នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើដំណើរទៅទីក្រុងប៊្រុចសែលប្រទេសប៊ែលហ្សិកនៅថ្ងៃពុធដើម្បីចូលរួមពិសាអាហារពេលល្ងាច ជាមួយប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុប អ្នកស្រី Ursula von der Leyen ក្នុងការស្វែងរកដំណោះស្រាយជាលើកចុងក្រោយ ដើម្បីជៀសវាងភាពច្របូកច្របល់ដែលអាចកើតមានឡើងដោយសារតែគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្រោយការចាកចេញជាផ្លូវការពីសហភាពអឺរ៉ុប ឬ Brexit របស់អង់គ្លេសក្នុងរយៈពេលបីសប្តាហ៍ខាងមុខទៀតនេះ។
ដោយបារម្ភ ពីភាពច្របូកច្របល់ដែលអាចនឹងកើតមានឡើងដោយសារតែគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ ចំពោះវិបត្តិនៃការចាកចេញរបស់អង់គ្លេស អស់រយៈពេល៥ឆ្នាំ ដែលប្រទេសមួយនេះនឹងត្រូវចាកចេញជាផ្លូវការនៅថ្ងៃទី៣១ខែធ្នូខាងមុខនេះ កម្មវិធីពិសាអាហារល្ងាច រវាងមេដឹកនាំទាំងពីរនេះ អាចត្រូវបានគេមើលឃើញថាជម្រើសចុងក្រោយដើម្បីរកច្រកចេញពីការជាប់គាំងលើកិច្ចពិភាក្សាពាណិជ្ជកម្មរវាងភាគីទាំងពីរ។
ប្រភពមួយពីមន្ត្រីរដ្ឋាភិបាលអង់គ្លេសបានគូសបញ្ជាក់ថា៖ «យើងត្រូវមានភាពប្រាកដនិយមដែលថា កិច្ចព្រមព្រៀងមួយនឹងមិនអាចកើតមានឡើងនោះទេព្រោះដោយសារយើងនឹងមិនសម្របសម្រួលលើការទាមទារយកបូរណភាពរបស់អង់គ្លេសនោះឡើយ»។
រដ្ឋមន្ត្រីការបរទេសអៀរឡង់លោក Simon Coveney លើកឡើងថាលោកជឿជាក់ថា ប្រទេសអង់គ្លេស ចង់ស្វែងរកវិធីដោះស្រាយដើម្បីសម្រេចកិច្ចព្រមព្រៀងមួយ ដោយលោកបានដកស្រង់សម្តីនៃកិច្ចសន្ទនាជាមួយមន្ត្រីរដ្ឋាភិបាលទីក្រុងឡុងដ៍៕