ប្រទេសរុស្ស៊ី អាចឈ្លានពានប្រទេសអ៊ុយក្រែននៅពេលណាមួយ ហើយអាចបង្កើតលេសដ៏ភ្ញាក់ផ្អើលមួយដើម្បីធ្វើការវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ នៅពេលដែលខ្លួនបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីការពារទឹកដីរបស់អង្គការអូតង់។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រុស្ស៊ី បានដាក់កងទ័ពជាង ១ សែននាក់នៅជិតព្រំដែនអ៊ុយក្រែនដែលមិនមែនជាផ្នែកមួយនៃសម្ព័ន្ធមិត្តយោធាអាត្លង់ទិក ហើយស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រក្សាការបើកចំហបណ្តាញការទូតដែលរហូតមកទល់នេះបានបរាជ័យដើម្បីបន្ធូរបន្ថយវិបត្តិនោះ បាននិយាយម្តងហើយម្តងទៀតថា ការឈ្លានពាននោះ មានទំហំធំធេងណាស់។ រដ្ឋាភិបាលទីក្រុងមូស្គូ បានច្រានចោលផែនការណាមួយនៃការឈ្លានពាន ហើយបានចោទប្រកាន់ប្រទេសលោកខាងលិចថា «ជាការក្រេវក្រោធមួយ»។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅពេលដែលលោកធ្វើដំណើរទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ និងទៅកាន់ទីក្រុងមូស្គូដើម្បីចរចាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃអង្គារស្អែក បានអំពាវនាវដល់រុស្ស៊ីឲ្យបន្ធូរបន្ថយភាពតានតឹង ហើយបានព្រមានពីដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើរដ្ឋាភិបាលក្រុងមូស្គូពិតជាចូលឈ្លានពានអ៊ុយក្រែនមែននោះ។
មន្ត្រីអាល្លឺម៉ង់ម្នាក់ បាននិយាយថា រដ្ឋាភិបាលអាល្លឺម៉ង់ មិនរំពឹងទទួលបានលទ្ធផលជាផ្លែផ្កានោះទេ ក៏ប៉ុន្តែ វិស័យការទូតមានសារៈសំខាន់។ នៅក្នុងអ្វីដែលជាការធ្វើសម្បទានដ៏សំខាន់មួយដល់រដ្ឋាភិបាលក្រុងមូស្គូនោះ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅចក្រភពអង់គ្លេស បានប្រាប់ទូរទស្សន៍ BBC ថា រដ្ឋាភិបាលក្រុងកៀវ អាចទម្លាក់ចោលនូវការស្វះស្វែងរបស់ខ្លួនដើម្បីក្លាយជាសមាជិកភាពរបស់អង្គការអូតង់ដើម្បីបញ្ចៀសសង្គ្រាម។
លោកឯកអគ្គរដ្ឋទូត Vadym Prystaiko បានត្រូវបណ្តាញទូរទស្សន៍ BBC ដកស្រង់សម្តីមកចុះផ្សាយថា ប្រទេសអ៊ុយក្រែនមានឆន្ទៈ«បត់បែន»បានចំពោះគោលបំណងរបស់ខ្លួនដើម្បីចូលរួមជាមួយអង្គការអូតង់។
លោក Prystaiko បានត្រូវ BBC ដកស្រង់សម្តីមកចុះផ្សាយនៅពេលដែលសួរថា តើរដ្ឋាភិបាលក្រុងកៀវ អាចផ្លាស់ប្តូរជំហររបស់ខ្លួនអំពីសមាជិកភាពអង្គការអូតង់នោះដែរ ឬយ៉ាងណា? លោកនិយាយថា «យើងអាចធ្វើដូចនេះ ជាពិសេសនៅពេលដែលយើងកំពុងត្រូវបានគេគំរាមកំហែង ចាប់ជម្រិត និងរុញច្រានយ៉ាងដូចនេះ»។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនវិញ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Joe Biden លោក Jake Sulivan បាននិយាយថា ការឈ្លានពាននោះ អាចត្រូវចាប់ផ្តើម «នៅថ្ងៃណាមួយ»។
លោក Sulivan បានប្រាប់បណ្តាញទូរទស្សន៍ CNN ថា «យើង មិនអាចទស្សន៍ទាយអំពីថ្ងៃនៃការឈ្លានពាននោះបានទេ ក៏ប៉ុន្តែ យើងបាននិយាយនៅពេលនេះថា ការឈ្លានពាននោះ នឹងកើតមានឡើងនៅពេលណាមួយដែលយើងនឹងបានឃើញ»។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក និយាយថា ពួកគេមិនអាចបញ្ជាក់អំពីសេចក្តីរាយការណ៍ដែលថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា រុស្ស៊ីមានគម្រោងឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃពុធខាងមុខនេះ។ លោក Sulivan បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អាចបន្តចែករំលែកនូវអ្វីដែលខ្លួនបានដឹងជាមួយពិភពលោកដើម្បីច្រានចោលឱកាសរបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងការធ្វើកិច្ចប្រតិបត្តិការដ៏ភ្ញាក់ផ្អើលដែលអាចជាលេសដើម្បីធ្វើការវាយប្រហារនោះ។
លោក Sulivan បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែកជាមួយបណ្តាញទូរទស្សន៍ CBS ថា «យើង នឹងការពារទឹកដីរបស់អង្គការអូតង់មិនឲ្យបាត់មួយចង្អាមឡើយ ហើយយើងគិតថា រុស្ស៊ី បានយល់អំពីសារនេះ»។
លោកប្រធានាធិបតី Biden បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃអាទិត្យ ហើយពួកអស់លោក បានព្រមព្រៀងគ្នាពីសារៈសំខាន់នៃការបន្តអនុវត្តការទូត និងភាពកំញ៉ើញនៅក្នុងការឆ្លើយតបទៅនឹងការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ី។ នេះ បើតាមការបញ្ជាក់របស់សេតវិមានក្រោយពីការសន្ទនាតាមទូរស័ព្ទនោះរួចមក។
ការិយាល័យរបស់លោក Zelenskiy បានបញ្ជាក់ថា លោកប្រធានាធិបតី បានអញ្ជើញលោក Biden ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន។ សេតវិមាន បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះ៕