ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​​ការ​បរទេស​ចក្រភព​អង់គ្លេស​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពង្រឹង​ចំណង​ទាក់ទង


នៅ​ក្នុង​រូប​ថត​ផ្តល់​ឱ្យ​នេះ លោក Dominic Raab រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​ថ្លែងក្នុង​សន្និសីទ​ព័ត៌មាន​មួយ​​ក្នុង​ក្រុង​ឡុងដ៍​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២០។
នៅ​ក្នុង​រូប​ថត​ផ្តល់​ឱ្យ​នេះ លោក Dominic Raab រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​ថ្លែងក្នុង​សន្និសីទ​ព័ត៌មាន​មួយ​​ក្នុង​ក្រុង​ឡុងដ៍​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២០។

រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ចក្រភព​អង់គ្លេស​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា នៅថ្ងៃ​ពុធ ទី​២៣ ខែ​មិថុនា ដែល​នេះ​ជា​ទស្សន​កិច្ច​លើក​ដំបូង ក្រោយ​ចក្រ​ភពអង់​គ្លេស​បាន​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ឬហៅ​ថា Brexit។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជានឹង​ជួបជាមួយ​លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋ​មន្រ្តី​ការ​បរទេស​និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស ហើយ​រដ្ឋមន្រ្តី​ទាំង​ពីរ​នឹង«ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី ព្រម​ទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ប្រយោ​ជន៍​និង​កង្វល់​រួម»។

លោក​ ដូមីនិក រ៉ាអាប់ ក៏​នឹង​មាន​ជំនួប​ជាមួយ លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ផង​ដែរ។

ក្រសួង​ការ​បរទេស​កម្ពុជាបាន​បញ្ជាក់​ថា៖ «ទស្សន​កិច្ច​ផ្លូ​វកា​ររបស់​ឯក​ឧត្តម ដូមីនិក រ៉ាអាប់ នៅ​កម្ពុជា​នឹង​ជួយ​រួម​ចំណែក​ជំរុញ​និង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ និង​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​នៅ​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពហុភាគី​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន»។

កាល​ពី​ថ្ងៃ​សៅរ៍ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​លោក​បាន​លុប​ចោល​ជំនួបដែល​បាន​ព្រាង​ទុក​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ចក្រ​ភព​អង់គ្លេស ដោយ​លោក​ថា​លោក​បាន​ពាក់​ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​ឆ្លង​ជំងឺកូវីដ​១៩​ម្នាក់ ដែល​តម្រូវ​ឲ្យ​លោក​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា រដ្ឋមន្រ្តី​ការ​បរទេស​អង់​គ្លេស​នឹង​មកបំពេញ​ទស្សន​កិច្ច​ជា​បន្ត​បន្ទាប់​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍ ដើម្បី​ជំរុញ​នូវ​«យុគ​សម័យ​ថ្មី»នៃ​កិច្ច​សហប្រតិបត្តិ​ការ​សន្តិសុខ​ចក្រភព​អង់គ្លេស​-ឥណ្ឌូ​ប៉ាស៊ី​ហ្វិក។ ទស្សនកិច្ចក្នុង​ប្រទេស​កម្ពុជា​កើត​ឡើង មុន​ពេល​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២។

គួរ​បញ្ជាក់​ថា​កាល​ពី​ចុង​ឆ្នាំ​២០២០ ចក្រ​ភព​អង់​គ្លេស​ដែល​ចាក​ចេញពី​សហភាពអឺរ៉ុប បាន​ប្រកាស​ថា​អង់គ្លេស​មិន​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា ដូច​តាម​ចំណាត់​ការ​របស់​សហ​ភាព​អឺរ៉ុប​ដែល​បាន​សម្រេច​កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ដោយ​សារ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​កម្ពុជា​នោះ​ទេ។

ប៉ុន្តែ​កន្លង​ទៅ ស្ថាន​ទូត​អង់​គ្លេស​ប្រចាំ​នៅ​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា​ចក្រ​ភព​អង់គ្លេស​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​សេរីភាព​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នឹង​បន្ត​តាម​ដាន​ស្ថាន​ការណ៍​ទាំង​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG