ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគថា​ ចិន​នឹង​បង្កើត​យុទ្ធសាស្រ្ត​មួយ​ដើម្បី​ឆ្លើយតប​ទៅ​ក្រុម​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង


បាតុករ​បំផ្លាញ​ផ្ទាំង​ផ្សព្វផ្សាយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។
បាតុករ​បំផ្លាញ​ផ្ទាំង​ផ្សព្វផ្សាយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

អំពើហិង្សា​បាន​ផ្ទុះឡើង​ក្នុង​ចំណោម​ប៉ូលិស​ក្រុង​ហុងកុង​ ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ និង​ក្រុម​បាតុករ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​ឧប្បទ្ទវហេតុ​ប៉ះទង្គិច​គ្នា​ចុង​ក្រោយ​នៅក្នុង​ដែនកោះ​ដែល​ជា​អតីត​អាណានិគម​អង់គ្លេស។

អាជីវកម្ម​នានា​ និង​ស្ថានីយ​រថភ្លើង​បាន​បើក​ដំណើរការ​ជា​ធម្មតា​ហើយ​ក្នុង​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃចន្ទ​កន្លង​ទៅ​ គឺ​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​ទីក្រុង​នេះ​មាន​ភាពវឹកវរ​ឡើង​វិញ​ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​ហិង្សា​ដាក់គ្នា​រវាង​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ និង​ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ​

នៅជិត​សង្កាត់ North Point និង​សង្កាត់ Fortress Hill មនុស្ស​មក​ពី​ភាគី​ប្រឆាំង​ និង​ពី​ភាគី​គាំទ្រ​រដ្ឋាភិបាល​ចិន​បាន​ប៉ះទង្គិច​គ្នា​បង្ក​ជា​អំពើ​ហិង្សា ​និង​បាន​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​រងរបួស​កាល​ពី​ថ្ងៃអាទិត្យ។

ខណៈ​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល​ចិន​ដី​គោក​ បាន​ហែក​ចោល​ក្រដាស​ដែល​បាន​បិទ​នៅ​លើ​ជញ្ជាំង John Lennon ក្រុម​ចិន​ដីគោក​មួយ​ផ្សេងទៀត​ដែល​ស្លៀកពាក់​ពណ៌​ស​បាន​វាយប្រហារ​ទៅ​លើ​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​ស្លៀកពាក់​ពណ៌ខ្មៅ ​និង​ថែម​ទាំង​បាន​ប្រើ​ភាសា​ជេរប្រមាថ​មើល​ងាយ​ទៅលើ​ពួកគេ​ថែម​ទៀត​ផង ដោយ​ស្រែក​បន្លឺ​ថា «ពលរដ្ឋ Fujian វាយបង្រ្កាប​ពួក​សត្វកន្លាត‍»។ Fujian គឺ​ជា​ឈ្មោះ​ខេត្ត​មួយ​ស្ថិត​នៅ​ភាគអាគ្នេយ៍​ចិន​ដី​គោក។

ចំណែកឯ​នៅ​កន្លែង​ផ្សេង​ទៀត​វិញ​ បាតុករ​ស្លៀកពាក់​ពណ៌ខ្មៅ​៦នាក់​បាន​យក​ឆ័ត្រ​វាយខ្នង​បុរស​អាយុ៤៩ឆ្នាំ​ម្នាក់។ បុរស​នោះ​ត្រូវ​បាន​រាយការណ៍​ថា​បាន​សន្លប់​បាត់បង់​ស្មារតី។

ការ​ប្រឆាំង​នឹង​ការ​ប្រមូល​ផ្តុំ

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា​ ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​ជា​បន្តបន្ទាប់​បែប​នេះ​ ប្រហែល​មាន​ន័យ​ថា​ទីក្រុង​ប៉េកាំង​អាច​បង្កើត​យុទ្ធសាស្រ្ត​ប្រឆាំង​នឹង​ការ​ប្រមូល​ផ្តុំ​ និង​ហាក់​ដូចជាអំពាវនាវ​ឲ្យ​ជនចំណាកស្រុក​ចិន​ដី​គោក​ដែល​ប្រឈមមុខ​ជាមួយ​នឹង​បាតុករ​ប្រឆាំង​នឹង​ចិន​ ឲ្យ​មាន​ការ​អត់ធ្មត់។ ​

បាតុកម្ម​បាន​ចាប់​ផ្តើម​កាល​ពី​ខែមិថុនា​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ហុងកុង​ក្រោម​ការគ្រប់គ្រង​របស់​នាយក​ប្រតិបត្តិ​លោកស្រី Lam បាន​បង្កើត​សំណើ​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ​ ដែល​ពលរដ្ឋ​ហុងកុង​ភាគច្រើន​មើល​ឃើញ​ថា​ ជាការ​ព្យាយាម​លុបបំបាត់​ស្វ័យភាព​របស់​ដែនអធិបតេយ្យ​ក្រុងហុងកុង​ នៅក្រោម​ច្បាប់​របស់​ចិន។ បន្ទាប់​មក​លោកស្រី Lam បាន​សម្រេច​ដក​សំណើ​ច្បាប់​នេះ​ចេញ​វិញ។ រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​បញ្ជាក់​ថា អំពើហិង្សា​មិនមែន​ជា​ចម្លើយ​នោះ​ទេ។​

លោកស្រី Carrie Lam អញ្ជើញ​ទៅ​ដល់​សន្និសីទ​កាសែត​នៅ​អគារ​រដ្ឋាភិបាល​ក្នុង​ក្រុង​ហុងកុង​ កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។
លោកស្រី Carrie Lam អញ្ជើញ​ទៅ​ដល់​សន្និសីទ​កាសែត​នៅ​អគារ​រដ្ឋាភិបាល​ក្នុង​ក្រុង​ហុងកុង​ កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

អ្នកវិភាគ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ចំណាត់ការ​នេះ​នឹង​មិន​ជួយ​បញ្ចប់​ភាពតានតឹង​នយោបាយ​នៅក្នុង​ទីក្រុង​ហុងកុង​ទេ​ ផ្ទុយ​ទៅ​វិញ​ក្រុម​យុវជន​ដែល​ប្រយុទ្ធ​ដើម្បី​សេរីភាព​នឹង​មាន​កំហឹង​កាន់​តែ​ខ្លាំង​ឡើង។​

លោក Dixon Sing សាស្រ្តាចារ្យ​ជំនួយ​ផ្នែក​វិទ្យាសាស្រ្ត​សង្គម​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​នៅ​ក្រុងហុងកុង​បាន​ថ្លែង​ថា៖ «នៅក្នុង​ក្រសែភ្នែក​សាធារណៈ​ជន​ជាច្រើន បាតុករ​ទាំងនោះ​ពិត​ជា​អ្នក​ស្រឡាញ់​ក្រុងហុងកុង​ ហើយ​យល់​ថា​ពួក​គេ​លះបង់​ដើម្បី​ការពារ​សេរីភាព​របស់​ទីក្រុង​ហុងកុង។ ដូច្នេះ​មនុស្ស​ភាគច្រើន​នឹង​មាន​កំហឹង​កាន់​តែខ្លាំង​ដូចជា​អណ្តាត​ភ្លើង​កំពុងតែ​ឆាបឆេះ​អ៊ីចឹង‍»។

លោក Sing បាន​លើក​ឡើង​អំពី​ការស្ទង់មតិ​នៅក្នុង​សារព័ត៌មាន Ming Pao ដែល​ជា​សារព័ត៌មាន​ក្នុងស្រុក​ជា​ភាសាចិន​បាន​បង្ហាញ​ថា​ ការឆ្លើយតប​ជាង៧០ភាគរយ​ពី​សាធារណៈជន​នៅ​តែ​មិន​ពេញចិត្ត​ជាមួយ​នឹង​ការ​ធ្វើ​សម្បទាន​នានា​ រួមទាំងការ​សម្រេច​របស់​លោកស្រី Lam ក្នុង​ការដក​ចេញ​សំណើ​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​នេះ។

