ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​ថៃ៖ ​ស្នាម​ម្រាម​ដៃ​បង្ហាញ​ថា​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក

  • Steve Herman

យោធា​ថៃ​ដើរ​នៅ​ខាង​ក្រៅ​​មន្ទីរ​យោធា​ ដែល​​ត្រូវ​បាន​ជឿ​ថា បានឃុំ​ខ្លួន​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់បែក​ ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ផ្ទុះ​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ក្រុង​បាងកក។

ក្រុម​ប្រឹក្សា​យោ​ធា​និង​ប៉ូលិស​នៃ​ប្រទេស​ថៃ​កំពុង​និយាយ​ពី​ការ​ជឿនលឿន​ជា​ដុំ​កំភួន​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់ខ្លួន​នៅ​ក្នុង​ការដាក់​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីសក្ការ​បូជា​ក្នុង​ទីក្រុង​បាង​កក​កាល​ពី​ខែ​មុន។​ ការ​ផ្ទុះ​នោះ​បាន​សម្លាប់​មនុស្ស​២០​នាក់​ហើយ​និង​ធ្វើ​ឲ្យ​មនុស្សជាង​១២០​នាក់​ទៀត​រង​របួស។ ​ភាគ​ច្រើននៃមនុស្ស​រង​របួស​ទាំង​នោះ ​គឺជា​អ្នក​ទេសចរណ៍​អាស៊ី។​

ក្រុម​អាជ្ញាធរ​ថៃ​នៅតែ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​ ឬ​សញ្ជាតិ​របស់​បុរស​បរទេស​ទាំង​២​នាក់​ដែល​ពួកគេ​បាន​សួរចម្លើយ​នៅ​ក្នុង​ការ​ទាក់ទិន​ជាមួយ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែកនៅ​ទីសក្ការ​បូជា​បែប​សាសនា​ហិនឌូ​ក្នុង​ទីក្រុង​បាងកក។

ឧត្តម​សេនីយ៍​ឯក​ Prawut Thavornsiri​ អ្នកនាំ​ពាក្យ​ប៉ូលិស​ជាតិ​និយាយ​ថា ​ភស្តុតាង ​ចង្អុល​បង្ហាញ​ថា​ ជន​សង្ស័យ​ទី២​ដែល​ចាប់​បាន​កាល​ពី​ថ្ងៃ​អង្គារ​នៅ​តាម​បណ្តោយ​ព្រំ​ដែនថៃ​កម្ពុជា​មានជាប់​ទាក់ទិន​ទៅ​នឹង​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ។

«លោក​និយាយ​ថា ​ការ​វិភាគ​ស្នាម​ម្រាម​ដៃ ​បញ្ជាក់​ថា ​ជន​សង្ស័យ​បាន​កាន់​ដប​ដែល​មាន​គ្រឿង​ផ្ទុះ​ដែល​ត្រូវ​បាន​រក​ឃើញ​មក​ពី​អាគារ​ Apartment។ ​យោង​ទៅ​តាម​ឧត្តម​សេនីយ៍​ប៉ូលិស​នោះ ​ជន​សង្ស័យ​អាច​ជា​មនុស្ស​ម្នាក់​ដែល​បាន​យក​គ្រាប់​បែក​ចេញ​ពី​បន្ទប់ ​ឬ​យក​គ្រាប់​បែក​ទៅ​កាន់​ទី​កន្លែង​សក្ការ​បូជា Erawan‍»។

នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹងកាល​ពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ ​ដែល​បាន​ធ្វើ​ឡើង​ដោយ​បណ្តាញ​ទូរទស្សន៍​ទាំងអស់ ​វរសេនីយ៍ ​Pareya ​Netrawichien ​អ្នក​ផ្សាយ​តាមទូរទស្សន៍​យោធា ​បាន​ប្រកាស​ថា ​អ្នក​ទទួល​ជន​បរទេស​ឲ្យ​ស្នាក់​នៅ​ជា​ភ្ញៀវ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ថៃ​ទាំង​អស់​ត្រូវ​តែ​ជូន​ដំណឹង​ដល់​ក្រុម​អាជ្ញាធរ។

«យើង​សុំ​ឲ្យ​ម្ចាស់​ផ្ទះ​ហើយ​និង​ម្ចាស់សណ្ឋាគារ ​អាគារ​ Apartment ​ហើយ​និង​ម្ចាស់​អាគារ​ស្នាក់​នៅដែល​ជាក​ន្លែង​មាន​ជន​បរទេស​ស្នាក់​នៅ​នោះ ផ្តល់​ព័ត៌មាន​ដល់​មន្រ្តី​នៅ​ឯ​ការិយាល័យ​អន្តោប្រវេសន៍​ ឬ​ស្ថានីយ​ប៉ូលិស​មូលដ្ឋាន​នៅ​ជិត​នោះពី​ការ​មក​ដល់​របស់​ជនបរទេស​នៅ​ទីកន្លែង​របស់​ពួកគេ​ក្នុងរយៈ​ពេល​២៤​ម៉ោង‍»។

ក្រុម​អាជ្ញាធរ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មនុស្ស​៧​នាក់​ចាប់​តាំងពី​ការ​ផ្ទុះ​គ្រាប់​បែក​ថ្ងៃ​ទី​១៧ ​ខែ​សីហា ​រួម​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏ម្នាក់​ដែរ គឺជា​បុរស​ជនជាតិ​តួកគី។

​ក្រុម​ប្រឹក្សា​យោ​ធា​ដែល​បាន​ដឹកនាំ​ព្រះរាជាណាចក្រ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​ទៅ​មក ​បាន​បញ្ជា​ក្រុម​មន្រ្តី​មិន​ឲ្យ​និយាយ​ថា ​ការ​ផ្ទុះ​គ្រាប់​បែក​នេះ ​ជា​សកម្មភាព​ភេរវកម្ម​អន្តរជាតិ ឬ​និយាយ​អំពី​លទ្ធភាព​នៃ​ការ​ជាប់​ទាក់​ទិន​ណាមួយ​ទៅ​នឹង​ប្រទេស​តួកគី​ឬ​ចិន។

​មាន​ការ​និយាយ​ស្មានៗ​ថា ​ការ​វាយ​ប្រហារនេះ​អាច​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​និរទេស​ជនជាតិ​ភាគតិចចិន​ Uighursជាង​១រយ​នាក់ទៅ​កាន់​ប្រទេស​ចិន។​ រដ្ឋាភិបាល​ប្រទេស​លោក​ខាងលិច​ និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជនជាតិ​ភាគតិច Uighurs ​បាន​រិះគន់​ចំណាត់​ការ​នេះ​ដោយ​និយាយ​ថា អ្នកដែល​ត្រូវ​បាន​និរទេស​ខ្លួន​ទាំង​នោះ ​អាច​ប្រឈម​ការ​ធ្វើ​បាប​នៅ​ក្នុង​ប្រទេស​ចិន។

​បន្ទាប់​ពី​ការ​និរទេសជន​ជាតិ​ភាគ​តិច Uighurs ​មក ​ការ​តវ៉ា​ប្រកប​ដោយ​ហិង្សា​ក្នុង​ទីក្រុង​ Istanbul ​បាន​ផ្តោត​ទៅលើ​បេសកកម្ម​ការ​ទូត​របស់​ថៃ​ និង​ចិន៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG