ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​គ្រួសារ​បុគ្គលិក​ស្ថានទូត​អាមេរិកាំង ទទួល​រង្វាន់​ចំពោះ​សកម្មភាព​ស្ម័គ្រ​ចិត្ត​ក្នុង​ប្រទេស​កម្ពុជា


អ្នកស្រី Jennifer Yan ជយលាភី​រង្វាន់ SOSA (The Secretary of State Award for Outstanding Volunteerism Abroad) ​នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)

សមាជិក​គ្រួសារ​និង​ជា​អតីត​បុគ្គលិក​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ម្នាក់ ឈ្នះ​រង្វាន់​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​សម្រាប់​អ្នក​ស្ម័គ្រចិត្ត​ឆ្នើម​ក្រៅ​ប្រទេស​ឬ​ហៅ​កាត់​ថា ​SOSA​ ចំពោះ​សកម្មភាព​​ស្ម័គ្រចិត្ត​បម្រើ​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា។

សមាជិក​គ្រួសារ​និង​អតីត​បុគ្គលិក​ស្ថានទូត​អាមេរិកាំង​ប្រចាំ​កម្ពុជា​ម្នាក់​ គឺ​អ្នកស្រី ជែនីហ្វរ យ៉ាន (Jennifer Yan) ត្រូវ​បាន​ជ្រើសរើសសម្រាប់​រង្វាន់ ​SOSA ​ដែល​គាំទ្រ​ដោយ​ក្រសួង​ការបរទេស​អាមេរិក ដោយសារ​សកម្មភាពស្ម័គ្រចិត្ត​ដ៏​ឆ្នើម​របស់​អ្នកស្រី ក្នុង​ការ​ចូលរួម​ជួយ​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ស្រី យ៉ាន គឺ​ជា​ជ័យ​លាភី​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ដែលទទួល​បាន​រង្វាន់​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​ឆ្នើម​ក្រៅ​ប្រទេស ហៅ​កាត់​ថា​ SOSA (Secretary of State Award for Outstanding Volunteerism Abroad) ប្រចាំ​ឆ្នាំ​២០១៩​នេះ។

អ្នកស្រី ​Jennifer Yan ជយលាភី​រង្វាន់​SOSA ឈរ​ជាមួយ​ជយលាភី​ពី​ប្រទេស​ផ្សេងៗ​ទៀត​ នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)
អ្នកស្រី ​Jennifer Yan ជយលាភី​រង្វាន់​SOSA ឈរ​ជាមួយ​ជយលាភី​ពី​ប្រទេស​ផ្សេងៗ​ទៀត​ នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)

ជ័យ​លាភី៤នាក់​ទៀត​គឺ​ជា​អតីតសមាជិក​ក្រុម​គ្រួសារ​បុគ្គលិក​ក្រសួង​ការបរទេស​អាមេរិក ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​បម្រើ​ការងារ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត រួម​មាន​តង់ហ្សានី អាល្លឺម៉ង់ ម៉ារ៉ុក និង​អេក្វាទ័រ។

អ្នក​ស្រី យ៉ាន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ ​VOA ក្រោយ​ពី​ពិធី​ប្រគល់​និង​ទទួល​រង្វាន់​ SOSA ​ជា​ផ្លូវការ​នៅ​ឯ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ពុធ​ទី​២០​ខែ​វិច្ឆិកា​ថា អ្នក​ស្រី​មិន​ដែល​គិត​ថា​សកម្មភាព​ស្ម័គ្រ​ចិត្ត​របស់​អ្នក​ស្រី​ ដើម្បី​ចូលរួម​ជួយ​អ្នក​ដទៃក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​ប្រកប​ដោយ​កិត្តិយស​បែប​នេះ​ទេ។

«ក្នុង​ពេល​ដែល​ខ្ញុំ​ចូលរួម​ស្ម័គ្រ​ចិត្ត ខ្ញុំ​គិត​ថា​គ្មាន​នរណា​មើល​ឃើញ​ពី​សកម្មភាព​ស្ម័គ្រចិត្ត​របស់​យើង​ទេ ប៉ុន្តែ​តាម​ពិត​ទៅ មាន​គេ​ទទួល​ស្គាល់​និង​សរសើរ​សកម្មភាព​ស្ម័គ្រចិត្ត​នេះ»

ក្នុង​អំឡុង​ពេល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​៣​ឆ្នាំ​ចាប់តាំង​ពី​ឆ្នាំ​២០១៦​មក បន្ទាប់​ពីស្វាមី​របស់​អ្នក​ស្រី​ដែល​មាន​ដើម​កំណើត​ខ្មែរ ត្រូវ​បាន​បញ្ជូន​ទៅ​បម្រើ​ការងារ​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ ​អ្នកស្រី យ៉ាន ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​កូរ៉េ​ខាង​ត្បូង បាន​ធ្វើ​សកម្មភាព​ស្ម័គ្រចិត្ត​ជាច្រើន ដើម្បី​ជួយ​សហគមន៍។

សកម្មភាព​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​រួម​ទាំងការ​បរិច្ចាគ​ពេល​វេលា ម្ហូបអាហារ​និង​សម្ភារៈ​ផ្សេង​ទៀត​ដល់​អង្គការ​មនុស្សធម៌​និង​អង្គការ​មិន​រក​ប្រាក់​កម្រៃ​ក្នុង​ស្រុក​មួយ​ចំនួនរួមមាន​អង្គការក្ដី​សង្ឃឹម​សម្រាប់​កុមារ​កម្ពុជា ​(Hope for Cambodian Children) ​និង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (Cambodian Children's Fund) ជាដើម។

​អ្នក​ស្រី យ៉ាន មាន​ប្រសាសន៍​ថា​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ក្នុង​នាម​ជា​ក្មេង​កំព្រា​ម្នាក់​ដែល​ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹម​ក្នុង​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៨៥ ធ្វើ​ឱ្យ​អ្នក​ស្រី​យល់​ពី​គុណ​តម្លៃ​នៃ​ការ​ចូល​រួម​ជួយ​អ្នក​ដទៃ​ដោយ​ស្ម័គ្រចិត្ត ដោយ​មិន​គិត​ពី​ការ​តបស្នង​សងគុណ​អ្វី​ទាំង​អស់។

«ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​ ខ្ញុំ​តែង​តែ​ទទួល​អ្វី​មួយ​ពី​គេ។ ដោយសារ​ខ្ញុំ​ធំ​ដឹង​ក្ដី​ក្នុង​មណ្ឌល​កុមារ​កំព្រា ខ្ញុំ​ដឹង​ពី​អារម្មណ៍​នៃ​ការ​ទទួល​អ្វី​មួយ​ដែល​គេ​ឱ្យ​នេះ​ច្បាស់​ណាស់»។

ទិដ្ឋភាព​ទូទៅ​ក្នុង​ពិធី​ផ្តល់​រង្វាន់ SOSA (The Secretary of State Award for Outstanding Volunteerism Abroad) នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)
ទិដ្ឋភាព​ទូទៅ​ក្នុង​ពិធី​ផ្តល់​រង្វាន់ SOSA (The Secretary of State Award for Outstanding Volunteerism Abroad) នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)

រង្វាន់​SOSA ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩០ ដោយ​មាន​ការ​លើកទឹកចិត្ត​និង​ការ​គាំទ្រ​ដោយ​ផ្ទាល់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នៅ​ពេល​នោះ​គឺ​លោក James A. Baker ​និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី Susan Baker។ នេះ​បើ​ផ្អែក​តាម​អង្គការ​តំណាង​ក្រុម​គ្រួសារ​បុគ្គលិក​ក្រសួងការបរទេស​អាមេរិក​ដែល​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ការ​ងារ​នៅ​តាម​បេសកកម្មទូត​នានា​នៅ​ជុំវិញ​ពិភពលោក ​ហៅ​កាត់​ថា ​AAFSW (Associates of the American Foreign Service Worldwide) ។

​អង្គការ​ដែល​មិន​រក​ប្រាក់​កម្រៃ​នេះ ផ្ដល់​រង្វាន់​ SOSA ​ប្រចាំ​ឆ្នាំ ដើម្បី​ទទួលស្គាល់​ការ​ខំ​ប្រឹងប្រែង​ចូលរួម​ធ្វើ​សកម្មភាព​ស្ម័គ្រចិត្ត​ដ៏​លេចធ្លោ​បំផុត​របស់​បុគ្គលិក​និង​ក្រុម​គ្រួសារ​បុគ្គលិក​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ដែល​ត្រូវ​បញ្ជូន​ទៅ​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស។

ចាប់តាំង​ពី​ការ​កកើត​ឡើង​មក រង្វាន់​ SOSA​នេះ ត្រូវ​បាន​ប្រគល់​ជូន​បុគ្គលិក​និង​សមាជិក​គ្រួសារ​បុគ្គលិក​ចំនួន​១២៥​នាក់​នៃ​ស្ថាន​បេសកកម្ម​ការទូត​ក្រៅ​ប្រទេស​ជាង​១៣០​ហើយ។ អ្នក​ដែល​ទទួល​បាន​រង្វាន់​នេះ បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​និង​គំនិត​ច្នៃប្រឌិត​ដ៏​ឆ្នើម ក្នុង​ការ​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ជីវភាព​រស់នៅ​របស់​អ្នក​ដទៃ​នៅ​ក្នុង​ប្រទេស​ដែល​ពួកគេ​ទៅ​ធ្វើ​ការ​នោះ។

​អ្នកស្រី Jennifer Yan ដែល​ជា​អតីត​បុគ្គលិកផ្នែក​កិច្ចការ​សាធារណៈ​ក្នុង​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​ដែរ​នោះ​ បាន​ផ្ដល់​នូវនិរន្តរភាព​ដោយ​ធានា​ថា​ស្ថានទូត​នៅ​តែ​បន្ត​ធ្វើ​ការ​ជាមួយ​អង្គការ​មនុស្ស​ធម៌​និង​អង្គការ​មិន​រក​ប្រាក់កម្រៃ​ដែល​អ្នកស្រី​ធ្លាប់​ចូល​រួម​ស្ម័គ្រ​ចិត្ត​ជួយ​តទៅ​ទៀត ក្រោយពេល​ដែល​អ្នក​ស្រី​បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួន​នៅ​ឯ​ស្ថាន​ទូត​ហើយ​វិល​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​វិញ​ហើយ​នោះ។

ក្រៅ​ពី​ធ្វើ​សកម្មភាព​ស្ម័គ្រ​ចិត្ត​នៅ​ក្រៅ​ស្ថាប័ន​ការងារ​របស់​ខ្លួន​ហើយ​នោះ អ្នក​ស្រី Jennifer Yan ក៏​ជា​បុគ្គលិក​សកម្ម​ម្នាក់​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ជួយ​ក្នុង​ពេល​ស្ថានទូត​មាន​រៀបចំ​ព្រឹត្តិការណ៍​នានា ដូចជា​ការ​រៀបចំ​អាហារ​ពេល​ព្រឹក​ក្នុង​រដូវ​បុណ្យ​ណូអែល (Breakfast with Santa)​ និង​ការ​គ្រប់គ្រង​ទំព័រ ​Facebook​ សម្រាប់​ក្រុម​គ្រួសារ​បុគ្គលិក​ស្ថានទូត​ជាដើម។

ជា​ម្ដាយ​នៃ​កូន​៤​នាក់ អ្នក​ស្រី Jennifer Yan ក៏សកម្ម​ក្នុង​ការ​ចូលរួមស្ម័គ្រចិត្ត​ជួយ​សាលា​រៀន​កូនៗ​របស់​អ្នកស្រី​ ដោយ​អ្នក​ស្រី​បាន​រៀបចំ​បញ្ឈរអាមេរិកាំងនៅ​ឯ​ពិធី​តាំង​ពិព័រណ៍​នៅ​សាលា​រៀន​ផង​ដែរ។

អ្នកស្រី Joanna Athanasopoulos Owen ប្រធាន​អង្គការ AAFSW (Associates of the American Foreign Service Worldwide) ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ផ្តល់​រង្វាន់ SOSA (The Secretary of State Award for Outstanding Volunteerism Abroad)​នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)
អ្នកស្រី Joanna Athanasopoulos Owen ប្រធាន​អង្គការ AAFSW (Associates of the American Foreign Service Worldwide) ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ផ្តល់​រង្វាន់ SOSA (The Secretary of State Award for Outstanding Volunteerism Abroad)​នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)

អ្នក​ស្រី​បណ្ឌិត Joanna Athanasopoulos Owen ប្រធាន​អង្គការ ​AAFSW មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​VOA​នៅ​ក្រោយ​ពិធី​ប្រគល់​រង្វាន់ SOSA ដល់​ជ័យលាភី​អ្នក​ស្ម័គ្រ​ចិត្ត​ឆ្នើម​ទាំង​៥​នាក់​ថា រង្វាន់​អ្នក​ស្ម័គ្រ​ចិត្ត​នេះ ជួយ​ឱ្យបុគ្គល​ភ្ញាក់​រលឹក ដោយ​គិត​ហួស​ពី​ត្រឹម​តែ​ខ្លួនឯង និង​ក្រុម​គ្រួសារ​ខ្លួន​ឯង។

«‍សូម​ស្ម័គ្រ​ចិត្ត​ផ្ដល់​ម្ហូបអាហារ​របស់​អ្នក ស្ម័គ្រ​ចិត្ត​ផ្ដល់​សេចក្ដី​ល្អ​របស់​អ្នក ស្ម័គ្រ​ចិត្ត​ជួយ​ថតរូប​នរណា​ម្នាក់​ដែល​អ្នក​មិន​ដែល​ស្គាល់​នៅ​តាម​ផ្លូវ និង​ស្ម័គ្រចិត្ត​ដើម្បី​ធ្វើ​ឱ្យ​នរណា​ម្នាក់ មាន​អារម្មណ៍​ថា​អ្នក​ស្វាគមន៍​រូប​គេ​នៅ​ក្នុង​ប្រទេស​របស់​អ្នក​ជាដើម»។

អ្នកស្រី Susan Pompeo ភរិយា​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បច្ចុប្បន្ន​លោក Mike Pompeo ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ផ្ដល់​រង្វាន់SOSA (The Secretary of State Award for Outstanding Volunteerism Abroad)​នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)
អ្នកស្រី Susan Pompeo ភរិយា​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បច្ចុប្បន្ន​លោក Mike Pompeo ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ផ្ដល់​រង្វាន់SOSA (The Secretary of State Award for Outstanding Volunteerism Abroad)​នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ (សាយ មុន្នី/VOA)

​អ្នកស្រី Susan Pompeo ភរិយា​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បច្ចុប្បន្ន​គឺ​លោក Mike Pompeo មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ SOSA​ នេះ​ដែរ​ថា សកម្មភាព​ស្ម័គ្រ​ចិត្ត​ជួយ​អ្នក​ដទៃ​នេះ មិន​មែនជួយ​ត្រឹម​តែ​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​ជួយ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ខ្លួន​ឯង​ផង​ដែរ។

​អ្នកស្រី​ Jennifer Yan ​យល់​ស្រប​ចំពោះ​គំនិត​បែប​នេះ​ ដោយ​មាន​ប្រសាសន៍​ថា​វា​គ្មាន​អ្វី​ខុស​ទាស់​នោះ​ទេ ក្នុង​ការ​ស្ម័គ្រ​ចិត្ត​ចែករំលែក​ពេល​វេលា​និង​ធនធាន​ផ្ទាល់​ខ្លួន​ ដើម្បី​ផ្ដល់​ដល់​អ្នក​ដទៃ រួម​ទាំង​អាហារ​របស់​ខ្លួន​ផង​ដែរ។

«‍ពេល​ដែល​អ្នក​ចែក​ម្ហូប​របស់​អ្នក​ដល់​អ្នក​ផ្សេង អាហារ​នោះ​កាន់​តែ​មាន​ឱជារស»។

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG