ក្រុមអាជ្ញាធរចិនបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលបានជាប់ពាក់ព័ន្ធទៅនឹងការផ្ទុះគ្រាប់បែក១៨គ្រាប់ដែលបានផ្ញើតាមប្រៃសណីយ៍ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៧នាក់ ហើយនិងធ្វើឲ្យមនុស្សជាង៥០នាក់ទៀតរងរបួសនៅក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។
ជនសង្ស័យត្រូវបានគេប្រាប់ឈ្មោះថា Wei មានអាយុ៣៣ឆ្នាំត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃពុធ ប៉ុន្មានម៉ោងមុនពេលការផ្ទុះមួយទៀតដែលបានធ្វើឲ្យដួលរលំអគារកម្ពស់៦ជាន់នៅតំបន់ភាគខាងត្បូងប្រទេសចិន។
ការផ្ទុះបានកើតមានឡើងបន្ទាប់ពីការផ្ទុះចំនួន១៧ផ្សេងទៀតកាលពីថ្ងៃពុធដែលត្រូវបានចុចបំផ្ទុះដោយគ្រឿងផ្ទុះដែលត្រូវបានគេផ្ញើតាមកញ្ចប់ប្រៃសណីយ៍ទៅកាន់១៣កន្លែងនៅក្នុងទីក្រុង Liuzhou នៅក្នុងខេត្ត Guangxi។
ក្រុមអាជ្ញាធរមិនបានប្រាប់ឲ្យដឹងពីគោលបំណងនៃការវាយប្រហារនោះទេ ក៏ប៉ុន្តែ បានច្រានចោលភ្លាមៗពីសកម្មភាពភេរវកម្ម។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានចាត់ទុកបញ្ហានេះជាករណីព្រហ្មទណ្ឌ។ ការផ្ទុះនោះបានកើតមានឡើងនៅពេលដែលមានភាពចលាចលកាន់តែខ្លាំងឡើងដែលពាក់ព័ន្ធនឹងជនជាតិភាគតិច Uighurs នៅក្នុងប្រទេសចិន។
ការផ្ទុះកាលពីថ្ងៃព្រហស្បតិ៍ ១៦ម៉ោងបន្ទាប់ពីការផ្ទុះលើកទីមួយកាលពីថ្ងៃពុធបានត្រូវចំអគារអ្នកស្រុករស់នៅក្នុងទីក្រុង Liucheng ស្ថិតនៅក្នុងខេត្ត Guangxi ដែលមានព្រំដែនជាមួយប្រទេសវៀតណាម។ ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីនហួនៃប្រទេសចិន បានរាយការណ៍ថា គេមិនទាន់ដឹងថាតើមានមនុស្សស្លាប់ និងរងរបួសដែរឬអត់នៅឡើយទេ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៍ថា ជនសង្ស័យបានជួលមនុស្សផ្សេងទៀតឲ្យជួយបញ្ជូនកញ្ចប់ដែលមានដាក់គ្រឿងផ្ទុះ៕