ចក្រភពអង់គ្លេសបានបញ្ជូនមីស៊ីលបាញ់ក្នុងរង្វង់ចម្ងាយឆ្ងាយទៅឱ្យប្រទេសអ៊ុយក្រែន ដើម្បីវាយរុញច្រានកងកម្លាំងរុស្ស៊ីត្រឡប់ទៅក្រោយវិញ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace កាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន AP។
នេះជាប្រភេទអាវុធដែលត្រូវបានប្រគល់ជាលើកដំបូងដល់អ៊ុយក្រែន ដែលបានរង់ចាំអាវុធប្រភេទនេះអស់រយៈពេលជាយូរមកហើយពីសម្ព័ន្ធមិត្តរបស់ខ្លួន។
លោក Wallace បានប្រាប់សមាជិករដ្ឋសភាអង់គ្លេសថា ចក្រភពអង់គ្លេសកំពុងផ្តល់មីស៊ីលប្រភេទ Storm Shadow ដែលអាចបាញ់ដល់ក្នុងចម្ងាយ ២៥០ គីឡូម៉ែត្រទៅឱ្យអ៊ុយក្រែន។ លោកមិនបាននិយាយអំពីចំនួនមីស៊ីលប៉ុន្មានគ្រាប់ ដែលចក្រភពអង់គ្លេសត្រូវផ្តល់ឱ្យអ៊ុយក្រែននោះឡើយ។
លោក Wallace គ្រាន់តែនិយាយថា មីស៊ីលទាំងនោះ កំពុងត្រូវបានបញ្ជូន ឬក៏ទៅដល់អ៊ុយក្រែនរួចហើយ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានសន្យាកាលពីខែកម្ភៈកន្លងទៅថា ចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសទី ១ ដែលផ្តល់អាវុធបាញ់ក្នុងរង្វង់ចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន។ មីស៊ីលនេះនឹងផ្តល់សមត្ថភាពដល់អ៊ុយក្រែន ដើម្បីធ្វើការវាយប្រហារបានយ៉ាងល្អហួសពីខ្សែត្រៀមខាងមុខរបស់រុស្ស៊ី ដែលក្នុងនោះក៏រួមមានតំបន់ Crimea ដែលរុស្ស៊ីកំពុងកាន់កាប់ផងដែរ។
សារព័ត៌មានអង់គ្លេសរាយការណ៍ថា អ៊ុយក្រែនបានសន្យាថានឹងមិនប្រើគ្រាប់មីស៊ីលទាំងនេះ ដើម្បីវាយប្រហារទៅលើប្រទេសរុស្ស៊ីនោះឡើយ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសនិយាយថា គ្រាប់មីស៊ីលរបស់អង់គ្លេសនេះនឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបណ្តេញកងកម្លាំងរុស្ស៊ីចេញពីតំបន់ទឹកដីអ៊ុយក្រែន ដែលរុស្ស៊ីកំពុងកាន់កាប់នៅពេលនេះ។លោកបន្ថែមទៀតថា ការគាំទ្ររបស់អង់គ្លេសសម្រាប់អ៊ុយក្រែន គឺមានការទទួលខុសត្រូវ តាមស្តង់ដា ការសម្របសម្រួល និងប្រកបដោយភាពវៃឆ្លាត។
លោកថ្លែងបន្ថែមថា៖ «យើងមិនអាចឈរស្ងៀមនៅពេលដែលរុស្ស៊ីកំពុងតែសម្លាប់ជនស៊ីវិលនោះឡើយ»៕