ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​ដែល​ចាកចេញ​ពី​សហភាព​អឺរ៉ុប សម្រេច​មិន​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា


រដ្ឋមន្ត្រីក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ជួបប្រជុំ​ជាមួយ​អ្នកស្រី Tina Redshaw ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ (រូបថតពីទំព័រហ្វេសប៊ុក Ministry of Foreign Affairs and International Cooperation - Cambodia)
រដ្ឋមន្ត្រីក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ជួបប្រជុំ​ជាមួយ​អ្នកស្រី Tina Redshaw ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ (រូបថតពីទំព័រហ្វេសប៊ុក Ministry of Foreign Affairs and International Cooperation - Cambodia)

ស្ថានទូត​អង់​គ្លេស​ប្រចាំ​នៅ​កម្ពុជា​ និង​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ឲ្យ​ដឹងដូច​គ្នា​ថា ​ចក្រ​ភព​អង់​គ្លេសដែល​ចាក​ចេញពី​សហភាពអឺរ៉ុប បាន​សម្រេច​មិន​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា ដូច​តាម​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប។

ការ​សម្រេច​នេះ ក្រោយ​មាន​ជំនួបរវាង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​ កាល​ពី​ថ្ងៃពុធ ទី១៦ ខែធ្នូ កន្លងទៅនេះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ផ្ញើ​មក​ VOA​ នៅ​ថ្ងៃ​សុក្រ​នេះ ស្ថាន​ទូត​អង់​គ្លេស​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា​ ឯក​អគ្គ​រាជ​ទូត​អង់​គ្លេស លោក​ស្រី Tina Redshaw បាន​ប្រាប់​ទៅ​ភាគី​កម្ពុជា​នៅក្នុង​កិច្ច​ប្រជុំ​ថា កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​ចក្រ​ភព​អង់​គ្លេស ដោយ​មិន​មាន​ការ​កាត់​ចំណែក​ណា​មួយ​នោះ​ទេ។ ប៉ុន្តែស្ថាន​ទូត​មិន​បាន​បញ្ជាក់​មូល​ហេតុ​នៃ​ការ​មិន​កាត់​ផ្តាច់​តាម​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប​កាល​ពី​កន្លង​ទៅទេ។

ស្ថាន​ទូត​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ឯក​អគ្គ​រាជ​ទូត​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ចក្រ​ភព​អង់គ្លេស​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​សេរី​ភាព​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​នឹង​បន្ត​តាម​ដាន​ស្ថាន​ការណ៍​ទាំង​នោះ»។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​ទូត​អង់គ្លេស រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​ជាមួយ​ការ​ស្នើ​សុំ​របស់​ចក្រភព​អង់​គ្លេស ដើម្បី​រៀបចំ​ការ​ពិភាក្សា​ទៀង​ទាត់​មួយ​ជាមួយអាជ្ញាធរ​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស និង​សេរីភាព​ផ្សេង​ទៀត។

ចំណែកសេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​ដឹង​ថា​ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២១​ត​ទៅ ចក្រភព​អង់គ្លេស​នឹង​អនុវត្ត​គោល​នយោបាយ​ពាណិជ្ជ​កម្មឯករាជ្យ ក្រោយ​ Brexit ​ឬ​ការ​ចាក​ចេញរបស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។

ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ថា៖ «រដ្ឋ​មន្ត្រី​ទាំង​អស់​របស់​អង់​គ្លេស​បាន​សម្រេច​ថា​ នឹង​មិន​បន្ត​អនុវត្ត​ការ​ព្យួរ​មួយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ក្នុង​ក្រប​ខណ្ឌ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​ទាំង​អស់ លើក​លែង​សព្វា​វុធ​មក​លើ​កម្ពុជា​ទៀត​ទេ»។

ក្រសួង​ការបរទេស​កម្ពុជា​បន្ត​ថា​ ការ​សម្រេច​មិន​កាត់​ផ្តាច់ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ ដែលការ​នាំ​ចេញ​ទៅ​ចក្រ​ភព​អង់គ្លេស​តាម​ប្រព័ន្ធ​អនុគ្រោះនេះ ​មាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារអាមេរិក ដោយ​សារជំងឺ​កូវីដ​១៩​ប៉ះ​ពាល់​ប្រជា​ពលរដ្ឋ​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កម្មករ​រោង​ចក្រ​ផង​ដែរ។

ជា​ការ​ឆ្លើយ​តប រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​កោត​សរសើរ​ចំពោះ​ការ​សម្រេច​របស់​ចក្រភព​អង់គ្លេស ដោយ​ចាត់​ទុក​ថា នេះ«ជា​ការ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា»។ ​

កាល​ពី​ខែ​សីហា ឆ្នាំ​២០២០​នេះ សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA ​មួយ​ផ្នែក ​គឺ​២០%​ពី​កម្ពុជា​ ​ដោយ​សារ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ការ​ដក​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ជាដើម។

លោក​ ឃុន ថារ៉ូ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់​ត្រាល់ ​មាន​ប្រសាសន៍​ថា បើ​ទោះ​មាន​ការ​ផ្តល់​ឲ្យ​កម្ពុជា​ក្នុង​ស្ថានភាព​នេះ រដ្ឋាភិបាលកម្ពុជា​មិន​គួរភ្លេច​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​សំខាន់​នោះ យើង​ពិនិត្យ​មើល​ទៅ​នឹង​លក្ខខណ្ឌនៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដោយ​ឡែក​នៅ​ក្នុង​ការដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង។ អញ្ចឹង​ន័យ​ហ្នឹង គឺ​រាជ​រដ្ឋាភិបាល​ហ្នឹង​នៅ​តែ​មាន​កាតព្វកិច្ច​នៅ​ក្នុង​ការធានា​ឲ្យ​មាន​ការអនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​ការ​គោរព​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​ហ្នឹង​ឯង»។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​ថា ​ការ​សម្រេច​ណា​មួយរបស់​ចក្រ​ភព​អង់គ្លេស​ជា​ផល​ប្រយោជន៍​របស់​គេ​ដែល​លោក​សំដៅ​ថា ​អង់គ្លេស​ចង់​រក្សាលំនឹង​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ប្រទេស​ជា​ដៃ​គូ ក្រោយ​ចាក​ចេញ​ពី​អឺរ៉ុប។

លោក​ថ្លែង​ប្រាប់​VOA​ថា៖ «អង់​គ្លេស​ចង់​រក្សា​នូវ​ស្ថានភាព​ការ​ធ្វើ​ពាណិជ្ជកម្មក្រៅ​ប្រទេស​ជាមួយ​នឹង​ដៃ​គូ​ដែល​ធ្លាប់​ធ្វើ​កន្លង​មក​នៅ​ក្រោយ​ដែល​ខ្លួន​ផ្តាច់​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវ​ការ»។

លោក​បន្ថែម​ថា​ ហេតុ​ផល​មួយ​ទៀត ​អាច​បណ្តាល​មក​ពី​ស្ថានភាព​ជំងឺ​កូវីដ​១៩ ដែល​លោក​ថា ​រឹត​តែ​ធ្វើ​ឲ្យ​ស្ថាន​ភាព​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​កាន់​តែ​លំបាក​លំបិន ប្រសិន​បើ​មាន​ការ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ។ លោក​លើក​ឡើង​ទៀត​ថា​ចក្រភព​អង់គ្លេស​ ក៏​ត្រូវ​ការ​កម្ពុជា​គាំទ្រ​នៅ​ពេល​នេះ ក្រោយ​ចាក​ចេញ​ពី​អឺរ៉ុប។

ទោះ​ជា​យ៉ាងណា លោក ប៉ា ចន្ទ​រឿន ​អំពាវនាវ​ឲ្យចក្រ​ភព​អង់គ្លេស​បន្ត​ជួយ​កម្ពុជា ប៉ុន្តែ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យនៅ​កម្ពុជា​នោះ​ទេ។ លោក​មិន​ទាន់​អាចវិនិច្ឆ័យ​ថា​ តើចក្រ​ភព​អង់​គ្លេស​នឹង​មាន​ទឹក​មាត់​ប្រៃ​ក្នុង​ការ​ជជែក​ជាមួយ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​សិទ្ធិ​មនុស្ស​ ឬ​យ៉ា​ង​ណា៕

XS
SM
MD
LG