ការ​ប្តេជ្ញាចិត្ត​របស់​អ្នកស្រុក​ហុងកុង

លោក​សាស្រ្តាចារ្យ​បាន​និយាយ​បន្ថែម​ទៀត​ថា​ការស្ទង់មតិ​ជាច្រើន​បាន​ឲ្យ​ដឹងថា​ ការ​ទាមទារ​ទាំង​៥ចំណុច​របស់​ក្រុមបាតុករ​ ជាពិសេស​គឺ​ការបង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ស៊ើបអង្កេត​លើ​កំហុសឆ្គង​របស់​ក្រុម​ប៉ូលិស ​គួរ​តែ​ត្រូវ​បាន​រៀបចំ​ឡើង»។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា​ បើទោះបី​ជា​មាន​ភស្តុតាង​តិចតួច​ដែល​ថា​ ការិយាល័យទំនាក់ទំនង​កិច្ចការ​របស់​ចិន​នៅ​ក្រុង​ហុងកុង​ គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ការប្រឹងប្រែង​ប្រឆាំង​នឹង​ការកេណ្ឌ​ប្រមូលផ្តុំ​ក្នុង​ទីក្រុង​ហុងកុង​ក៏ដោយ​ ក៏​ហាក់​ដូច​ជា​បង្ហាញ​ថា​មាន​ភាព​អត់ធ្មត់​ចំពោះ​អ្នក​ដែល​ប្រកាន់​ទស្សនៈ​គាំទ្រ​ក្រុង​ប៉េកាំង។

លោក David Zweig ប្រធាន​ក្រុម​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​សង្គម​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​ក្រុង​ហុងកុង​បាន​ថ្លែង​ថា «ច្បាស់​ណាស់​ថា​ ពួកគេ​ខិតខំ​ធ្វើការ​យ៉ាងខ្លាំង​ ដើម្បី​បង្រួបបង្រួម​រណៈសិរ្ស​នេះ​ឡើង​ ដើម្បី​គាំទ្រ​គោលនយោបាយ​របស់​ចិន​ដីគោក​ និង​រដ្ឋាភិបាល​ក្រុងហុងកុង។ ដូច្នេះ​ចំណាត់ការ​ប្រឆាំង​នឹង​ការប្រមូល​ផ្តុំ​ដូច្នេះ​ បើសិន​ជា​វា​កើតឡើង​ដោយ​សន្តិវិធី​នោះ​ ខ្ញុំ​គិត​ថា​វា​គឺ​ជា​ការ​អត់ធ្មត់​ដ៏​ខ្លាំង​មួយ‍»។

ខណៈ​ភាពតានតឹង​រវាង​ក្រុង​ហុងកុង​និង​ចិន​កាន់​តែ​កើនឡើង​ ប្រទេសចិន​នៅ​បន្តរកលេស​ដើម្បី​រិះគន់​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្រុង​ហុងកុង​ និង​បន្ត​ចោទ​ប្រកាន់​រដ្ឋាភិបាល​បស្ចឹម​ប្រទេស​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​មហាបាតុកម្ម​ក្នុង​ក្រុង​ហុងកុង។

ការ​ជ្រៀតជ្រែក​របស់​បរទេស

នៅ​ក្នុង​អត្ថាធិប្បាយ​មួយ​ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​កម្មវិធី​ផ្ញើសារ WeChat របស់​ចិន​កាល​ពី​ថ្ងៃសុក្រ​កន្លង​ទៅ​ គណៈកម្មការ​កិច្ចការ​ច្បាប់​ និង​នយោបាយ​កណ្តាល​របស់​គណបក្ស​បាន​ជំរុញ​ដល់​យុវជន​ក្មេងៗ​នៅ​ក្រុង​ហុងកុង​ កុំ​ឲ្យ​មាន​ក្តីសង្ឃឹម​ច្រើន​ទៅ​លើ​ការ​ជួយ​ពី​សំណាក់​បស្ចឹម​ប្រទេស​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅក្នុង​ក្រុង​ហរិញ្ញវត្ថុ​មួយ​នេះ។

អត្ថាធិប្បាយ​នោះ​បាន​សរសេរ​រៀបរាប់​ថា «ពួក​បស្ចឹម​ប្រទេស​មិន​អាច​ដោះស្រាយបញ្ហា​របស់​អ្នក​បាន​ទេ។ អ្នក​ដែល​អំពាវនាវ​ឲ្យ​មនុស្ស​ចេញ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ គ្មាន​ដំណោះស្រាយ​ឲ្យ​អ្នក​ទេ។ ពួកគេ​គ្មាន​អ្វី​ទាំងអស់​ ក្រៅ​តែ​ពី​និយាយ​អំពី​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​តែ​ប៉ុណ្ណោះ‍»។

អត្ថាធិប្បាយ​នោះ​បាន​ជំរុញ​ឲ្យ​អ្នកស្រុក​ហុងកុង​ក្រឡេក​មើល​ទៅ​ភាគ​ខាងជើង​សម្រាប់​ឱកាស​សេដ្ឋកិច្ច​នានា​នៅក្នុង​ប្រទេស​ចិន។ អតា្ថធិប្បាយ​នោះ​បាន​សរសេរ​ទៀត​ថា «នៅ​តាម​ទីកន្លែង​នានា​ដែល​ក្រុម​បស្ចឹម​ប្រទេស​ទាំងនេះ​បាន​ជួយ​ដើម្បី​ឲ្យ​មាន​លទ្ធិប្រជាធិតេយ្យ​និង​សេរីភាព​នោះ​ គឺ​សុទ្ធតែ​មាន​បញ្ហា​ទាំងអស់។ ពួកបស្ចឹម​ប្រទេស​ទាំងនេះ​មិនទាំង​អាចដោះ​សា្រយ​បញ្ហា​នៅក្នុង​ប្រទេស​របស់​ពួកគេ​បាន​ផង‍»។

អតា្ថធិប្បាយ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ ចង់​សំដៅ​ទៅលើ​ក្រុម​មេដឹកនាំ​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ដូចជា​លោក Joshua Wong អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កោះតៃវ៉ាន់ សហរដ្ឋអាមេរិក​ និង​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​អន្តរជាតិ​និង​អន្តរាគមន៍​ពី​បរទេស។

លោកសាស្រ្តចារ្យ Zweig បាន​ថ្លែង​ទៀត​ថា​ ប្រទេស​ចិន​ជា​យូរ​មក​ហើយ​យល់​ថា​ អំណាច​របស់​បរទេស​គឺ​ជា​ប្រភព​នៃ​បញ្ហា​ ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​ព្រងើយកន្តើយ​ចំពោះ​ជម្លោះ​ផ្ទៃ​ក្នុង។

លោកសាស្រ្តាចារ្យ​បាន​ថ្លែង​ថា «អ្វី​ដែល​កំពុង​ប្រឈម​នឹង​ទីក្រុង​ហុងកុង​ពិតប្រាកដនោះ ​គឺ​បញ្ហា​សេដ្ឋកិច្ចសង្គម​ និង​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ មិនមែន​ការជ្រៀតជ្រែក​របស់​បរទេស​ទេ។

លោក​សាស្រ្តាចារ្យ​បាន​ថ្លែង​បន្ថែម​ទៀត​ថា «ចំណុច​តែ​មួយ​គត់​ដែល​រដ្ឋាភិបាល​បរទេស​អាច​មាន​ឥទ្ធិពល​ខ្លាំង​នោះ​ គឺ​ប្រសិន​បើ​សហរដ្ឋអាមេរិក​លុបចោល​ច្បាប់​គោលនយោបាយ​ក្រុងហុងកុង​ ពីព្រោះ​ថា​ ពេល​នោះ​ចិន​នឹង​មិន​អាច​ចូល​ទៅក្នុង​ទីផ្សារ​បច្ចេកវិទ្យា​របស់​អាមេរិក​តាមរយៈ​ក្រុង​ហុងកុង​បាន​ទេ‍»។ នៅ​ក្រោម​ច្បាប់​គោល​នយោបាយ​ឆ្នាំ១៩៩២​របស់​សហរដ្ឋអាមេរិក​សម្រាប់ក្រុង​ហុងកុង​បាន​ចែង​ថា ​សហរដ្ឋ​អាមេរិក​ចាត់ទុក​ក្រុងហុងកុង​ដែល​ជា​អតីត​អាណានិគម​ចក្រភពអង់គ្លេស ​នៅ​ដាច់​ដោយ​ឡែក​ពី​ចិនគោក​ ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​បន្ទាប់​ពី​ការ​ប្រគល់​ក្រុង​ហុងកុង​ឲ្យ​ទៅ​ចិន​ដីគោក​វិញ​កាល​ពី​ឆ្នាំ១៩៩៧។

ការខាតបង់សេដ្ឋកិច្ច

មាន​ក្តី​បារម្ភ​នានា​អំពី​អនាគត​សេដ្ឋកិច្ច​របស់​ក្រុងហុងកុង។ ផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ឡុងដ៍​នា​ពេលថ្មីៗ​នេះ​បាន​ទាត់​ចោល​ការដេញ​ថ្លៃ​កាន់កាប់​ហ៊ុនតម្លៃ​៣៩ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដោយ​ផ្សារហ៊ុន​របស់​ក្រុងហុងកុង។

ចំណែកឯ​ការ​ស្ទង់មតិ​មួយ​របស់​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​ក្រុង​ហុងកុង​បាន​បង្ហាញ​ថាអ្នកវិនិយោគ​ខ្វះ​សេចក្តី​ទុកចិត្ត​ក្នុង​ការវិនិយោគ​នៅ​ក្នុង​ទីក្រុង​នេះ។

ការ​ស្ទង់មតិ​របស់​សភា​ពាណិជ្ជកម្ម​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ត្រូវ​បាន​ស្ទង់មតិ​៦៧ភាគរយ​ជឿ​ថា​ កេរ្តិ៍ឈ្មោះ​របស់​ទីក្រុង​ដែល​ធ្លាប់​ជា​មូលដ្ឋាន​ប្រតិបត្តិការ​ក្នុង​តំបន់ ត្រូវ​បាន​ធ្លាក់​ចុះ​ ខណៈ​៨០ភាគរយ​ទៀត​យល់​ថា​ ភាពវឹកវរ​ដែល​បាន​អូសបន្លាយ​ជាច្រើន​ខែ​មក​នេះ​ បាន​ប៉ះពាល់​ដល់​ការ​សម្រេច​បោះទុន​វិនិយោគ​ក្នុង​ក្រុងហុងកុង។

ឆ្លើយតប​ទៅ​នឹង​ក្តី​បារម្ភ​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច​និង​នយោបាយ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ ពួក​មេដឹកនាំ​កំពូល​របស់​ចិន​កំពុង​ដើរ​ដល់​ចំណុច​ដែល​ខ្លួន​ត្រូវ​ចាត់​វិធានការ។ នេះ​បើ​យោង​តាម​លោក​សាស្រ្តាចារ្យ Sing។

លោក​សាស្រ្តាចារ្យ Sing បាន​បញ្ជាក់​ថា​ ចិន​ចង់​ដាក់​ទីក្រុង​ហុងកុង​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ឲ្យ​បាន​ក្នុង​រយៈពេល​២០ឆ្នាំ​ខាងមុខ​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ ចិន​មិន​អាច​ឲ្យ​ទីក្រុង​នេះ​បាត់បង់​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ធំជាង​គេ​ទីបី​នៅក្នុង​ពិភពលោក​បាន​ទេ​ ដែល​កេរ្តិ៍ឈ្មោះ​សេដ្ឋកិច្ច​នេះ​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ចិន ជាពិសេស​នៅពេល​ដែល​សេដ្ឋកិច្ច​របស់​ចិន​កំពុង​រងផល​ប៉ះ​ពាល់​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋអាមេរិក៕​

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG