រដ្ឋាភិបាលក្រុងហុងកុង កាលពីថ្ងៃសុក្រ បានហាមប្រាមប្រជារាស្ត្រមិនឱ្យពាក់ម៉ាស់ នៅក្នុងបាតុកម្មសាធារណៈដោយយកមកប្រើនូវច្បាប់ស្តីពីអំណាចគ្រាមានអាសន្នដែលបានត្រូវបង្កើតឡើងក្នុងសម័យអាណានិគមអង់គ្លេស។
លោកស្រី Carrie Lam ប្រធានប្រតិបត្តិនៃដែនដីហុងកុងបានអះអាងទាមទារអំណាចតាមរយៈបទប្បញ្ញត្តិគ្រាមានអាសន្នដែលបានត្រូវប្រើដើម្បីបង្ក្រាបកុបកម្មកាលពីឆ្នាំ១៩៦៧។
លោកស្រី Lam បាននិយាយថា បទប្បញ្ញត្តិ ថ្មីនេះ ដែលនឹងចូលជាធរមាននៅថ្ងៃសៅរ៍នេះជា «ការហាមប្រាមមិនឱ្យបាំងមុខ» ហើយមានគោលដៅយកពួកកុបករនិងឬពួកជនដែលប្រព្រឹត្តអំពើហិង្សាជាទីដៅនៃការបង្ក្រាប។
ច្បាប់នេះក៏មានការលើកលែងដែរសម្រាប់ពួកជនដែលមានសេចក្តីត្រូវការត្រឹមត្រូវតាមច្បាប់ដើម្បីពាក់ម៉ាស់។
ដោយប្រកាសអំពីវិធានការនេះនៅក្នុងសន្និសីទកាសែតមួយក្នុងក្រុមប្រឹក្សា នីតិបញ្ញត្តិ លោកស្រី Lam បាននិយាយថា៖ «ជាការមានសារៈសំខាន់សម្រាប់យើងក្នុងការបញ្ឈប់អំពើហិង្សានិងធ្វើឱ្យមានភាពស្ងប់ស្ងាត់ឡើងវិញនៅក្នុងសង្គមឱ្យបានឆាប់តាមដែលអាចធ្វើបាន»។
គេមិនបានដឹងច្បាស់លាស់ទេថា តើរដ្ឋាភិបាលហុងកុងនឹងអនុវត្តការហាមប្រាមមិនឱ្យពាក់ម៉ាស់មុខបែបណានៅក្នុងក្រុងមួយមានប្រជារាស្ត្រ៧លាន៤សែននាក់ ដែលនៅទីនោះមនុស្សច្រើននាក់ពាក់ម៉ាស់ ដើម្បីការពារនឹងខ្យល់កខ្វក់ឬការឆ្លងជំងឺដូចជាជំងឺ SARS ដែលបានរាតត្បាតក្នុងក្រុងនេះកាលពីឆ្នាំ២០០៣៕