអគ្គិសនីមួយដែលស្ថិតនៅក្បែរនោះ គឺជាទីតាំងឆ្លងកាត់ចុងក្រោយដ៏សំខាន់មួយរបស់កងទ័ពរុស្ស៊ី ដើម្បីប្រើប្រាស់ឆ្លងទន្លេ Dnipro។ ប្រសិនបើកងទ័ពអ៊ុយក្រែនដណ្តើមគ្រប់គ្រងបានទំនប់វារីអគ្គិសនីនោះ កងទ័ពរុស្ស៊ីរាប់ពាន់នាក់ ប្រហែលជាត្រូវជាប់គាំង គ្មានផ្លូវណាផ្សេងដកទ័ពថយក្រោយនោះឡើយ។
- សេចក្តីរាយការណ៍ព័ត៌មាននានានិងបណ្តាញសង្គមក្នុងប្រទេសរុស្ស៊ី បានបង្ហាញថា កងទ័ពរុស្ស៊ីជាច្រើននាក់ដែលកំពុងត្រូវបានបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែននោះ ពុំមានឧបករណ៍យោធាគ្រប់គ្រាន់ ឬទទួលបានការបណ្តុះបណ្តាលល្អត្រឹមត្រូវនោះឡើយ។ នេះបើយោងទៅលើទីភ្នាក់ងារសារព័ត៌មាន AP ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមុន បានបញ្ជាឱ្យជ្រើសរើសទ័ពចំនួន៣សែននាក់បន្ថែមទៀត ដើម្បីជំរុញការវាយប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងពិធីថតរូបមួយក្នុងបន្ទាយយោធាមួយកន្លែងកាលពីដើមសប្តាហ៍នេះ លោក Putin ត្រូវបានគេឃើញឈរថតជាមួយក្រុមទាហានរុស្ស៊ីក្នុងឯកសណ្ឋានកងទ័ពថ្មីៗ ដែលបំពាក់ដោយឧបករណ៍យោធាប្រយុទ្ធ ដែលរួមមានមួកការពារនិងអាវក្រោះផងដែរ។ ប៉ុន្តែសារព័ត៌មាននិងក្រុមសិទ្ធិមនុស្សឯករាជ្យ បានលើកឡើងថា ការជ្រើសរើសកងទ័ពថ្មីនោះមិនត្រូវបានធ្វើឡើងល្អទេហើយក្រុមទាហានរុស្ស៊ី ដែលទើបត្រូវបានបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធនោះ ពុំមានការបណ្តុះបណ្តាលនិងសម្ភារៈយោធាគ្រប់គ្រាន់នោះឡើយ។ កងទ័ពទើបចូលថ្មី បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម ដែលបង្ហាញពីអាវុធចាស់ៗដែលមានច្រេះចាប់ និងស្ថានភាពរស់នៅមិនល្អ។
- អាជ្ញាធរដែលត្រូវបានតែងតាំងដោយរុស្ស៊ីនៅក្នុងតំបន់ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន បានបញ្ជាឱ្យមានការត្រួតពិនិត្យទៅលើប្រព័ន្ធទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ដោយប្រកាសអនុវត្តការដាក់កំហិតរបស់យោធា នៅក្រោមច្បាប់អាជ្ញាសឹកថ្មី ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ដោយប្រធានាធិបតីរុស្ស៊ីលោកVladimir Putin។ លោក Vladimir Rogov ដែលជាមន្ត្រីដែលត្រូវបានតែងតាំងដោយរុស្ស៊ីក្នុងតំបន់ Zaporizhzhia បានថ្លែងថា៖ «ចាប់ពីពេលនេះទៅក្នុងតំបន់Zaporizhzhia មន្ត្រីអនុវត្តច្បាប់ បានចាប់ផ្តើមធ្វើការត្រួតពិនិត្យជារួម ទៅលើការប្រើប្រាស់ទូរស័ព្ទចល័តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ»។ លោកនិយាយថា អ្នកប្រើទូរស័ព្ទនានា ដែលមានភ្ចាប់ប្រភពឃោសនាផ្សេងៗ នៃរបបភេរវកម្មក្រុងកៀវនោះ នឹងត្រូវទទួលការព្រមានជាមុនសិន មុននឹងទទួលរងការផាកពិន័យ»។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។
