ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព៖ កម្ពុជា អាច​ពិបាក​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អង់គ្លេស​ដោយសារ​រឿង​សិទ្ធិមនុស្ស


រូបឯកសារ៖ ទង់ជាតិ​អង់គ្លេស ដោត​នៅ​មុខ​ការិយាល័យ​នាយក​រដ្ឋមន្រ្តី Downing Street ក្នុង​ទីក្រុងឡុងដ៍​នៃ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

ក្រុម​មេដឹកនាំ​សហជីព​នៅ​កម្ពុជាលើក​ឡើង​ថា ​ពួកគេ​មិន​សង្ឃឹម​ខ្លាំង​នោះ​ទេ ​ទៅលើ​ទីផ្សារ​របស់​ចក្រភព​អង់គ្លេស ក្នុង​ការប៉ះប៉ូវ​ការ​ខូចខាត​ផល​ចំណេញ​របស់​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​ ដែល​បានបាត់​បង់មួយ​ផ្នែក​នៃ​ឋានៈ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប ​ចាប់​តាំង​ពី​ខែ​សីហា​ ឆ្នាំ​២០២០។

ការ​លើក​ឡើង​នេះ​ ខណៈ​ចក្រភព​អង់គ្លេស​ដែល​ចាក​ចេញពី​សហភាព​អឺរ៉ុប ត្រូវ​ការ​ពេល​វេលា​ច្រើន ​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ និងបញ្ហារនាំង​ពន្ធគយ​នានា ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ឬ​ហៅថា​ GMAC ​បាន​ចង្អុល​បង្ហាញ​សមាជិក​ខ្លួន​ ឲ្យងាក​ទៅ​ទាញ​ប្រយោជន៍​ពីសក្តានុពល​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូ​ទៅ​ (GSP) របស់​ចក្រភព​អង់​គ្លេស​ ដែល​កំពុង​ស្ថិត​ក្នុងអន្តរកាល​នៃការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​។ បើ​តាមGMAC ​ដំណាក់​កាល​អន្តរ​កាល​នៃ​Brexit ​ឬការ​ចាកចេញពី​សហភាព​អឺរ៉ុប​នេះ ​នឹង​ត្រូវ​បញ្ចប់​នៅចុង​ឆ្នាំ​២០២០​នេះ។

លោក ​អាត់ ធន់​ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា​ លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​របស់​ចក្រ​ភព​អង់​គ្លេស​ គឺមិន​ខុសគ្នា​ប៉ុន្មាន​ពីលក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​នោះ​ទេ។​ ក៏ប៉ុន្តែ​លោក​ថា​ រហូត​មក​ដល់​ពេល​នេះ​ គេមិន​ទាន់​ប្រាកដ​ថា​ចក្រភព​អង់គ្លេស​ ​នឹង​ត្រូវផ្តោត​លើ​កិច្ចការ​អ្វី​ជាអាទិភាព ​គ្រា​ដែល​ប្រទេស​នេះ ​ក៏កំពុង​សើរើ​កិច្ចព្រមព្រៀង​ផ្សេង​ៗ​ ដែលខ្លួន​បាន​ធ្វើ​ជាមួយ​សហភាព​អឺរ៉ុប​ ក្នុង​នោះ​មាន​ទាំង​បញ្ហា​ពាណិជ្ជ​កម្មផង​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ ​«ការ​រៀបចំ​ទំនាក់​ទំនង​ជាមួយ​នឹង ​EU [សហភាព​អឺរ៉ុប] មក UK [ចក្រភព​អង់គ្លេស]​ វិញ​ហ្នឹង​។ បើតាម​យើង​ដឹងហ្នឹង គឺ​ថាស្មុគស្មាញ​មែន​ទែន​ ព្រោះ​ផ្នែក​ខ្លះ​គេយក​ពន្ធ ផ្អែកខ្លះ​ត្រូវ​អត់​យក​ពន្ធ​ ផ្នែក​ខ្លះ​ត្រូវ​អនុញ្ញាត​ឲ្យចូល​ ខ្លះ​មិន​អនុញ្ញាត​ឲ្យ​ចូល​ ហើយ​ផ្នែក​ខ្លះគោល​ការណ៍​ នៅ​ក្នុង EU ត្រូវ​ដក​ចេញ​ទាំង​អស់​ហ្នឹង​ ហើយគេចាប់​ផ្តើមគិត​ឡើង​វិញ​ បើយើង​និយាយ​ទៅ​បច្ចេកទេស​នៅ​ក្នុង UK​ខ្លួន​ឯង​ប្រហែលជា​ត្រូវ​ការ​ពេលវេលាច្រើន​ណាស់​»។

មេដឹកនាំ​សហជីពរូបនោះ​ បាន​ព្យាករ​ណ៍ថា​ វា​នឹង​មិន​មែន​ជាការ​ងាយ​ស្រួល​សម្រាប់​កម្ពុជា​ ដើម្បី​ចរចា​សុំ​ការ​នាំ​ទំនិញ​ដោយ​រួច​ពន្ធ ​ចូល​ទៅ​ទីផ្សារ​ចក្រភព​អង់គ្លេសនោះ​ទេ​ ដោយសារអង់គ្លេស​នឹង​មិន​បោះបង់​ចោល​លក្ខខណ្ឌ​ពាក់​ព័ន្ធនឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នោះ​ដែរ។

លោក​បន្ថែម​ថា៖​ «នៅពេល​ដែល​យើង​ចុះ​កិច្ច​ព្រម​ព្រៀង ​GSP​ នៅ ​UK ជាពិសេស​ប្រទេស​លោក​ខាង​លិច​ គេ​តែង​តែ​មាន​លក្ខ​ខណ្ឌ​ហើយ​។ បើមិន​ប្តូរ​ទៅ​នឹង​លក្ខខណ្ឌ​ការងារ​ អាច​នឹង​មាន​លក្ខខណ្ឌ​អី​ ឲ្យ​គោរព​អី​ សិទ្ធិមនុស្ស​ ឬក៏​ប្រជា​ធិប​តេយ្យ​ ខ្ញុំគិត​ថាមិន​ខុស​គ្នា​ពីអាមេរិក​ និង​សហគមន៍​អឺរ៉ុប​ទេ​។ ហើយ​មិន​ដឹង​ថាUKហ្នឹង​ឲ្យ​ពន្ធ​free[មិន​យក​ពន្ធ]ដូច​EBA[ប្រព័ន្ធ​អនុគ្រោះពន្ធ​គ្រប់​មុខ​ទំនិញ​ លើក​លែង​សព្វាវុធ] ​ឬក៏​អត់​ទេ បើ​ឲ្យ​ពន្ធ​free វាចំណេញ​ ព្រោះ​ឥឡូវ EU​ គេយក​២០​ភាគរយ​នៃ​ពន្ធ នៃ​មុខ​ទំនិញ​មួយ​ចំនួន​ហើយ​»។​

លោក​លើកឡើង​ទៀត​ថា​ បើតាម​បទពិសោធន៍​នៃការ​ចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​កន្លងមក​ កម្ពុជា​អាចត្រូវ​ការ​ពេល​ជាង​មួយ​ឆ្នាំ​ ដើម្បី​ចរចាសុំ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​GSP​ររបស់​ចក្រ​ភព​អង់គ្លេស។

បើតាម​ការ​ពន្យល់​របស់​GMAC ​ប្រព័ន្ធ​GSP​របស់​អង់គ្លេស​នេះ​ ដំបូង​នឹង​ផ្តល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​ប្រទេស​នានា​ដូចGSPរបស់​សហភាព​អឺរ៉ុប​ ដែល​ផ្តល់​ឲ្យកម្ពុជា ​តាម​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​» ឬ EBA។

GMAC ​ប្រាប់​សមាជិក​ខ្លួន​ក្នុង​សេចក្តី​ណែ​នាំមួយ​ចុះ​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា​ថា៖​«កម្ពុជា​ ដែល​ត្រូវ​បាន​ចាត់​ថា្នក់​ដោយ​អង្គការ​សហប្រជាជាតិ​ថា ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ​គឺ​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​ប្រទេស​អភិវឌ្ឍន៍តិចតួច​បំផុត​។ ហេតុដូច្នេះ​ កម្ពុជា​នឹង​ទទួលបាន​ការ​នាំចេញ​ដោយ​មិន​ជាប់ពន្ធ​ និង​មិន​ជាប់​ការកម្រិតកូតាទៅកាន់​ប្រទេស​អង់​គ្លេស​ សម្រាប់​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ ​និង​គ្រឿង​ផ្ទុះ»។

លោក ​ខេន លូ អគ្គលេខាធិការ​របស់​GMAC មាន​ប្រសាសន៍ថា​ចក្រភព​អង់គ្លេស​ គឺ​ជាទីផ្សារ​សំខាន់មួយ​ដែល​មាន​ចំណែកប្រមាណ​១២​ភាគរយ​នៃ​ទីផ្សារ​របស់សហភាព​អឺរ៉ុប​ទាំងមូល ដូច្នេះ​លោក​ថា​ការ​សិក្សា​បន្ថែម ​នឹង​ត្រូវធ្វើ​ឡើង​ជា​មួយ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ ​«ព័ត៌មាន​លម្អិត​ មាន​ន័យថា ត្រូវការ​ឯកសារ​អីខ្លះ​ ត្រូវការ​អី​ជា​ភស្តុតាង​ ​យើង​អត់​ទាន់​ដឹង​ច្បាស់​ទេ​។ អ៊ីចឹង​យើង​បាន​សរសេរ​ច្បាស់​ហើយ​ថា ​ចាំយើង​ពិភាក្សា​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​ជាមួយ​ទូត​អង់គ្លេស​នៅ​ប្រទេស​កម្ពុជា​ ហើយ​ពេល​ក្រោយ​ ដែល​យើង​មាន​ព័ត៌មានច្បាស់​លាស់​ ចាំយើង​ផ្សព្វផ្សាយ​ឲ្យសមាជិក​បាន(ដឹង)​តទៅ​ទៀត»។

​ឆ្លើយតប​ទៅនឹង​សំណួរ​ពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិមនុស្ស​នោះ​ លោក ​ខេន លូ ​និយាយ​ថាខាង​ភាគី​អង់គ្លេស​ នឹង​ពិចារណា​ថា​ខ្លួន​នឹងដាក់​លក្ខខណ្ឌ​ស្រប​ទៅ​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ​ឬយ៉ាង​ណា។​ ក៏ប៉ុន្តែ​លោកអះអាងថា អង់គ្លេស​បាន​ប្រកាស​រួចហើយ​ថា​កម្ពុជា​ គឺស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​អាច​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

លោក​បញ្ជាក់​ថា៖ «ចាប់​ពី​ឆ្នាំ​២០២១​ គាត់​បែក​ចេញ​ពី​EU មិន​អ៊ីចឹង? ​ហើយ​គាត់​បែក​ចេញ ​ហើយ​ដំបូង​យើង​អាច​ច្បាស់​លាស់​ទេ​ថា​គាត់​ធ្វើ​តាម​EU​ ឬក៏គាត់​មាន​ប្រសាសន៍​ខ្លួនឯង​។ អ៊ីចឹង​ឥឡូវ​គាត់​ចេញ​សេចក្តី​ជូន​ដំណឹង​ថា​ មាន​ប្រសាសន៍ថា​ គាត់ផ្តល់​អនុគ្រោះ​រួចពន្ធ​អីវ៉ាន់​ទាំង​អស់​។ អីវ៉ាន់​ទាំង​អស់​ឲ្យ​ស្រុក​ខ្មែរ​ អាហ្នឹង​ជាព័ត៌មានល្អដែរ»។​

វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក ​ស៊ាង ថៃ​ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ទេ​នៅថ្ងៃ​សុក្រនេះ។ ចំណែក​ស្ថានទូត​អង់​គ្លេស​នៅ​ទីក្រុង​ភ្នំពេញ​ ក៏​មិន​ទាន់​ឆ្លើយ​តប​សំណួរ​ដែលបាន​ផ្ញើ​តាម​សារ​អ៊ីម៉េលផងដែរ​។

រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)
រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

រដ្ឋាភិបាល​ចក្រភព​អង់​គ្លេស ​បាន​ប្រកាស​ឈ្មោះ​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច​ និង​ដែល​សម្រិត​សម្រាំង ​ដោយ​អង្គការ​សហប្រជាជាតិ ​ដើម្បី​ស្នើសុំ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​ខ្លួន​ ចាប់ពី​ថ្ងៃទី​១ ​ខែមករា ​ឆ្នាំ​២០២១។ ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​របស់​ចក្រភព​អង់គ្លេស​នេះ​ នឹង​ផ្តួចផ្តើម​ឲ្យមាន​ការ​ផ្តល់ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ ដូច​នឹង​ប្រទេស​ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។ នេះ​បើតាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស។ ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធEBA ​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​បំផុត​ ដែល​គោរព​ស្តង់ដារ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ។

កាល​ពី​ខែ​សីហា​ សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA មួយ​ផ្នែក​ គឺ​២០%​ពី​កម្ពុជា​ ​ដោយ​សាររក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ និង​ការ​ដក​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​បក្ស​ប្រឆាំង​ជាដើម។

លោក ​មឿន តុលា​ ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់ត្រាល់ យល់​ថា​វា​ជា​ការណ៍ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ប្រសិនបើ​អង់គ្លេស​ព្រមផ្តល់​ការ​អនុគ្រោះពន្ធ​ ដូច​អ្វីដែល​កម្ពុជា​បាន​ទទួល​ក្រោម​កម្មវិធីឋានៈ​អនុគ្រោះ​ពន្ធ​ EBA។

ទោះ​យ៉ាង​ណា ​លោក​ថា​កម្ពុជា​នឹង​ពិបាក​យកចិត្ត​អ្នកទិញ​ទំនិញ​ដែល​ជា​ពលរដ្ឋ​អឺរ៉ុប ​ព្រោះ​ពលរដ្ឋ​អឺរ៉ុប​ភាគច្រើន​ផ្តល់​តម្លៃ​ខ្លាំង​លើការ​គោរពសិទ្ធិមនុស្ស​ ហើយ​ថា​អង់គ្លេស ​ក៏នឹង​មិន​រំលង​លក្ខខណ្ឌ​សិទ្ធិមនុស្ស​សម្រាប់​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធរបស់​ខ្លួននោះដែរ​។

លោក​មាន​ប្រសាសន៍​ថា៖​ «ទាំង​ទីផ្សារ​អឺរ៉ុប​ ទីផ្សារ​អាមេរិក​ ហើយនិង​ទីផ្សារ​អង់​គ្លេសនេះ​ សុទ្ធតែ​ជា​ប្រទេស​ដែល​ប៉ូល​ប្រជាធិបតេយ្យ​។ អ៊ីចឹង​បើ​សិន​ជា​កម្ពុជា​យើង​ មិន​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ​ មិនងាក​មក​ការ​ស្តារ​ការ​គោរព​សិទ្ធិមនុស្ស​ ការ​គោរព​សិទ្ធិ​ការងារ​ទេ​ ខ្ញុំខ្លាច​តែ​ទីផ្សារទាំង​អឺរ៉ុប​ ហើយ​និង​ទីផ្សារ​ទៅ​អាមេរិក​ ក៏ដូច​ជា​ទីផ្សារ​អង់គ្លេស​ហ្នឹង​ កម្ពុជា​ពិបាកនឹងរក្សា។ អាហ្នឹង​គឹ​ជាចំណុច​ដែល​សំខាន់​»។ ​

មួយ​វិញ​ទៀត ​លោក​ មឿន តុលា ​លើក​ឡើង​ថា​ ពលរដ្ឋ​អឺរ៉ុប​ក៏នឹង​ពិចារណា​លើ​ការ​ចំណាយ​របស់ខ្លួន​ សម្រាប់​ទំនិញ​ប្រើ​ប្រាស់ នៅក្រោយ​វិបត្តិជំងឺ​ឆ្លង​កូវីដ១៩​ ដែល​ការណ៍​នេះ​ អាច​ជាសម្ពាធ​មកលើទំនិញ​កាត់ដេរ​ពីប្រទេស​កម្ពុជា។

បើតាម​ទិន្នន័យ​របស់​GMAC ​កម្ពុជា​បាននាំ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹកប្រាក់​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អាមេរិក ​នៅ​ឆ្នាំ​២០១៩​ ដោយ​ក្នុងនោះ​ មាន​ទំនិញ​ប្រមាណ​៤១ភាគរយ ​ត្រូវបាន​នាំទៅ​កាន់​សហភាព​អឺរ៉ុប​។ សម្រាប់​ចក្រភព​អង់គ្លេស​ ទំនិញ​ដែល​នាំចូ​លពីកម្ពុជា ​គឺប្រមាណ​១២% ​ឬស្មើនឹង​ទឹកប្រាក់​ប្រមាណ​១២០០លាន​ដុល្លារ​អាមេរិក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG