ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយនៅថ្ងៃពុធថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់បានធ្វើឲ្យប្រទេសរបស់លោកមានការលំបាកក្នុងការទិញថ្នាំពេទ្យនិងគ្រឿងផ្គត់ផ្គង់បរិក្ខារពេទ្យផ្សេងៗទៀតពីក្រៅប្រទេសដែលក្នុងនោះក៏រួមមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ផងដែរ ដែលប្រទេសរបស់លោកត្រូវការជាចាំបាច់ដើម្បីទប់ស្កាត់ការផ្ទុះឆ្លងរាលដាលដ៏ខ្លាំងក្នុងតំបន់មជ្ឈិមបូព៌ា។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ទណ្ឌកម្មរាំងខ្ទប់លើវិស័យធនាគារនិងឧស្សាហកម្មប្រេងនិងឧស្ម័នដ៏សំខាន់របស់ប្រទេសអ៊ីរ៉ង់ចាប់តាំងពីសហរដ្ឋអាមេរិកបានដកខ្លួនចេញជាឯកតោភាគីពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨មក។
ខណៈពេលដែលសហរដ្ឋអាមេរិកលើកឡើងថាថ្នាំពេទ្យនិងទំនិញក្នុងលក្ខណៈមនុស្សធម៌មិនត្រូវបានភ្ជាប់ទៅនឹងការដាក់ទណ្ឌកម្មរបស់ខ្លួននោះការរឹតបន្តឹងលើពាណិជ្ជកម្មបានធ្វើឲ្យធនាគារនិងក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកមានភាពស្ទាក់ស្ទើរអល់អែកក្នុងការធ្វើជំនួញជាមួយអ៊ីរ៉ង់ដោយពួកគេខ្លាចរងការព្រមានសងសឹកពីរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន។ អ៊ីរ៉ង់ក៏បានកាត់ផ្តាច់ផងដែរពីប្រព័ន្ធធនាគារអន្តរជាតិដែលធ្វើខ្លួនលំបាកខ្លាំងក្នុងការបង្វិលសាច់ប្រាក់ទូទាត់ផ្សេងៗ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Rouhani ត្រូវបានទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ដកស្រង់សម្តីថា៖ «ពលរដ្ឋរបស់យើងគួរដឹងថាចំពោះសកម្មភាពដែលយើងមានផែនការនឹងអនុវត្តដើម្បីនាំចូលថ្នាំពេទ្យវ៉ាក់សាំងការពារជំងឺកូវីដ១៩និងបរិក្ខាពេទ្យនោះយើងគួរត្រូវជេរលោក Trump ឲ្យបាន១០០ដង»។
លោកបន្តថាគ្រាន់តែរឿងទិញដូរថ្នាំសង្កូវក្នុងលក្ខណៈធម្មតាពីក្រៅប្រទេសនោះបានធ្វើឲ្យយើងជួបប្រទះការលំបាកជាខ្លាំងហើយយើងត្រូវប្រើពេលរាប់សប្តាហ៍ក្នុងការបង្វិលសាច់ប្រាក់ទូទាត់។
លោក Rouhani បន្តទៀតថាអាជ្ញាធរអ៊ីរ៉ង់កំពុងដុតដៃដុតជើងដើម្បីធ្វើអ្វីដែលគេអាចធ្វើបានក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីក្រៅប្រទេសហើយសង្ឃឹមថានឹងចាក់វ៉ាក់សាំងនោះទៅឲ្យអ្នកដែលមានការប្រឈមខ្ពស់ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
កាលពីសប្តាហ៍មុនអ៊ីរ៉ង់ថាខ្លួនកំពុងសិក្សាផលិតវ៉ាក់សាំងផ្ទាល់ខ្លួនដោយរំពឹងថានឹងអាចចាក់សាកល្បងទៅលើមនុស្សនៅខែក្រោយ។ អ៊ីរ៉ង់មានគម្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន២០លានដូសពីក្រៅប្រទេសសម្រាប់ពលរដ្ឋរបស់ខ្លួនដែលមានចំនួនសរុប៨០លាននាក់។
អ៊ីរ៉ង់មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ជាង៥០.០០០នាក់និងមានអ្នកឆ្លងជាង១លាននាក់និងជាប្រទេសមួយដែលឆ្លងខ្លាំងបំផុតក្នុងតំបន់មជ្ឈិមបូព៌ា៕