- វិមានក្រឹមឡាំងនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បើយោងទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រទេសអ៊ុយក្រែន បានដកខ្លួនចេញពីការចរចាសន្តិភាពជាមួយរុស្ស៊ី កាលពីខែមីនាកន្លងទៅនេះ ដោយសារមានបញ្ជាមកពីសហរដ្ឋអាមេរិក។ «ខ្លឹមសារនៃកិច្ចចរចានោះ ត្រូវបានត្រៀមរួចរាល់ហើយ ស្រាប់តែភ្លាមៗនោះ ខាងភាគីអ៊ុយក្រែន បានសម្រេចចិត្តដកខ្លួនចេញពីការចរចា ហើយភាគីខាងប្រទេសអ៊ុយក្រែន បានប្រកាសពីការមិនចង់បន្តការចរចារបស់ខ្លួន»។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយបន្ថែមថា លោក Putin បានចាត់ទុកថា វាច្បាស់ណាស់ដែលថា ការសម្រេចចិត្តឈប់ចរចារបស់ភាគីប្រទេសអ៊ុយក្រែននោះ គឺ«ធ្វើឡើងដោយមានបញ្ជាពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន» ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
០២:១៧
២៦.១០.២០២២
ថ្ងៃអង្គារ ទី២៥ ខែតុលា៖
- ប្រធានាធិបតីប្រទេសអាល្លឺម៉ង់លោក Frank-Walter Steinmeier បានអញ្ជើញទៅដល់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ។ នេះបើតាមអ្នកនាំពាក្យរបស់លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដើម្បីបញ្ជាក់ពីដំណើរទស្សនកិច្ចមិនប្រាប់ឱ្យដឹងជាមុនរបស់លោកទៅកាន់ប្រទេសអ៊ុយក្រែន។ ដំណើរទស្សនកិច្ចនេះគឺជាទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈមក ហើយបានកើតមានឡើង ៥ខែបន្ទាប់ពីលោកSteinmeier ដែលនៅពេលនោះស្ថិតនៅក្រោមការរិះគន់យ៉ាងខ្លាំងចំពោះគោលនយោបាយបន្ធូរបន្ថយការតានតឹងអស់ជាច្រើនឆ្នាំរបស់លោកជាមួយរដ្ឋាភិបាលក្រុងមូស្គូដែលត្រូវបានធ្វើព្រងើយកន្តើយដោយរដ្ឋាភិបាលក្រុងកៀវ។ លោកប្រធានាធិបតីក៏បានលុបចោលដំណើរទស្សនកិច្ចនៅនាទីចុងក្រោយកាលពីសប្តាហ៍មុនដោយសារហេតុផលសន្តិសុខដែលបានបណ្តាលឱ្យមានការរិះគន់ពីគណបក្សប្រឆាំងរបស់អាល្លឺម៉ង់។ តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់លោក លោកប្រធានាធិបតីបាននិយាយថា៖ «ខ្ញុំរំពឹងនឹងមានជំនួបរបស់ខ្ញុំជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងរដ្ឋធានីកៀវ»។ មុនជួបលោកប្រធានាធិបតី Zelenskyy លោក Steinmeierនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងមួយនៅភាគខាងជើងអ៊ុយក្រែននៅជិតព្រំដែនប្រទេសបេឡារុសដែលអ៊ុយក្រែននិយាយថា ខ្លួនបានរំដោះពីកងទ័ពរុស្ស៊ី ក៏ប៉ុន្តែ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។
- រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃចន្ទបានចោទប្រកាន់រុស្ស៊ីពីការមានបំណងអូសបន្លាយការមកដល់នៃកប៉ាល់ដឹកទំនិញចំនួន១៦៥គ្រឿងពីប្រទេសតួកគីដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែនានារបស់អ៊ុយក្រែនដើម្បីដឹកគ្រាប់ធញ្ញជាតិ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា ពួកអធិការរបស់រុស្ស៊ី«បានអូសបន្លាយពេលការត្រួតពិនិត្យកប៉ាល់ទាំងនោះ។ ជាលទ្ធផល កប៉ាល់ជាង១៦៥គ្រឿងបានជាប់គាំងជាជួរនៅជិតច្រកសមុទ្រ Bosphorus ហើយចំនួននេះបន្តកើនឡើងជារៀងរាល់ថ្ងៃ»។ ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ទៀតថា៖ «យើងមានហេតុផលជឿថា ការអូសបន្លាយពេលក្នុងការធ្វើអធិការកិច្ចរបស់រុស្ស៊ីដល់កប៉ាល់របស់កម្មវិធីកិច្ចផ្តួចផ្តើមគ្រាប់ធញ្ញជាតិជាហេតុផលនយោបាយ។ កប៉ាល់ទាំងនោះបានរង់ចាំដើម្បីទទួលបានការអនុញ្ញាតដំណើរការពិនិត្យការសង្ស័យដែលតម្រូវនៅក្រោមកិច្ចព្រមព្រៀងដែលគាំទ្រដោយតួកគីនិងអង្គការសហប្រជាជាតិដែលមានគោលបំណងយកគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ទីផ្សារបរទេសហើយនិងបន្ធូរបន្ថយការភ័យខ្លាចនៃវិបត្តិចំណីអាហារសាកលលោក។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអង្គារបានសុំឱ្យសហគមន៍អន្តរជាតិរ៉ាប់រងឱនភាពថវិកាដែលគេរំពឹងទុកចំនួន៣៨ពាន់លានដុល្លារនៅឆ្នាំក្រោយសម្រាប់ប្រទេសដែលហែកហួរដោយសង្គ្រាមរបស់លោក ដោយការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។ ការបាញ់ផ្តក់ដ៏ប្រល័យរបស់រុស្ស៊ីបានបង្កើនខ្លាំងឡើងនៅទីក្រុង Bakhmut ភាគខាងកើតតំបន់ Donbas ជាទីកន្លែងដែលអ្នកកាសែត AFP បានឃើញផ្សែងលេចចេញពីសមរភូមិដែលមានការប្រយុទ្ធគ្នាដ៏ខ្លាំងរវាងកងកម្លាំងរដ្ឋាភិបាលក្រុងមូស្គូនិងកងកម្លាំងរដ្ឋាភិបាលក្រុងកៀវដើម្បីព្យាយាមកាន់កាប់តំបន់នោះ។ ហើយពួកអាជ្ញាធរដែលលម្អៀងខាងរុស្ស៊ីនៅក្នុងទីក្រុង Melitopol ភាគខាងកើតអ៊ុយក្រែនដែលឥឡូវនេះត្រូវបានត្រួតត្រាដោយកងកម្លាំងរបស់រដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា គ្រាប់បែកបង្កប់ក្នុងរថយន្តមួយគ្រឿងបានផ្ទុះនៅជិតការិយាល័យរបស់បណ្តាញព័ត៌មានក្នុងស្រុកដែលបានធ្វើឱ្យមនុស្ស៥នាក់រងរបួស។ នៅឯសន្និសីទអន្តរជាតិសម្រាប់កសាងប្រទេសអ៊ុយក្រែនឡើងវិញនៅក្នុងទីក្រុងបែរឡាំងនៃប្រទេសអាល្លឺម៉ង់ លោកប្រធានាធិបតីZelensky បានជំរុញឱ្យពួកមេដឹកនាំអឺរ៉ុបផ្តល់ការគាំទ្រខាងហិរញ្ញវត្ថុកាន់តែច្រើនឡើងសម្រាប់ប្រទេសរបស់លោកអស់រយៈពេលជាង៨ខែក្រោយពីប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានបញ្ជូនកងទ័ពរុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែន។
- សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូនឧបករណ៍ការពារដែនអាកាសប្រភេទ HAWK ចំណាស់ៗពីឃ្លាំងរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីជួយអ៊ុយក្រែនការពារទប់ទល់នឹងការវាយប្រហារដោយដ្រូននិងកាំជ្រួច Cruise របស់រុស្ស៊ី។ នេះបើតាមមន្ត្រី២ រូបរបស់សហរដ្ឋអាមេរិកដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។ កាំជ្រួចមីស៊ីលបាញ់ស្ទាក់ប្រភេទ HAWK នឹងត្រូវធ្វើបច្ចុប្បន្នភាពដល់ប្រព័ន្ធការពារកាំជ្រួចមីស៊ីល Stinger ដែលជាប្រព័ន្ធការពារដែនអាកាសតូចជាង មានវង់ប្រតិបត្តិការខ្លីជាង ដែលសហរដ្ឋអាមេរិកបានបញ្ជូនរួចហើយដើម្បីទប់ទល់ការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូ។ រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃអង្គារបានបង្កើនការអះអាងរបស់ខ្លួនថា រដ្ឋាភិបាលក្រុងកៀវមានគម្រោងប្រើ«គ្រាប់បែកវិទ្យុសកម្ម» (dirty bomb) នៅក្នុងប្រទេសអ៊ុយក្រែនដោយបានព្រមានប្រទេសលោកខាងលិចពីភាពគ្រោះថ្នាក់ដោយបដិសេធគោលជំហររបស់រដ្ឋាភិបាលក្រុងមូស្គូនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ពួកមន្ត្រីជាច្រើនរបស់ប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងបារាំងបានច្រានចោលការអះអាងរបស់រដ្ឋាភិបាលក្រុងមូស្គូដែលថា រដ្ឋាភិបាលក្រុងកៀវអាចកំពុងប្រុងប្រៀបចុចបំផ្ទុះឧបករណ៍វិទ្យុសកម្មនៅក្នុងប្រទេសអ៊ុយក្រែន៕
២២:៥៩
២៤.១០.២០២២
ថ្ងៃចន្ទ ទី ២៤ ខែតុលា៖
