ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន បន្ត​ធ្វើឡើង​នៅ​ទីក្រុង​បាងកក


ប្រជាពលរដ្ឋ​អ៊ុយក្រែន កាន់បដា​ប្រឆាំង​សង្គ្រាម និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ក្នុង​អំឡុងពេល​ដើរ​ដង្ហែ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​បាងកក បន្ទាប់ពី​ការលុកលុយ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ (Tommy Walker/វីអូអេ)

បាតុកម្ម​ឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​រាជធានី​បាងកក​នៃ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ​ពីរ​ថ្ងៃ​ជាប់ៗគ្នា ដោយ​ក្រុម​បាតុករ​រាប់​រយ​នាក់​ បាន​ដង្ហែ​ក្បួន​ពី​ឧទ្យាន Lumpini នៃ​ទីក្រុង​បាងកក​ ឆ្ពោះ​ទៅ​កាន់​ឧទ្យាន Benchakitti។

លោក Oleklsandr Polieno ជា​វិស្វករ​កម្មវិធី Software កុំព្យូទ័រ​ជនជនជាតិ​អ៊ុយក្រែន ​ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​ថៃ​អស់​រយៈ​ពេល ៦ ឆ្នាំ​មក​ហើយ។ លោក ​បាន​ជិះ​យន្តហោះ​ចេញ​ពី​កោះ Phuket ដើម្បី​មក​ចូលរួម​បាតុកម្ម​នេះ។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «នេះ ​ជា​រឿង​មួយដែល​យើង​អាច​ធ្វើ​បាន​ពី​ក្រៅប្រទេស​ដើម្បី​ជួយ​គាំទ្រ​អ៊ុយក្រែន។ វា​បង្ហាញ​ថា មនុស្ស​គ្រប់​រូប​យល់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​អ៊ុយក្រែន ​ហើយពលរដ្ឋ​អ៊ុយក្រែន​នៅ​ទីនោះ​ ទទួល​បាន​ការគាំទ្រ​ពី​ពួក​យើង»។

អ្នកស្រី Sophie ជា​គ្រូ​បង្រៀន​ជនជាតិ​អ៊ុយក្រែន​ផ្នែក​សិល្បៈ​ដែល​ស្នើ​សុំ​មិន​ប្រាប់​នាម​ត្រកូល។ អ្នក​ស្រី​ថ្លែង​ថា ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​នៅ​អ៊ុយក្រែន កំពុង​ទទួល​រង​ការ​ឈឺ​ចាប់។

អ្នកស្រី​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «លោក Putin បាន​ចាប់ផ្ដើម​សង្គ្រាម​នេះ។ ក្រុមគ្រួសារ​របស់​យើង​ កំពុង​តែ​ទទួល​រងការ​ឈឺចាប់។ ពួក​គេ ​កំពុង​ស្ថិត​នៅ​ក្នុង​រូង​ក្រោមដី ដោយ​គ្មាន​ទឹក គ្មាន​អាហារ ហើយ​ពួក​គេ ​មិន​បាន​ដេក​ពួន​ទេ។ ពួក​គេ ​មាន​ការ​ភ័យ​ខ្លាច។ កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ រុស្ស៊ី​ បាន​ចាប់ផ្ដើម​វាយប្រហារ​ទៅ​លើ​ទីក្រុង​របស់​យើង។ ឥឡូវនេះ ​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​រូង​ក្រោមដី ​និង​កំពុង​តែ​បន់ស្រន់​ព្រះ»។

អ្នកស្រី Alexandra Bieliaieva ជា​ពលរដ្ឋមក​ពី​ទីក្រុង Odessa ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។ អ្នកស្រី​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ស្រី​ខ្ញុំ​ត្រឡប់​ទៅកាន់អ៊ុយក្រែន​វិញ​ទេ។ ខ្ញុំ​សង្ឃឹម​ថា ម្ដាយ​និង​បង​ស្រី​ខ្ញុំ​ អាច​គេចផុត​ពី​សង្គ្រាម​នេះ។ ខ្ញុំ​សង្ឃឹម​ថា ម្ដាយ​ខ្ញុំ ​អាច​ចាក​ចេញ​ពី​ប្រទេស​របស់​យើង​បាន»។

នៅ​ពេល​រសៀល​ដ៏​ក្ដៅក្នុង​ទីក្រុង​បាងកក បាតុករ​ខ្លះ ​បាន​ចាក់​ភ្លេង​ដោយ​ប្រើ​អូប៉ាល័រ​យូរដៃ ដោយ​រួមមាន​ទាំង​ភ្លេង​ជាតិ​អ៊ុយក្រែន​និង​ចម្រៀង​នៃ​ក្រុម​ចម្រៀក​រ៉ក់ Okean Elzy ផង​ដែរ។ បាតុកម្ម​នេះ ​ធ្វើ​ឡើង​ដោយ​សន្តិវិធី ចាប់តាំង​ពី​ដើម​រហូត​ដល់​ចប់ ​ដោយ​អ្នក​ចូលរួម​ភាគច្រើន​បាន​បិទ​ទង់ជាតិ​ ឬស្លៀក​សម្លៀក​បំពាក់​ដែល​មាន​ពណ៌​ដូច​ទៅ​នឹង​ទង់ជាតិ​អ៊ុយក្រែន។

អ្នកស្រី Natalia ជា​អ្នក​បង្កើត​គេហទំព័រ​ជនជាតិ​រុស្ស៊ី​ ដែល​សុំ​មិន​បញ្ចេញ​នាម​ត្រកូល។ អ្នកស្រី​ស្លៀក​សម្លៀក​បំពាក់​មាន​ពណ៌ទង់ជាតិ​អ៊ុយក្រែន​ ដើម្បី​ប្រឆាំង​នឹង​ការឈ្លានពាន​ពី​សំណាក់​ប្រទេស​របស់​អ្នកស្រី។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​ បាន​យំ​សោក​អស់២ថ្ងៃ​ហើយ។ តើ​ខ្ញុំ​ អាច​ធ្វើ​អ្វីបាន? វា​ជា​សុបិន្ត​អាក្រក់​មួយ​ដែល​យើង​ឃើញ​រឿង​នេះ​មកពី​ជ្រុង​ម្ខាង​ទៀត»។

អ្នកស្រី​ថ្លែង​ថា បណ្ដាញ​ផ្សព្វផ្សាយ​រុស្ស៊ី​ កំពុង​បំភ្លៃ​ការពិត​អំពី​ការ​ឈ្លានពាន​នេះ។

អ្នកស្រី​បន្ត​ថា៖ «ពួក​គេ​និយាយ​ថា លោក Putin ជា​វីរៈបុរស បាន​ជួយ​សង្គ្រោះ​ជនជាតិ​រុស្ស៊ី​ពី​គ្រប់​ទីកន្លែង ហើយ​យើង​គួរ​តែ​ប្រយុទ្ធ​ដើម្បី​ប្រជាពលរដ្ឋ​របស់​យើង។ ស្ដាប់​ទៅ វា​ហាក់​ដូចជា​ពួក​គេ​ទទួល​បាន​ជ័យ​ជម្នះ​រួច​ទៅ​ហើយ។ តែ​តាម​ពិត ពួកគេ ​ត្រូវ​បាន​បញ្ចូល​មនោគមវិជ្ជា។ ខ្ញុំ​គិត​ថា យើង​កំពុង​ដើរ​លើ​ផ្លូវ​ដែល​កូរ៉េខាង​ជើង​បាន​ដើរ»។

យុវជន Taras Golokoz អាយុ១៧ឆ្នាំ​ ជា​ពលរដ្ឋ​ថៃ​ដើម​កំណើត​អ៊ុយក្រែន។ យុវជន​នោះ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ខ្លួន​មាន​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជីដូន​ជីតា​របស់​ខ្លួនដែល​កំពុង​រស់​នៅ​ទីក្រុង Mykolaiv។

យុវជន​រូប​នោះ បានថ្លែង​ទៀត​ថា៖ «ពេល​ខ្លះ ពួក​គាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​នៅ​ពេល​ឮ​សំឡេង​ឧទ្ធម្ភាគចក្រ​របស់​រុស្ស៊ី​ហោះ​កាត់។ ខ្ញុំ​ព្រួយ​បាម្ភ​ណាស់ ព្រោះ​ពួក​គាត់​ អាច​ត្រូវ​គេ​បាញ់​នៅ​ពេល​ណា​មួយ។ ប៉ុន្តែ​ ពួក​គាត់​ទទួល​បាន​ការ​ផ្គត់ផ្គង់​គ្រា​មាន​អាសន្ន​ល្អ​ណាស់​នៅ​ក្នុង​ផ្ទះ។ ពួក​គាត់ ​ក៏​មាន​កន្លែង​គេច​ពី​គ្រាប់​បែក ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​តាម​អាកាស»។

អ្នកស្រី Lydia Zhuravlova ជា​សិល្បការនី​ផ្នែក​សម្ដែង បាន​និយាយ​ថា កង​កម្លាំង​រុស្ស៊ី​បាន​សម្លាប់​គ្រួសារ​របស់​អ្នកស្រី​ទាំង​អស់​កាល​ពី៧ឆ្នាំ​មុន នៅ​ពេល​ដែល​រុស្ស៊ី​ បាន​ឈ្លានពាន​ចូល​តំបន់ Donbas។

អ្នក​ស្រី បាន​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ បាន​បាត់បង់​គ្រួសារ​ដោយសារ​តែ​ការវាយ​ប្រហារ​លើក​ដំបូង។ នៅ​ពេល​នេះ ការវាយ​ប្រហារ​លើក​ទី២ បាន​ចាប់ផ្ដើម​ហើយ។ ថ្ងៃ​នេះ ខ្ញុំ​ងើបឈរ​ និង​ប្រយុទ្ធ​ដើម្បី​ប្រទេស​របស់​ខ្ញុំ​ដែល​គ្រួសារ​របស់​ខ្ញុំ​បាន​បន្សល់​ទុក​ឲ្យ​ខ្ញុំ។ យើង​ត្រូវការ​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ សព្វាវុធ​ និង​ជំនួយ​មនុស្សធម៌​សម្រាប់​ពលរដ្ឋ​របស់​យើង ព្រោះ​អ៊ុយក្រែន ​កំពុង​តែ​ប្រយុទ្ធ​តែ​ម្នាក់​ឯង»។

លោក Roman Vasylyovch បាន​ជួយ​រៀបចំ​ការធ្វើ​បាតុកម្ម​នេះ។ លោក​និយាយ​ថា បាតុកម្ម​ ក៏​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ខាងក្រៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ចន្ទផងដែរ។

លោក​ថ្លែង​ថា៖ «យើង រក​ចម្លើយ​របស់​យើង​ចេញពី​សកម្មភាព មិន​មែន​ចេះ​តែ​និយាយ​នោះ​ទេ។ យើង​អាច​គិត និង​និយាយ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ បើ​យើង​នៅ​តែ​និយាយ​ទៀត ពួកគេ​អាច​សម្លាប់​ពលរដ្ឋ​រហូត​ដល់​មួយ​លាន​នាក់។ សូម​ធ្វើ​សកម្មភាព​បន្ថែម​ទៀត និង​ជួយ​បន្ថែម​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន»។

រដ្ឋាភិបាល​ថៃ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជាសាធារណៈ​អំពី​ការ​ឈ្លានពាន​នេះ​ទេ ដែល​ខុស​ពី​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត​ដូចជា​សិង្ហបុរី​ និង​ឥណ្ឌូណេស៊ី។

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ឬ​អាស៊ាន​ដែល​រួមមាន​ទាំង​ប្រទេស​ថៃ​ផង​ដែរ​នោះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​អំពាវនាវ​ដល់​គ្រប់​ភាគី​ឲ្យ​រក្សា​ភាពអត់ធ្មត់​ខ្ពស់​បំផុត រួមមាន​ទាំង​ការប្រើ​មធ្យោបាយ​ការទូត​ដើម្បី​គ្រប់​គ្រង​ស្ថានការណ៍​នេះ។

លោក Pravit Rojanaphruk ដែល​ជា​អ្នកកាសែត​ជើង​ចាស់​នៅ​សារព័ត៌មាន​អនឡាញ​ជា​ភាសា​អង់គ្លេស Khaosod ជឿ​ថា រដ្ឋាភិបាល​ថៃ​ មិន​ចង់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ ដោយសារ​ហេតុផល​សេដ្ឋកិច្ច។

លោក បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា ថៃ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​រុស្ស៊ី។ ក្រុមហ៊ុន​ទេសចរណ៍​រុស្ស៊ី​ បាន​នាំ​ភ្ញៀវ​ទេសចរ​ពី​លោក​ខាង​លិច​យ៉ាង​ច្រើន​មក​កាន់​ប្រទេស​ថៃ»។

វិស័យ​ទេសចរណ៍ ជា​វិស័យ​ដែល​មាន​សារៈ​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​ថៃ។ នៅ​ឆ្នាំ​ ២០១៩ វិស័យ​ទេសចរណ៍​មាន​អាត្រា១១ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ថៃ ដែល​ក្នុង​នោះ ពលរដ្ឋ​ថៃ​ប្រមាណ ២០ ភាគរយ​ប្រកប​មុខ​របរ​ក្នុង​វិស័យ​នេះ។ នេះ​ បើ​តាម​ធនាគារ​នៃ​ប្រទេស​ថៃ។

នៅ​ប្រទេស​ផ្សេង​ទៀត​នៃ​ទ្វីប​អាស៊ី ក៏​មានការ​ធ្វើ​បាតុកម្ម​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន​ផង​ដែរ ដូចជា​កោះ​តៃវ៉ាន់ ​និង​ប្រទេស​ជប៉ុន ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ រដ្ឋាភិបាល​ទាំង​ពីរ បាន​ប្រកាស​ថា ពួកគេ​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុស្ស៊ី៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG