ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មួយ​ចំនួន​នៃ​ប្រទេស​អ៊ូហ្គង់ដា​គាំទ្រ​ទីក្រុង​ប៉េកាំង​ចំពោះ​រឿង​តវ៉ា​នៅ​ទីក្រុង​ហុងកុង


 អ្នក​សារព័ត៌មាន​ម្នាក់​ត្រូវបាន​គេ​គប់​ត្រូវ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាលក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ២០១៩។
អ្នក​សារព័ត៌មាន​ម្នាក់​ត្រូវបាន​គេ​គប់​ត្រូវ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាលក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ២០១៩។

នៅ​ពេល​ដែល​ប្រទេស​ចិន បន្ត​ប្រឈម​នឹង​ការរិះគន់​ចំពោះ​ការដាក់​សម្ពាធ​ទៅ​លើ​ទីក្រុង​ហុងកុង​ស្តីពី​ការធ្វើ​បាតុកម្ម​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​កំពុងតែ​មាន​ជា​បន្ត​នោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទទួល​ការគាំទ្រ​ពី​ប្រទេស​អ៊ូហ្គង់ដា។ ក្រុមអ្នកវិភាគ​និយាយ​ថា ការគាំទ្រ​របស់​ទីក្រុង​កាំប៉ាឡា​ចំពោះ​ទីក្រុង​ប៉េកាំង គឺ​ជា​កាយវិការ​មួយ​បង្ហាញ​ដល់​ប្រទេស​ចិន ដោយសារតែ​ការពឹងផ្អែក​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង ទៅ​លើ​ប្រទេស​មហា​អំណាច​នៅ​អាស៊ី​មួយ​នេះ។

កាលពី​ដើម​ខែ​តុលា​នេះ ក្រសួង​ការបរទេស​នៃ​ប្រទេស​អ៊ូហ្គង់ដា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ពណ៌នា​ការតវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង​ថា​ជា​អំពើ​ជ្រុលនិយម និង​ហិង្សា ហើយ​ខ្លួន បាន​បង្ហាញ​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​ស្ថានការណ៍​នេះ។

ការបញ្ចេញមតិ​ដ៏​កម្រ​ពី​សំណាក់​ប្រទេស​នៅ​ទ្វីប​អាហ្រ្វិក​អំពី​រឿង​បាតុកម្ម​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង​នេះ ស្រដៀង​ទៅ​នឹង​គោលជំហរ​របស់​ប្រទេស​ចិន​ខ្លួនឯង អំពី​បាតុកម្ម​ដែល​មាន​ការប៉ះទង្គិចគ្នា​ជាបន្តបន្ទាប់​និង​ការបំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អ៊ូហ្គង់ដា​នោះ​សរសេរ​ថា «ហុងកុង​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ហើយ​កិច្ចការ​របស់​ហុងកុង​គឺ​ជាកិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន»។

នៅក្នុង​បទសម្ភាសន៍​តាមទូរស័ព្ទ​មួយ លោក Okello Oryem រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​ប្រទេស​អ៊ូហ្គង់ដា បាន​ថ្លែង​ថា សេចក្តីថ្លែងការណ៍​នេះ គឺ​និយាយ​អំពី​ការគាំទ្រ​ដល់​មិត្តចិន​របស់​ខ្លួន។

«តាម​ប្រវត្តិសាស្ត្រ និង​តាម​មនោគមវិជ្ជា យើង​បាន​សហការណ៍​ជាមួយ​ប្រទេស​ចិន​ក្នុង​គ្រា​ដែល​យើង​ជួបប្រទះ​ការលំបាក​បំផុត។ នៅក្នុង​ពេល​ដែល​យើង​ត្រូវការ​មិត្ត ប្រទេសចិន បាន​ផ្តល់​ការគាំទ្រ​ដល់​យើង។ ដូច្នេះ នៅ​ពេល​ពួកគេ​ស្ថិត​ក្នុង​ស្ថានការណ៍​ត្រូវការ​មិត្ត យើង​ផ្តល់​ការគាំទ្រ​ដល់​ពួកគេ​វិញ។ យើង​គិត​ថា ពួកគេ​កំពុង​ឆ្លងកាត់​ការលំបាក​មួយ​ចំនួន ហើយ​ពួកគេ​ត្រូវការ​មតិគាំទ្រ​របស់​មិត្ត ដើម្បី​គាំទ្រ​ជំហរ​របស់​ពួកគេ ដូច្នេះ​ហើយ ទើប​យើង​បញ្ចេញ​មតិ​គាំទ្រ»។

ការតវ៉ា​នៅ​ទីក្រុង​ហុងកុង បាន​ចាប់ផ្តើម​តាំងពី​ខែមិថុនា គ្រាដែល​ក្រុម​អ្នកគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កងសន្តិសុខ ទាក់ទង​នឹង​រឿង​ដែល​ពួកគេ​យល់​ថា ជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការរឹតត្បិត​ស្វ័យភាព​របស់​ទីក្រុង​នេះ។

ក្រុមអ្នករិះគន់ បាន​ពណ៌នា​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​អ៊ូហ្គង់ដា​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី Yoweri Museveni ថា ជា​ប្រព័ន្ធ​នយោបាយ​របស់​ជន​ផ្តាច់ការ។ ក៏ប៉ុន្តែ មិន​ដូច​ប្រទេសចិន​ទេ អ៊ូហ្គង់ដា​មិនមែន​ជា​ប្រទេស​ឯកបក្ស​ឡើយ។