- បណ្ដាបស្ចិមប្រទេសបានចោទប្រកាន់រុស្ស៊ីកាលពីថ្ងៃចន្ទថាបានរៀបគម្រោងគម្រាមប្រើប្រាស់គ្រាប់បែកដែលមានផ្ទុកសារធាតុនុយក្លេអ៊ែរនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៊ីបានជម្លៀសជនស៊ីវិលចេញពីទីក្រុងមួយនៅប៉ែកខាងត្បូងអ៊ុយក្រែន ដែលគេរំពឹងថានឹងមានសង្គ្រាមធំមួយកើតឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ដោយកងកម្លាំងអ៊ុយក្រែនបានវាយរុលទៅមុខនៅក្នុងខេត្ត Kherson ដែលកាន់កាប់ដោយរុស្ស៊ី លោក Sergei Shoigu រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី បានហៅទូរសព្ទ ទៅកាន់សមភាគីបស្ចិមប្រទេសកាលពីថ្ងៃអាទិត្យ ដើម្បីប្រាប់ពួកគេថា រុស្ស៊ីសង្ស័យថាអ៊ុយក្រែនមានផែនការប្រើប្រាស់នូវអ្វីដែលគេហៅថា «គ្រាប់បែកដែលមានផ្ទុកសារធាតុវិទ្យុសកម្ម»។
- យោធារុស្ស៊ីនិយាយថា ខ្លួនបានត្រៀមកងកម្លាំងរបស់ខ្លួនរួចរាល់ដើម្បីតបតនឹងការប្រើប្រាស់ «គ្រាប់បែកដែលមានផ្ទុកសារធាតុវិទ្យុសកម្ម»ពីអ៊ុយក្រែន នៅក្នុងវាយប្រហារបោកបញ្ឆោតមួយដែលនឹងចោទប្រកាន់ថាជាស្នាដៃរបស់រុស្ស៊ី។ ការអះអាងនេះត្រូវបានបដិសេធខ្លាំងៗដោយសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ លោកឧត្តមសេនីយ៍ Igor Kirillov ប្រធានកងកម្លាំងការពារការវាយប្រហារដោយសារធាតុវិទ្យុសកម្ម ជាតិគីមី និងជីវសាស្ត្ររបស់យោធារុស្ស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា យោធារុស្ស៊ីបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើប្រតិបត្តិការក្នុងករណីដែលមានការវាយប្រហារដោយប្រើសារធាតុវិទ្យុសកម្ម។
- អាជ្ញាធររុស្ស៊ីនិយាយថា កងកម្លាំងអ៊ុយក្រែនបានបាញ់គ្រាប់រ៉ុក្កែតទៅលើរោងចក្រផលិតវារីអគ្គិសនីដ៏ធំមួយនៅតំបន់ Kherson នៅប៉ែកខាងត្បូងនៃប្រទេសអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។ ទីភ្នាក់ងារព័ត៌មាននានារបស់រុស្ស៊ីបានផ្សព្វផ្សាយព័ត៌មានដោយយោងតាមសេចក្ដីថ្លែងការណ៍មួយពីទីភ្នាក់ងារសង្គ្រោះបន្ទាន់ថ្នាក់តំបន់កាលពីថ្ងៃចន្ទ ដោយនិយាយថា យោធាអ៊ុយក្រែនបានបាញ់រ៉ុក្កែតចំនួន ១៩ គ្រាប់ទៅលើរោងចក្រ Kakhovka និងបានបាញ់ចំគោលដៅចំនួន ៣ គ្រាប់។ នៅមិនទាន់មានព័ត៌មានលម្អិតភ្លាមៗអំពីតួលេខជនរងគ្រោះនៅឡើយទេ ហើយការខូចខាតក៏កំពុងត្រូវបានគេវាយតម្លៃ។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba កំពុងតែជំរុញឱ្យអង្គការថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិបញ្ជូនជាបន្ទាន់នូវក្រុមការងារអធិការកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីតបតនឹងការអះអាងរបស់រដ្ឋាភិបាលក្រុងមូស្គូដែលថា អ៊ុយក្រែនកំពុងតែត្រៀម«បង្ករឿង»ដោយប្រើ «គ្រាប់បែកដែលមានផ្ទុកសារធាតុវិទ្យុសកម្ម»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ លោក Kuleba និយាយកាលពីថ្ងៃចន្ទថា លោកបានលើកសំណើដូចនេះតាមរយៈការហៅទូរសព្ទជាមួយនឹងលោក Rafael Grossi ប្រធានអង្គការថាមពលបរមាណូអន្តរជាតិ។ លោក Kuleba និយាយថា លោក Grossi បានព្រមព្រៀងថានឹងបញ្ជូនក្រុមអធិការកិច្ចមួយទៅកាន់អ៊ុយក្រែន។ លោកKuleba បានថ្លែងបន្ថែមថា «អ៊ុយក្រែនមិនដូចរុស្ស៊ីនោះទេ។ អ៊ុយក្រែនតែងតែមានតម្លាភាព។ យើងគ្មានអ្វីដែលត្រូវលាក់បាំងនោះទេ»។
- រដ្ឋបាលតំបន់ Kherson នៃប្រទេសអ៊ុយក្រែន ដែលតែងតាំងដោយរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានរៀបចំបុរសមួយចំនួននៅក្នុងតំបន់នេះឱ្យចូលរួមក្នុងក្រុមសកម្មប្រយុទ្ធ។ នៅក្នុងកំណត់ហេតុមួយលើ Telegram អាជ្ញាធរបាននិយាយថា បុរសទាំងនោះមាន«ឱកាស»ចូលរួមជាមួយនឹងក្រុមការពារដែនដីប្រសិនបើពួកគេជ្រើសរើសបន្ដរស់នៅក្នុងតំបន់ Kherson ដោយស្ម័គ្រចិត្ត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យថា ព្រះវិហារសាសនាគ្រិស្តនិកាយ Orthodox របស់រុស្ស៊ី អនុញ្ញាតឱ្យអាជ្ញាធររុស្ស៊ីពង្វក់ថា ការធ្វើសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនជារឿងត្រឹមត្រូវ ហើយលោក Macron បានជំរុញឱ្យព្រះវិហារនេះប្រឆាំងនឹងសម្ពាធរបៀបនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Macron ដែលកំពុងធ្វើទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសអ៊ីតាលី បានថ្លែងយ៉ាងដូច្នេះនៅក្នុងសុន្ទរកថាមួយនៅឯសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដែលរៀបចំឡើងដោយ Italy's Sant' Egidio Community ដែលជាអង្គការសប្បុរសធម៌មួយនៅទូទាំងពិភពលោក។
- នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែនប៉ាន់ស្មានថា ការស្ដារប្រទេសឡើងវិញក្រោយសង្គ្រាមបញ្ចប់នឹងត្រូវការប្រាក់ជិត ៧៥០ ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Shmyhal បានថ្លែងយ៉ាងដូច្នេះនៅក្នុងវេទិកាជំនួញមួយរវាងអាល្លឺម៉ង់និងអ៊ុយក្រែន។ លោកក៏បានលើកឡើងអំពីលទ្ធភាពនៃការវិនិយោគទៅលើវិស័យកសិកម្មរបស់អ៊ុយក្រែន និងបានថ្លែងអំណរគុណដល់អាល្លឺម៉ង់ចំពោះការផ្ដល់ការការពារដែនអាកាសដល់អ៊ុយក្រែន។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និយាយថា ការស្ដារប្រទេសអ៊ុយក្រែនឡើងវិញនឹងក្លាយជា«កិច្ចការរបស់មនុស្សមួយជំនាន់» ដែលគ្មានប្រទេស ម្ចាស់ជំនួយ ឬស្ថាប័នអន្តរជាតិណាមួយអាចធ្វើការងារនេះតែម្នាក់ឯងបានទេ។ លោក Scholz បានថ្លែងដូច្នេះកាលពីថ្ងៃចន្ទ នៅក្នុងវេទិកាជំនួញអាល្លឺម៉ង់អ៊ុយក្រែន ក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីលោកនិងប្រធានគណៈកម្មការប្រតិបត្តិសហភាពអឺរ៉ុបបានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបមួយជាមួយនឹងអ្នកជំនាញដើម្បីជួយប្រមែប្រមូលការគាំទ្រអន្តរជាតិសម្រាប់ជួយស្ដារប្រទេសអ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានីលោក Vasile Dincu បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ដោយនិយាយថា លោកមិនអាចធ្វើការជាមួយនឹងប្រធានាធិបតីរ៉ូម៉ានីបានទេ។ ការលាលែងពីតំណែងនេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់ពីលោកនិយាយថា ឱកាសតែមួយគត់របស់អ៊ុយក្រែនក្នុងការបញ្ចប់សង្គ្រាមនេះគឺត្រូវចរចាជាមួយនឹងរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ជនស៊ីវិលយ៉ាងហោចណាស់ចំនួន ៦ នាក់ត្រូវបានសម្លាប់ ហើយមនុស្សចំនួន ៥ នាក់ផ្សេងទៀតបានរងរបួសដោយសារការវាយប្រហាររបស់រុស្ស៊ីលើតំបន់មួយចំនួនក្នុងប្រទេសអ៊ុយក្រែននៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
២២:៥៣
២១.១០.២០២២
ថ្ងៃសុក្រ ទី ២១ ខែតុលា៖
- ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានត្រូវបណ្តាញព័ត៌មានដកស្រង់សម្តីមកចុះផ្សាយកាលពីថ្ងៃសុក្រថា លោកមិនឃើញមានឧបសគ្គដើម្បីបន្តកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិដើម្បីអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមសមុទ្រខ្មៅនោះទេ បន្ទាប់ពីការពិភាក្សាជាមួយសមភាគីរុស្ស៊ីនិងអ៊ុយក្រែនរបស់លោកមក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ បណ្តាញព័ត៌មាន NTV បានដកស្រង់សម្តីលោក Erdogan នៅពេលដែលលោកបានប្រាប់ពួកអ្នកយកព័ត៌មាននៅលើយន្តហោះរបស់លោកដែលវិលត្រឡប់មកពីប្រទេសអាស៊ែបៃហ្សង់វិញថា៖ «មិនមានឧបសគ្គដើម្បីបន្តកិច្ចព្រមព្រៀងនោះទេ។ ខ្ញុំមើល ឃើញការបន្តកិច្ចព្រមព្រៀងនេះនៅក្នុងការចរចាដែលខ្ញុំបានធ្វើជាមួយប្រធានាធិបតីរុស្ស៊ីលោក Putin»។ បណ្តាញព័ត៌មាន NTV ក៏បានដកស្រង់សម្តីលោក Erdogan មកចុះផ្សាយដែរថា គ្រាប់ធញ្ញជាតិនិងស្បៀងអាហារជាង៨លានតោនបានត្រូវនាំចេញនៅក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីកក្កដា។
- ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបើកចំហសម្រាប់ការចរចាជាមួយប្រទេសអ៊ុយក្រែន ចាប់តាំងពីដំបូងមកម្ល៉េះ ហើយរឿងនេះមិនមានការផ្លាស់ប្តូរអ្វីនោះឡើយ។ នេះបើយោងទៅលើការបញ្ជាក់របស់អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះ ដោយយោងទៅលើការថ្លែងរបស់ ប្រធានាធិបតីប្រទេសតួកគី លោក Recep Tayyip Erdogan។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ ប្រធានាធិបតីតួកគី បាននិយាយថា លោកPutin ហាក់ដូចជាមានការបន្ទន់ឥរិយបទនិងបើកចំហរច្រើនជាងមុនក្នុងការចរចា។ «យើងនៅតែមានសង្ឃឹមជុំវិញរឿងនេះ» ដោយលោកនិយាយយោងទៅដល់លទ្ធភាពនៃការចរចាដើម្បីបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
- រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រថា កងទ័ពអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងតិចណាស់៤នាក់ ហើយនឹងធ្វើឱ្យរបួសជាង១៣នាក់ទៀតនៅក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលមួយទៅលើជនស៊ីវិលដែលកំពុងជម្លៀសចេញពីតំបន់ Kherson ដែលត្រួតត្រាដោយរុស្ស៊ី។ មន្ត្រីអ៊ុយក្រែនម្នាក់បានទទួលស្គាល់ការវាយប្រហារនេះ ក៏ប៉ុន្តែ បាននិយាយថា ការណ៍នេះបានកើតមានឡើងបន្ទាប់ពីបម្រាមគោលចរណ៍ស៊ីវិល។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ពួកអាជ្ញាធរដែលលើកបន្តុបដោយរុស្ស៊ីនៅក្នុងតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែនដែលរដ្ឋាភិបាលក្រុងមូស្គូបានធ្វើជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីខែមុនកំពុងជម្លៀសមនុស្សប្រមាណពី៥ម៉ឺនទៅ៦ម៉ឺននាក់ឆ្លងកាត់ទន្លេ Dnipro មុនពេលការវាយបករបស់អ៊ុយក្រែនដែលត្រូវបានគេរំពឹងទុក។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវដល់ប្រទេសលោកខាងលិច ឱ្យព្រមានដល់ប្រទេសរុស្ស៊ីកុំឱ្យបំផ្ទុះទំនប់ទឹកដ៏ធំមួយ ដែលនឹងធ្វើឱ្យលិចលង់នៅតំបន់ជាច្រើននៅភាគខាងត្បូងអ៊ុយក្រែន ខណៈដែលកងកម្លាំងរបស់លោក កំពុងត្រៀមខ្លួនដើម្បីរុញច្រានកងកម្លាំងរុស្ស៊ីឱ្យចេញពីតំបន់ Kherson ដែលជាផ្នែកមួយនៃការប្រយុទ្ធដ៏សំខាន់បំផុតនៅក្នុងសមរភូមិនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ នៅក្នុងការថ្លែងសុន្ទរកថាតាមទូរទស្សន៍ លោក Zelenskyy បាននិយាយថា កងកម្លាំងរុស្ស៊ីបានបង្កប់គ្រឿងផ្ទុះជាច្រើនគ្រាប់នៅក្នុងទំនប់ទឹក Nova Kakhovka ដែលជាទំនប់ស្តុកទឹកធំមួយ សម្រាប់ការប្រើប្រាស់នៅក្នុងតំបន់ភាគខាងត្បូងអ៊ុយក្រែន ហើយប្រទេសរុស្ស៊ីមានគម្រោងនឹងបំផ្ទុះទំនប់ទឹកនេះ ដើម្បីបិទបាំងការដកថយរបស់ពួកគេក្នុងសមរភូមិប្រយុទ្ធ។
- ប្រទេសរុស្ស៊ីបានបញ្ជូនកងទ័ពជាច្រើនពាន់នាក់ដែលទើបជ្រើសរើសថ្មី ដើម្បីពង្រឹងការការពាររបស់ខ្លួននៅក្នុងតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន ដែលនៅទីនោះកងកម្លាំងអ៊ុយក្រែន កំពុងមានប្រៀបយ៉ាងខ្លាំងក្នុងការរុលទៅមុខ នៅក្នុងការប្រយុទ្ធវាយបកដើម្បីយកទឺកដី ដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ីមកវិញ។ នេះបើតាមការផ្សាយរបស់វិទ្យុអឺរ៉ុបសេរី។ មានកងទ័ពរុស្ស៊ីថ្មីៗរហូតដល់ចំនួន២ពាន់នាក់ បានមកដល់តំបន់ Kherson ដើម្បីជំនួសនិងបំពេញកន្លែងកងទ័ពចាស់ និងពង្រឹងអង្គភាពយោធានៅលើសមរភូមិជួរមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់នាយសេនាធិការយោធាអ៊ុយក្រែននៅថ្ងៃសុក្រនេះ។
- ជាង៣០ឆ្នាំបន្ទាប់ពីការដួលរលំវាំងននដែកមក ប្រទេសហ្វាំងឡង់មានគម្រោងកសាងរបងលួសបន្លានៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយរុស្ស៊ីដែលបែងចែកតំបន់ខាងកើតនិងខាងលិចបន្ទាប់ពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ សមាជិកដែលគេរំពឹងថានឹងចូលក្នុងអង្គការអូតង់នេះ បានប្រកាសនៅសប្តាហ៍នេះពីផែនការដែលមានការគាំទ្រយ៉ាងខ្លាំងពីសភាដើម្បីជំនួសរបងឈើរបស់ខ្លួនដែលធ្វើឡើងដើម្បីបញ្ឈប់សត្វពាហនៈកុំឱ្យឆ្លងកាត់នៅតាមបណ្តោយព្រំដែនដែលមានប្រវែង១ពាន់៣រយគីឡូម៉ែត្រដោយដាក់របងលួសបន្លាដើម្បីកុំឱ្យជនជាតិរុស្ស៊ីនិងជនចំណាកស្រុកចូលក្នុងប្រទេសហ្វាំងឡង់។ អ្នកស្រីនាយកមន្ត្រី Sanna Marin បានប្រាប់ពួកអ្នកយកព័ត៌មាននៅរដ្ឋធានីហែលស៊ិនគីថា «យើងសង្ឃឹមថា ការងារនេះអាចចាប់ផ្តើមបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន»។ ហ្វាំងឡង់បានឃើញជនចំណាកស្រុករុស្ស៊ីដ៏ច្រើនក្នុងខែកញ្ញាបន្ទាប់ពីការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឱ្យកេណ្ឌកងទ័ពមុនពេលខ្លួនរឹតត្បិតច្រកចេញចូលរបស់ខ្លួន។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានរិះគន់គូប្រជែងខាងគណបក្សសាធារណរដ្ឋចំពោះការស្នើថា ថវិការបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែនអាចត្រូវកាត់បន្ថយបន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែក្រោយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ លោកប្រធានាធិបតី Biden បាននិយាយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅក្នុងរដ្ឋ Pennsylvania ថា៖ «ពួកគេបាននិយាយថា ប្រសិនបើពួកគេឈ្នះ ពួកគេមិនទំនងផ្តល់ថវិកា បន្តផ្តល់ថវិកាដល់អ៊ុយក្រែនទេ»។ លោកប្រធានាធិបតីនិយាយទៀតថា «ជនទាំងនោះមិនយល់។ បញ្ហានោះធំជាងអ៊ុយក្រែនទៅទៀត។ វាជាបញ្ហាអឺរ៉ុបខាងកើត។ វាជាបញ្ហាអង្គការអូតង់។ វាប្រាកដជាមានផលវិបាកធ្ងន់ធ្ងរណាស់»។ លោក Biden និយាយទៀតថា៖ «ពួកគេមិនយល់ពីគោលនយោបាយការបរទេសអាមេរិក»។ មន្ត្រីជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋលោក Kevin McCarthy បាននិយាយកាលពីថ្ងៃអង្គារថា ប្រសិនបើគណបក្សរបស់លោកធ្វើឱ្យជឿនលឿនខ្លាំងនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដូចការរំពឹងទុក ខ្លួននឹងមិនផ្តល់ថវិកាដល់អ៊ុយក្រែនដែលហែកហួរដោយសង្គ្រាមនោះទេ។
- ប្រទេសតួកគីបាននិយាយកាលពីថ្ងៃសុក្រថា ការលុបចោលការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចលើប្រទេសនានារួមទាំងប្រទេសអ៊ីរ៉ង់និងវ៉េណេស៊ុយអេឡានឹងបន្ធូរបន្ថយវិបត្តិថាមពលសាកលលោកដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ វ៉េណេស៊ុយអេឡាបានរងការដាក់ទណ្ឌកម្មការលក់ប្រេងពីសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៩មក ហើយអ៊ីរ៉ង់បានស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅពេលដែលការចរចារវាងរដ្ឋាភិបាលក្រុងតេហេរ៉ង់និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីការធ្វើឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញបានជាប់គាំង។
- នៅថ្ងៃសុក្រនេះ ប្រទេសអ៊ីរ៉ង់បានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួនមិនឱ្យទៅប្រទេសអ៊ុយក្រែន និងបានប្រាប់ដល់ពលរដ្ឋអ៊ីរ៉ង់ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ឱ្យចាកចេញពីប្រទេសនេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការប្រទេសអ៊ីរ៉ង់។ ការប្រកាសនេះ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ថាបានជួយដល់ប្រទេសរុស្ស៊ី ក្នុងការប្រើប្រាស់យន្តហោះដ្រូននៅក្នុងប្រទេសអ៊ុយក្រែននោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសអ៊ីរ៉ង់ មិនបាននិយាយយោងទៅលើការចោទប្រកាន់របស់សហរដ្ឋអាមេរិកនោះឡើយ។ សេចក្តីជូនដំណឹងនេះ បានផ្តល់លេខទូរស័ព្ទរបស់ស្ថានទូតអ៊ីរ៉ង់ក្នុងរដ្ឋធានីកៀវ ដើម្បីឱ្យពលរដ្ឋរបស់ខ្លួនទាក់ទងដើម្បីសាកសួរព័ត៌មាន។
- ប្រធានាធិបតីប្រទេសតួកគីលោក Tayyip Erdogan ត្រូវបានសារព័ត៌មានស្រង់សម្តីមកចុះផ្សាយនៅថ្ងៃសុក្រនេះថា លោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសស៊ុយអែតលោក Ulf Kristersson ដើម្បីពិភាក្សាគ្នារឿងការសុំចូលជាសមាជិករបស់អង្គការអូតង់របស់ប្រទេសនេះ ក៏ដូចជាការពិភាក្សាទៅលើការធ្វើបត្យាប័នមនុស្សមួយចំនួន ដែលរដ្ឋាភិបាលក្រុងអង់ការ៉ា គិតថាជាភេរវជននោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ លោក Erdogan ក៏បាននិយាយផងដែរថាលោក Kristersson ដែលទើបតែត្រូវបានតែងតាំងក្នុងពេលថ្មីៗនេះ ជានាយករដ្ឋមន្ត្រីនៃប្រទេសស៊ុយអែតនោះ បានតាំងចិត្តថានឹងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ NTV របស់ប្រទេសតួកគី។