ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​និយាយ​ថា​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប​ដល់‌​«ពេល​កំណត់​ចុងក្រោយ»​នៅ​ចុង​សប្តាហ៍​នេះ


ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Ursula von der Leyen (ស្តាំ) ស្វាគមន៍លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson (ឆ្វេង) មុនកិច្ចប្រជុំនៅទីស្នាក់ការកណ្តាល EU នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃពុធទី ៩ ខែធ្នូឆ្នាំ ២០២០ ។ (AP)
ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Ursula von der Leyen (ស្តាំ) ស្វាគមន៍លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson (ឆ្វេង) មុនកិច្ចប្រជុំនៅទីស្នាក់ការកណ្តាល EU នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃពុធទី ៩ ខែធ្នូឆ្នាំ ២០២០ ។ (AP)

រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ឈាន​មក​ដល់​«ពេល​កំណត់​ចុងក្រោយ»​នៅចុង​សប្តាហ៍​នេះ ហើយ​ភាគី​ទាំងពីរ​វាយ​តម្លៃ​ថា​ឱកាស​ព្រមព្រៀងគ្នា​មាន​តិចតួច។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP។

​លោក Dominic Raab ​រដ្ឋមន្រ្តីការបរទេស​អង់គ្លេសនិយាយ​ថា​កាលបរិច្ឆេទ​កំណត់​ចុងក្រោយ​គឺ​នៅ​ថ្ងៃអាទិត្យ​សម្រេច​ដោយ​អង់គ្លេស​និង​សហភាព​អឺរ៉ុបប៉ុន្តែ​លោក​បន្ថែម​ថា​«អ្នកមិនអាច​និយាយ​ថា​ចប់​ទាំងស្រុង​ទេ»។​

ប្រធាន​គណៈកម្មការ​សហគមន៍​អឺរ៉ុប​លោកស្រី​ Ursula von der Leyen និង​លោក ​Boris Johnson ​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​ បាន​បើក​កិច្ច​ប្រជុំ​អំឡុង​អាហារ​ពេល​ល្ងាច​រយៈពេល​៣​ម៉ោង​កាលពី​ថ្ងៃពុធ​ ដោយ​សង្ឃឹម​ថា​ជា​កិច្ចពិភាក្សា​កម្ចាត់​ការជាប់គាំង ប៉ុន្តែ​នៅ​ពេល​បញ្ចប់​ពួកគេ​បាន​និយាយ​ថា​ការខ្វែង​គំនិត​របស់​ពួកគេ​មាន​គម្លាត​ធំ។​ អ្នកស្រី​ von der Leyen ​និយាយ​ថា​«យើង​យល់​ពី​ជំហរ​គ្នា​ទៅវិញ​ទៅមក»។ ពួកគេ​បាន​ប្រាប់​អ្នកចរចា​របស់​ពួកគេ​ឱ្យ​បន្ត​ពិភាក្សាហើយ​កំណត់​យក​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃស​ម្រេចចិត្ត។​

បើគ្មាន​កិច្ចព្រមព្រៀង​ទេ​សហភាព​អឺរ៉ុប​និង​អង់គ្លេស​ប្រឈម​នឹង​បញ្ហា​ច្របូក​ច្របល់​នៅចុង​ខែ​នេះ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ហើយ​វាគំរាម​កំហែង​ដល់​ការងារ​រាប់​សែននិង​ខាតបង់ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។ អង់គ្លេស​បាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​៣១​ ខែមករា​ ប៉ុន្តែ​នៅ​តែ​រក្សារចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ។ វា​មាន​ន័យ​ថា​ការប្រេះឆា​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ថ្ងៃទី១​ខែមករា​ឆ្នាំ​ក្រោយ​ដែល​អាច​មាន​ភាពវឹកវរ​ប្រសិនបើ​មិនមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទេ៕

XS
SM
MD
LG