ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

បាតុករ​ក្រុងហុងកុង ​បាន​បំពាន​ការ​ហាម​ឃាត់​អំពី​ការ​ពាក់​ម៉ាស​បិទ​មុខ


ប៉ូលិស​កុបកម្ម​ឃាត់​ខ្លួន​បាតុករ​ម្នាក់​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩។

ប៉ូលិស​ក្រុង​ហុងកុង ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​នៅ​ក្នុង​ទីកន្លែង​ជាច្រើន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅពេល​ដែល​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​រាប់​ម៉ឺននាក់ ​បាន​ចេញ​មក​តាម​ផ្លូវនានា​ដោយ​បាន​បំពាន​ការ​ហាម​ឃាត់​ការ​ពាក់​ម៉ាសបិទមុខ។

​ពួក​បាតុករ អាច​ត្រូវ​បានគេ​មើលឃើញ​ធ្វើ​ដំណើរ​កាត់​តាម​ទីក្រុង​ដោយ​បាំង​ឆ័ត្រនៅពេល​ដែល​កំពុង​ធ្លាក់​ភ្លៀង។

រដ្ឋាភិបាល​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ពាក់​ម៉ាសបិទមុខ​នៅ​ឯ​ការ​តវ៉ា​សាធារណៈ​ដោយ​បាន​អំពាវនាវ​ឲ្យ​អនុវត្ត​ច្បាប់​ច្បាប់​គ្រា​អាសន្ន​ក្នុង​សម័យ​អាណានិគម​អង់គ្លេស​ដែល​ត្រូវ​ប្រើ​ជា​លើក​ចុង​ក្រោយ​ដើម្បី​បង្ក្រាប​កុប្បកម្ម​នៅ​ឆ្នាំ​១៩៦៧។

ពួក​បាតុករ រួមមានអ្នក​ពាក់​ម៉ាសបិទមុខ​ខ្លះ ​បាន​ដើរ​ទូទាំង​ទីក្រុង​បន្ទាប់​ពីការ​សម្រេច ​ដែល​បាន​នាំ​ឲ្យ​មាន​បាតុកម្ម ​និង​ការ​ប៉ះទង្គិច​ដោយ​ហិង្សា។

លោកស្រី Carrie Lam ប្រធាន​នីតិប្រតិបត្តិ​ក្រុង​ហុងកុង និយាយ​ថា បទបញ្ញត្តិ​ថ្មី ​ដែល​បាន​ចូល​ជាធរមាន​កាល​ពី​ថ្ងៃ​សប្តាហ៍​មុន បាន​ហាមឃាត់​ការ​គ្រប​មុខ ​ហើយ​មាន​គោល​បំណង​ដើម្បី​ដៅ​លើ​ពួក​កុបករ ឬ​អ្នក​ដែល​ប្រើ​អំពើ​ហិង្សា។

​ច្បាប់​ថ្មីនោះ គំរាម​ជនណា​ដែល​ពាក់​ម៉ាស​បិទ​មុខ​នៅពេល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ដោយ​មាន​ការ​ជាប់​គុក​រហូត​ដល់​មួយ​ឆ្នាំ។​ ពួក​អ្នក​ក្រុង​ហុងកុង ​អាច​នៅ​ពាក់​ម៉ាស​នៅ​តាម​ផ្លូវ ​ក៏ប៉ុន្តែ ​នៅ​ក្រោម​ច្បាប់​ថ្មី ​ពួកគេ​ត្រូវ​តែ ​ដោះ​ម៉ាសបិទមុខ​នោះ​ចេញ ​ប្រសិន​បើត្រូវ​បាន​ស្នើ​សុំ​ដោយ​ប៉ូលិស។

ការ​ហាម​ឃាត់​ការ​ពាក់​ម៉ាសបិទមុខ​ក៏​ត្រូវ​បាន​លើក​លែង​សម្រាប់​អ្នក​ដែល​មាន​តម្រូវការ​តាម​ផ្លូវច្បាប់​ឲ្យ​ពាក់​ម៉ាស​បិទ​មុខ​នោះ​ដែរ៕

XS
SM
MD
LG