អ្នកវិភាគ​សេដ្ឋកិច្ច​អ៊ូហ្គង់ដា​លោក Fred Muhumuza ថ្លែង​ថា ការគាំទ្រ​ដោយ​ចំហ​របស់​ទីក្រុង Kampala ចំពោះ​ទីក្រុង​ប៉េកាំង គឺ​មិនមែន​ជា​រឿង​មនោគមវិជ្ជា​ទេ​វា​គឺ​ជា​ការឆ្លុះ​បញ្ចាំង​ពី​ការពឹងផ្អែក​កាន់តែ​ខ្លាំង​ឡើង​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ចិន។

«ខ្ញុំ​ដឹង​ថា ប្រទេស​នានា ដូចជា​ប្រទេស​អ៊ូហ្គង់ដា​នេះ មាន​ប្រជា​ពលរដ្ឋ​ជាច្រើន ដែល​ជំរុញ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ ជំរុញ​ឲ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស។ អ្នកទាំង​នោះ អាច​មាន​ទស្សនៈ​ផ្សេងៗ​គ្នា។ ក៏ប៉ុន្តែ យើង​ឈាន​ដល់​កម្រិត​មួយ ដែល​ពលរដ្ឋ​ក្នុង​ប្រទេស​ទាំងនោះ យល់​ជាង​មុន ដូចជា អ្វី​ទៅ​ជា​សម្ព័ន្ធមិត្ត​យោធា​របស់​ខ្ញុំ? និង​អ្វី​ទៅ​ជា​សម្ព័ន្ធមិត្ត​សេដ្ឋកិច្ច​របស់​ខ្ញុំ? ដូច្នេះ​ហើយ​តើ​យើង​ត្រូវ​និយាយ​បែប​ណា?»

ពាណិជ្ជកម្ម​ទ្វេ​ភាគី​របស់​ប្រទេស​អ៊ូហ្គង់ដា​ជាមួយ​ចិន គឺ​ដូច​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សេងៗ​ទៀត​របស់​ទ្វីប​អាហ្រ្វិក​ដែរ បាន​កើន​ឡើង​ជា​លំដាប់​ដល់​ចំនួន​ប្រមាណជា ១ពាន់លាន​ដុល្លារ ជា​រៀងរាល់​ឆ្នាំ។ ភាគច្រើន​នៃ​ពាណិជ្ជកម្ម​នោះ គឺ​ការនាំ​ចូល​ទំនិញ​ចិន ។

នៅក្នុង​របាយការណ៍​មួយ​កាលពី​ខែមករា អគ្គ​សវនករ​នៃ​ប្រទេស​អ៊ូហ្គង់ដា​បាន​បង្ហាញ​ថា ប្រទេស​ចិន បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រទេស​ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​ទ្វីប​អាហ្វិ្រក​នេះ ចំនួន​៣ពាន់ លាន​ដុល្លារ តាំងពី​ឆ្នាំ២០១១​មក។

នៅក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ថ្មីៗនេះ រដ្ឋាភិបាល​ក្រុងប៉េកាំង បាន​បញ្ចូល​ប្រាក់​ជាង ១២០​ពាន់លានដុល្លារ​ទៅ​ក្នុង​សេដ្ឋកិច្ច​ទ្វីប​អាហ្វ្រិក។ ភាគច្រើន​នៃ​ទឹកប្រាក់​នោះ មាន​គោលដៅ​ទៅលើ​គម្រោង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ និង​ការកេងចំណេញ​យក​ធនធាន​ធម្មជាតិ។

អ្នកវិភាគ​សេដ្ឋកិច្ច​អ៊ូហ្គង់ដា​លោក Fred Muhumuza ថ្លែង​បន្ត​ថា ប្រទេស​ចិន​ប្រើប្រាស់​ការ​ផ្តល់​ប្រាក់​កម្ចី​នេះ ជា​ឧបករណ៍​ដើម្បី​ឲ្យខ្លួន​កាន់តែ​មាន​ឥទ្ធិពល​ជាងមុន​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​ទ្វីបអាហ្វ្រិក។

«ភាព​គ្មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការគ្រប់គ្រង​របស់​រដ្ឋបាល​យើង ការអនុវត្ត​គម្រោង​យឺតៗ និង​ការ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត ដោយសារតែ​យើង​មាន​ថាមពល តែ​មិន​អាច​ប្រើ​បាន យើង​ទទួល​បាន​អាកាសយានដ្ឋាន តែ​មិន​អាច​រក​ទីផ្សារ និង​ប្រើ​វា​បាន។ យើង​មាន​ផ្លូវ តែ​មិន​អាច​ប្រើ​វា​បាន។ ដូច្នេះ​វា​ជា​ការពិត​ដែល​ថា ការវិនិយោគ​ដែល​ប្រទេស​ចិន​បាន​ធ្វើ នឹង​ទទួល​បាន​ផល​តិចតួច អ៊ីចឹង​ហើយ គឺ​មិន​អាច​ផ្តល់​ផល​ដល់​ចិន តាម​ដែល​ចិន​ចង់​បាន​នោះ​ទេ»។

លោក Fred Muhumuza អះអាង​ថា ការឧបត្ថម្ភ​របស់​ចិន​មិន​មែន​គ្មាន​លក្ខ័ណ្ឌ​នោះ​ទេ ហើយ​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក​បាន​ផុងខ្លួន​ជំពាក់​ចិន។

សម្រាប់​ប្រទេស​អ៊ូហ្គង់ដា ការសង​ប្រទេស​ចិន​វិញ មើល​ទៅ​ហាក់​ដូចជា​ សង​តាម​រយៈ​ការគាំទ្រ​ផ្នែក​នយោបាយ​ដល់​ក្រុង​ប៉េកាំង ហើយ​ប្រឆាំង​ជំទាស់​ទៅនឹង​ការធ្វើ​បាតុកម្ម​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG