ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ សមាគម​អន្តរជាតិ​ចំនួន​៣៣ អំពាវនាវ​ឲ្យ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់ប្តូរ​ជំហរ​ដើម្បី​រក្សា EBA


រូបឯកសារ៖ កម្មកររោងចក្រ​កាត់ដេរ​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក H&M ខេត្ត​កណ្ដាល ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៨។ REUTERS/Samrang Pring/File Photo

ការអំពាវនាវនេះ ធ្វើឡើងនៅ​៣​សប្តាហ៍​ មុន​ពេល​​សហភាព​អឺរ៉ុប​ចាប់ផ្តើម​​ផ្អាក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​មួយ​ចំនួន​​របស់​កម្ពុជា។

អង្គការ​សង្គមស៊ីវិល​អន្តរជាតិ​ និង​សមាគម​តំណាង​អ្នក​បញ្ជា​ទិញ​ចំនួន​៣៣​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ធំៗ​ចំនួន​១៣​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​អនុលោម​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«គ្រប់មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ» ​ឬ ​ហៅ​កាត់​ថា ​EBA​ ទាំងមូល។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ ​៣​សប្តាហ៍​មុន​ពេល​ដែល​សហភាព​អឺរ៉ុប​ គ្រោង​នឹងចាប់ផ្តើម​អនុវត្ត​ការ​ផ្អាក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​មួយ​ចំនួនរបស់​កម្ពុជា ​នៅ​ថ្ងៃ​ទី​១២ ​ខែ​សីហា​ ឆ្នាំ​២០២០​នេះ។​

សហភាព​អឺរ៉ុប​បាន​ផ្តល់​ពេល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​១​ឆ្នាំ ​ដើម្បី​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​ ក្រោយ​ពី​មាន​ការ​បង្ក្រាប​ទៅលើ​គណបក្ស​ប្រឆាំង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​តាំង​ពី​ឆ្នាំ​២០១៧​មក។

លិខិត​ចំហ​របស់​ក្រុម​សង្គមស៊ីវិល​អន្តរជាតិ​ រួម​មាន​អង្គការ​ Article 19, EarthRights International, Globla Witness ​និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស​ Human Rights Watch​ជា​ដើម ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១ ​ខែ​កក្កដា​នេះ បាន​សរសេរ​ថា៖​

«យើង​ខ្ញុំ​សូម​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​លទ្ធិ​ប្រជា​ធិបតេយ្យ​ទាំង​១៣ ​មេត្តា​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ដើម្បី​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​នាំ​មក​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ នីតិរដ្ឋ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់»។​

រដ្ឋាភិបាល​ទាំង​១៣​ប្រទេស​ដែល​ក្រុម​សង្គមស៊ីវិល​ទាំង​នេះ​ បាន​ស្នើ​ឲ្យ​ធ្វើ​អន្តរាគមន៍​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ រួម​មានប្រទេស​អូស្ត្រាលី ​កាណាដា​ ហ្វាំងឡង់ ​បារាំង ​អាល្លឺម៉ង់​ ឥណ្ឌា ​ជប៉ុន ​ណូវេហ្សេឡង់ ​ស៊ុយអែត ហូឡង់ កូរ៉េខាងត្បូង​ ចក្រភព​អង់គ្លេស និង​សហ​រដ្ឋ​អាមេរិក៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG