ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សិង្ហបុរី​នឹង​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ រួម​ទាំង​លើ​​ប្រតិបត្តិការ​ធនាគារ​​


រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី​លោក Vivian Balakrishnan កាល​ពី​ឆ្នាំ​២០១៩។
ប្រទេស​សិង្ហបុរី​ថា​ខ្លួន​នឹង​ដាក់​«ទណ្ឌកម្ម​និង​ការ​រឹតត្បិត​សមស្រប»​លើ​ប្រទេស​រុស្ស៊ី ដោយ​រួម​មាន​វិធានការ​រឹតត្បិតខាង​ធនាគារ​និង​ហិរញ្ញវត្ថុ និងការ​រឹតត្បិត​ការ​នាំ​ចេញ​នូវ​ទំនិញ​ទាំង​ឡាយ​ដែល​គេ​អាច​យក​ទៅ​ប្រើ​ជា​អាវុធ​ប្រឆាំង​នឹង​ប្រជាជន​អ៊ុយក្រែន។ នេះ​បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ចន្ទ ដែល​ត្រូវ​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។​

សិង្ហបុរី​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​របស់​អាស៊ី​និង​ជា​មជ្ឈមណ្ឌល​នាវាចរណ៍​អន្តរជាតិ​ផង​ដែរ​នោះ តែ​ងធ្វើ​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​កម្រ​ដាក់​ទណ្ឌកម្ម​ដោយខ្លួន​ឯង​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ​ណាស់។

រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី​លោក Vivian Balakrishnan បាន​ថ្លែង​ប្រាប់​សភាថា៖ «សិង្ហបុរី​មាន​បំណង​ចាត់វិធានការ​ស្រប​គ្នា​នឹង​បណ្តា​ប្រទេស​នានា​ដែល​មាន​គំនិត​ដូច​គ្នា ដើម្បី​ដាក់​ទណ្ឌកម្មនិង​ការ​រឹតត្បិតសមស្រប​ប្រឆាំង​នឹង​រុស្ស៊ី»។ លោក​បាន​ពិពណ៌នា​ការឈ្លានពាន​របស់​រុស្ស៊ី​ថា​មិន​អាច​ទទួល​យក​បាន និង​ជា​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ទំនៀមទម្លាប់​អន្តរជាតិ។​

លោករដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​ថ្លែង​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ​កើត​មាន​ឡើង​ដោយ​សារស្ថានភាព​«ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពី​មុន» ហើយ​ការណ៍​ដែល​រុស្ស៊ី​បាន​បោះឆ្នោត​វ៉េតូ​ប្រឆាំង​នឹង​សេចក្តី​ព្រាង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​សប្តាហ៍​មុន។

ចំណាត់ការ​របស់​សិង្ហបុរី​នេះ​ជាទណ្ឌកម្ម​ដំបូង​របស់​ប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ការ​សម្រេចដាក់​ទណ្ឌកម្ម​របស់​សិង្ហបុរី​នេះ​គឺ​ឯករាជ្យ​ពី​ជំហរ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ដែល​ខ្លួន​ជា​សមាជិក៕
XS
SM
MD
LG