ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ខ្មែរ​មួយ​ក្រុម​បង្ហាញ​ឆន្ទៈ​សម្អាត​សំរាម​ពី​លូ​ទឹក​ស្អុយ​បឹង​ត្របែក


ក្រុមយុវជនកំពុងប្រមូលសំរាមពីលូទឹកស្អុយបឹងត្របែក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
ក្រុមយុវជនកំពុងប្រមូលសំរាមពីលូទឹកស្អុយបឹងត្របែក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

យុវជន​មួយ​ក្រុម​ដែល​មាន​មុខរបរ​ និង​ទី​លំនៅ​ផ្សេងៗ​គ្នា​ បាន​ស្ម័គ្រ​ចិត្ត​ប្រមូល​សំរាម​ចេញ​ពី​លូ​ទឹក​ស្អុយ​បឹង​ត្របែក​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ប្រើប្រាស់​ក្បូន​បណ្ដែត​លើ​ទឹក​ ចាប់​ទាញ​និង​ដង​សំរាម​ចេញ​ពី​លូ​ទឹក​ដែល​មាន​ពណ៌​ខ្មៅ​ខាប់​ និង​ក្លិន​ស្អុយ​ឆួល ដើម្បីប្រែក្លាយតំបន់នេះទៅជារមណីយដ្ឋានមួយ។

យុវជន​សំរាម!​ គឺ​ជា​រហស្សនាម​របស់​យុវជន​មួយ​ក្រុម​មាន​មុខរបរ​ចម្រុះ​គ្នា​ តែ​មាន​គោល​បំណង​រួម​មួយ ​ដើម្បី​កែប្រែ​លូ​ទឹក​ស្អុយ​ឲ្យ​ក្លាយ​ជា​រមណីយដ្ឋាន​តាមរយៈ​ការ​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​ ធ្វើ​ការ​ស្ម័គ្រចិត្ត​ប្រមូល​យក​សំរាម​ពី​ក្នុង​លូ​ទឹក​ស្អុយ​ម្ដុំ​បឹង​ត្របែក ​ទាំង​ថ្ងៃ​ និង​យប់។

​យ៉ាង​ហោច​ណាស់​ មាន​យុវជន​ប្រមាណ​ជាង​២០​នាក់​ បាន​ចូលរួម​ជា​ប្រចាំ​រៀងរាល់​ថ្ងៃដើម្បី​ប្រមូល​កាក​សំណល់​ដែល​គេ​បោះ​ចោល​ក្នុង​លូ​ទឹក​ស្អុយ។​ សកម្មភាព​សម្អាត​នេះ​បាន​ចាប់​ផ្ដើម​តាំងពី​ដើម​ខែ​មីនា​ ហើយ​បាន​ទាក់ទាញ​យុវជន​ច្រើន​ឡើង​ចូលរួម​សកម្មភាព​នេះ។

​កំពុង​ដឹកនាំក្រុម​យុវជន​ប្រមូលសំរាម​ទាំង​មេឃ​កំពុង​បើក​ថ្ងៃកម្ដៅ​ជាង​៣០​អង្សា យុវជន​ សាន ដារ៉ាវីត ​ប្រាប់​ថា​មូល​ហេតុ​នៃ​ការ​ចាប់​ផ្ដើម​ គឺ​ដោយ​សារ​លោក​ឃើញ​មិត្តភក្តិ​របស់​លោក​ម្នាក់​ជាជន​បរទេស ​រិះគន់​បញ្ហា​សំរាម​នៅ​កម្ពុជា។

បុរស​វ័យ​ ២៩ ​ឆ្នាំ​រូប​នេះ​បន្ត​ថា​ លោក​ចាប់​ផ្ដើម​ចាប់​យក​ទីតាំង​លូ​ទឹក​ស្អុយ​បឹង​ត្របែក​នេះ​ ដោយ​សារ​លោក​តែង​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​នេះ​ជា​ញឹកញយ​ ហើយ​ឃើញ​សំរាម​ជាច្រើន​កំពុង​អណ្ដែត​ជាមួយ​ក្លិន​ដែល​ពិបាក​ទ្រាំ។

លោក សាន ដារ៉ាវីត អ្នកផ្តើមគំនិតដឹកនាំក្រុមយុវជនប្រមូលសំរាមនៅលូទឹកស្អុយបឹងត្របែក រាជធានីភ្នំពេញ ផ្តល់បទសម្ភាសន៍ដល់ VOA រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក សាន ដារ៉ាវីត អ្នកផ្តើមគំនិតដឹកនាំក្រុមយុវជនប្រមូលសំរាមនៅលូទឹកស្អុយបឹងត្របែក រាជធានីភ្នំពេញ ផ្តល់បទសម្ភាសន៍ដល់ VOA រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

យុវជន​ដែល​ជា​អ្នក​ផ្ដើម​គំនិត​ដំបូង​ក្នុង​ការ​ប្រមូល​សំរាម​នៅ​លូ​ទឹក​ស្អុយ​បឹង​ត្របែក​នេះ ​រំពឹង​ថា​ លូ​ទឹក​ស្អុយនេះ​ នឹង​ក្លាយ​ជា​ទី​កន្លែង​ស្អាត​នា​ពេល​ខាង​មុខ​ តាម​រយៈ​ការ​អត់ធ្មត់ ​និង​ខិតខំ​ប្រឹងប្រែង​ប្រមូល​សំរាម​ឲ្យ​អស់​ពី​តំបន់​នេះ។

លោក​បញ្ជាក់​ថា៖​

​«ទីតាំង​នេះ​ខ្ញុំ​គិត​ថា​វា​អាច​ចិញ្ចឹម​ត្រី​បាន​ ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​ទឹក​ពណ៌​ខ្មៅ​នេះ​ទៅ​ជា​ថ្លា​ ហើយ​ពួក​យើង​អាច​ធ្វើ​ជា​កន្លែង​អង្គុយ​លេង​អង្គុយ​អី​ទៅ។ អញ្ចឹង​ថ្ងៃ​ក្រោយ​វា​អាច​ទៅ​ជា​រមណីយដ្ឋាន​បាន​នៅ​ទីនេះ​ ព្រោះ​នៅ​ទី​នេះ​វានៅ​កណ្ដាល​ក្រុង​ដែរ ​អញ្ចឹង​យើង​មិន​បាច់​បារម្ភ​ថា​ធ្វើ​រមណីយដ្ឋានអត់មានមនុស្ស​ចូល​រួម​ទេ»។

​សាន ដារ៉ាវីដ​ បន្ថែម​ពី​គោល​បំណង​សម្រាប់​ក្តី​ស្រម៉ៃ​បន្ទាប់​ថា៖​

«និយាយ​ទៅ ​ខ្ញុំ​ចង់​យក​កន្លែង​ហ្នឹង​ធ្វើ​ជា​គំរូ​សិន ​យក​អា​ហ្នឹង​យក​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង​មួយ​ទៀត»។

យុវជនទាំង​នោះ​ភាគ​ច្រើន​ជា​យុវជន​មក​ពី​ទី​កន្លែង​ផ្សេងៗ​គ្នានៅ​រាជធានី​ភ្នំពេញ ​និង​មាន​មួយ​ចំនួន​មក​ពី​តាម​បណ្ដា​ខេត្ត​ ហើយ​ពួកគេ​មិន​ធ្លាប់​ស្គាល់​គ្នា​ ព្រមទាំង​មាន​មុខ​របរ​ផ្សេងៗ​គ្នា។​ ក្នុង​ចំណោម​ពួក​គេ​នោះ​ ខ្លះ​ជា​អ្នក​លក់​កាហ្វេ​ ខ្លះ​ជា​ជាង​ជួសជុល​រថយន្ត​ និង​ខ្លះ​ទៀត​ធ្វើ​ការ​នៅ​ហាង​កែ​សម្ផស្ស។

កំពុង​ឈរ​លើ​ក្បូន​ធ្វើពី​បន្ទះ​ឈើ​ និង​ធុង​ជ័រ​ បណ្ដែត​លើ​ទឹក​លូដែល​មាន​ពណ៌​ខ្មៅ​ដូច​ភក់ ​ព្រម​ជា​មួយ​ក្លិន​ស្អុយ​បណ្ដាល​ឲ្យ​ឆួល​ច្រមុះ​ យុវតី​ ​ហាក់ ស្រីពៅ ​កំពុង​កាន់កញ្ច្រែង​ដួស​សំរាម​ដែល​ភាគ​ច្រើន​ជា​ប្លាស្ទិក ​កំពុង​អណ្ដែត​ត្រៀបត្រា​ក្នុង​លូ​បង្ហូរ​ទឹក​ស្អុយ​នៅ​តំបន់​បឹង​ត្របែក​នោះ។​

ស្រី​ពៅ​ បន្ត​ថា​ នាង​គឺ​ជា​អ្នក​ធ្វើការ​នៅ​ហាង​កែ​សម្ផស្ស​មួយ​នៅ​ម្ដុំ​បឹង​កេងកង​ ហើយ​នាង​ទើប​ចាប់​ផ្ដើម​ចូលរួម​ប្រមូល​សំរាម​ជាមួយ​ក្រុម​យុវជន​សំរាម​នេះ​ បន្ទាប់​ពី​ជិះកង់​កាត់​ម្ដុំ​លូ​ទឹក​ស្អុយ​បឹង​ត្របែក​ជា​ច្រើន​ដង។

យុវតី​វ័យ​ ១៨ ​ឆ្នាំ​រូប​នេះ​និយាយ​ថា៖​

«ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​ហ្នឹង​គាត់​មាន​សុខភាព​ល្អ​ដែរ​អញ្ចឹង ​ព្រោះ​អី​ណាមួយ​ទីក្រុង​យើង​សំរាម​ច្រើន​អញ្ចឹង​ទៅ​មើលភាគច្រើន​គេ​មក​មើល​អត់​ល្អ​អញ្ចឹង​ ចង់​ចែក​រំលែក ​ហើយ​ណា​មួយដើម្បី​សុខភាព​បង​ប្អូន​យើង​នៅ​ទី​ហ្នឹង​ផង។​ ក៏​មិន​ដឹង​ដែរ​ [រយៈពេល​នៃ​ការ​ចូលរួម​ប្រមូល​សំរាម]​ បើ​សិន​គាត់​ចូល​រួម​អាច​ចូលរួម​ជាមួយ​គាត់​រហូត​ដែរ»។

ក្រុមយុវជនកំពុងប្រមូលសំរាមពីលូទឹកស្អុយបឹងត្របែក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
ក្រុមយុវជនកំពុងប្រមូលសំរាមពីលូទឹកស្អុយបឹងត្របែក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

អស់​រយៈពេល​ជិត ​១​ ខែ​មក​ហើយ​ ពោល​គឺ​ចាប់​តាង​ពី​ថ្ងៃ​ទី​ ៨ ​ខែ​មីនា​ ឆ្នាំ​ ២០១៩ មក​ មិន​ថា​ពេល​ថ្ងៃ​ ឬ​យប់​ គេ​ឃើញ​ក្រុម​«យុវជន​សំរាម» ពេល​ខ្លះមានចំនួន​ជិត​ ១០​ នាក់​ ពេល​ខ្លះ​ប្រមាណ​ជា​ ២០ ​នាក់​ តែង​បែង​ចែក​ការងារ​គ្នា​ដើម្បី​ប្រមូល​សំរាមពី​លូ​ទឹក​ស្អុយ​នោះ។ ​ពួកគេ​ខ្លះ​ចង​បន្ទះ​ឈើ​ភ្ជាប់​ជាមួយ​ធុង​ជ័រ​ដើម្បី​ដាក់​បណ្ដែត​ទឹក​ ខ្លះប្រើ​កញ្ច្រែង​ដួស​យក​សំរាម​ចេញ​ពី​លូ​ ខ្លះជញ្ជូន​សំរាម​យក​ដាក់​លើ​គោក​ និង​ខ្លះ​ទៀត​ចាប់​សំរាមដោយ​ប្រើ​ដង្កៀប​ជាដើម។

​បុរស​មាឌ​មាំ​ និង​សម្បុរ​ស្រអែម​ កំពុង​ឱន​ចង​បន្ទះ​ក្ដារ​ភ្ជាប់​ជាមួយ​ធុង​ជ័រ​ដើម្បី​បណ្ដែត​ជា​ក្បូន​ធ្វើមធ្យោបាយ​ប្រមូល​សំរាម​លើ​ទឹក​ម្នាក់​ ​លោក ​មាស ស៊ីនឿន​ ​និយាយ​ថា ​លោក​បាន​ចំណាយ​ពេល​ថ្ងៃ​អាទិត្យ ​និង​ពេល​យប់ ​ក្រោយ​បញ្ចប់​ការងារ​ជា​ជាង​ជួល​ជុល​រថយន្ត ដើម្បី​ជួយប្រមូល​សំរាម ពី​លូ​ទឹក​ស្អុយ​នេះ។​ លោក​រំពឹង​ថា​ តាមរយៈ​ការសកម្មភាព​ការងារ​របស់​ក្រុម​«យុវជន​សំរាម» ​ប្រជាពលរដ្ឋ​ និង​អ្នក​ពាក់ព័ន្ធ​ នឹងរួមគ្នា​ក្នុង​ការ​ទុក​ដាក់​ និង​សម្អាត​សំរាម​នៅ​កម្ពុជា។

បុរស​វ័យ ​២៦ ឆ្នាំ​រូប​នេះ​បន្ថែម​ទាំង​មាន​ញើស​លើ​ថ្ងាស​បន្តិច​ផង​ថា៖​

​«យើង​ធ្វើ​នេះ​គឺ​ចង់​ឲ្យ​ប្រជា​ពលរដ្ឋផ្លាស់ប្ដូរ​ផ្នត់​គំនិត​ពី​ការ​បោះចោល​សំរាម​ចូល​ក្នុង​ទឹក​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ ហើយ​ពួក​យើង​ព្រម​ធ្វើ​ធុង​សំរាម​ឲ្យ​ពួក​គាត់​ហ្នឹង ដើម្បី​ឲ្យ​គាត់​បោះ​ចោល​ក្នុង​ធុង​សំរាម​ ដើម្បី​ឲ្យ​វា​ល្អ កុំ​ឲ្យ​គាត់​អារាត់​អារាយ​អញ្ចឹង ហើយ​ច្បាប់​ក៏​គេ​ហាម​ឃាត់​ដែរ។​ គេ​មាន​ទាំង​ការ​ផាក​ពិន័យ​ ពេល​បោះចោល​ខុស​កន្លែង​ទីតាំង​អញ្ចឹង​ គេ​មាន​ការ​ផាក វា​អស់​លុយ​អស់​អី។​ សំខាន់​ពេល​គេ​ផុស​ [បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក]​ ទៅ​វា​ខ្មាស​គេ​ទៀត។​ វា​អត់​ល្អ​ទេ»។

ក្រុមយុវជនកំពុងប្រមូលសំរាមពីលូទឹកស្អុយបឹងត្របែក នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
ក្រុមយុវជនកំពុងប្រមូលសំរាមពីលូទឹកស្អុយបឹងត្របែក នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

​កាលពី​សប្ដាហ៍​ទី ៣ ​នៃ​សកម្មភាព​សម្អាត​លូ​ទឹក​ស្អុយ​បឹង​ត្របែក​ ក្រុម​យុវជន​សំរាម​ទាំង​នោះ​បាន​ធ្វើ​ធុង​សំរាម​ពី​ធុង​ជ័រ​ប្រមាណ​ជា​ ៥០​ ដោយ​មាន​បាញ់​ថ្នាំ​លើ​ធុង​នោះ​ថា​ «យុវជន​សំរាម»​ ដើម្បី​ចែក​ចាយ​ឥត​គិត​ថ្លៃដល់​ប្រជាពលរដ្ឋដែល​រស់​នៅ​ទីនោះ។

​កំពុង​ឈរ​មើល​យុវជន​កាយ​សំរាម​ពី​លូ​ទឹក​ស្អុយ​ ពលរដ្ឋ​ម្នាក់​រស់​នៅ​តាម​បណ្ដោយ​លូ​ទឹក​ស្អុយ​នោះ​ លើក​ឡើង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​ លោក​គាំទ្រ​ចំពោះ​សកម្មភាព​របស់​ក្រុម​យុវជន​ដែល​ចុះ​ប្រមូល​សំរាម​ទាំង​នោះ។​ បុរស​វ័យ​ជាង​ ៦០​ ឆ្នាំ​រូប​នេះ​បន្ថែម​ថា​ កន្លង​មក​លោក​ឃើញ​អាជ្ញាធរ​បាន​ចុះ​កាយ​សំរាម​ជាច្រើន​ដង​ដែរ​ ប៉ុន្តែ​លោក​ថា​អាជ្ញាធរ​មិន​អាច​កាយ​អស់​ដោយ​សារ​អ្នក​រស់​នៅ​ទីនោះ​តែង​ចោល​សំរាម​ជា​រៀង​រាល់​ថ្ងៃ។

បុរស​មាឌ​មាំ ​សក់​ល្បាយ​អាចម៍​ខ្លា​រូប​នេះ​បញ្ជាក់​ថា៖

«លំបាក​គឺ​លំបាក​ហើយ​ តែ​មិន​ដឹង​ធ្វើ​ម៉េច​បើ​យើង​ធ្វើ​អី​មិន​ចេញ​ដោះស្រាយ​វា​មិន​ចេញ​ បាន​យុវជន​ស្ម័គ្រ​ចិត្ត​មក​ជួយហ្នឹង​ សប្បាយ​ចិត្ត​ហ្មង។​ អាជ្ញាធរ​មក​កាយ​ដែរ​ តែ​គាត់​អត់​មាន​កម្លាំង​ច្រើន គាត់​មក​តែ​ម្នាក់​ឯង​គ្រាន់តែ​ឆ្កឹះ​វាស​អី​បន្តិច​បន្តួច​ហ្នឹង ​ដូច​ថា​គាត់​គ្មាន​កម្លាំង​ពលកម្ម។​ វា​មិន​ដូច​យុវជន​មក​គ្នា​ច្រើន​អញ្ចឹង​ហ្មង»។
​បន្ទាប់​ពី​ក្រុម​ «យុវជន​សំរាម» ​ចាប់​ផ្ដើម​សកម្មភាព​ប្រមូល​សំរាម​នៅ​តាម​លូ​ទឹក​ស្អុយ​បឹង​ត្របែក​នោះ គេ​ឃើញ​អាជ្ញាធរ​ដែល​មាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មួយ​ចំនួន ក៏​បាន​ប្រើ​គ្រឿង​ចក្រ​ចូក​ដី ដើម្បី​កាយ​សំរាម​នៅ​ទីនោះ និង​ជួយ​ជញ្ជូន​សំរាម​ដែល​ប្រមូល​បាន​ពី​ក្រុម​«យុវជន​សំរាម»​ដឹក​យក​ទៅ​ចាក់​ចោល​នៅ​ទីលាន​ចោល​សំរាម​ផង​ដែរ។

ក្រុមយុវជនកំពុងប្រមូលសំរាមពីលូទឹកស្អុយបឹងត្របែក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
ក្រុមយុវជនកំពុងប្រមូលសំរាមពីលូទឹកស្អុយបឹងត្របែក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក ​ម៉េត មាសភក្តី ​មិន​ទទួល​ទូរស័ព្ទ​ដោយ​គ្រាន់​តែ​ប្រាប់ VOA ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ខ្លី​ក្នុង​ន័យ​ដើម​ថា៖​

​«យើង​ធ្វើ​ការងារ​អនាម័យ​ បរិស្ថាន​នេះ​ជា​ប្រចាំ​រួច​ហើយ​ តែ​យ៉ាងណា​ក៏​អរគុណ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ន័យ​ជំរុញ​ការយល់​ដឹង​អំពី​បញ្ហា​សំរាម​នេះ»។

កម្ពុជា​មាន​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​ទីប្រជុំ​ជ​ន​ កាល​ពី​ខែ​សីហា ឆ្នាំ​ ២០១៧ ដែល​មាន​គោល​បំណង​គ្រប់​គ្រង​សំរាម និង​សំណល់​រឹង​តាម​ទីប្រជុំ​ជន​ឲ្យ​មាន​ប្រសិទ្ធភាព។​ អនុក្រឹត្យ​នោះ​ ក៏​មាន​ចែង​ពី​ការ​ពិន័យ​ជា​ប្រាក់​ចាប់ពី​ ១​ម៉ឺន​រៀល​ដល់​ ២លាន​រៀល ​ចំពោះ​អ្នក​ដែល​គ្រប់​គ្រង​សំណល់​មិនបាន​ត្រឹមត្រូវ​ ព្រមទាំង​បុគ្គល ឬ​ស្ថាប័ន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ផ្សេងៗ។

អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​ថង់​ប្លាស្ទិក​ដែល​បាន​ប្រកាស​ឲ្យ​ប្រើ​កាលពី​ថ្ងៃ​ទី​ ១០​ ​ខែ​តុលា​ ​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​នៅ​តាម​ផ្សារ​ទំនើប​គ្រប់​រាជធានី​ខេត្ត​ មុន​នឹង​អនុវត្ត​នៅ​តាម​គ្រប់​កន្លែង​លក់​ទំនិញ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​ ២០២០​ ខាងមុខ។​ ​អនុក្រឹត្យ​នោះក៏​មាន​កំណត់​ពី​ទំហំ​ថង់​ប្លាស្ទិក​ដែល​ត្រូវ​ប្រើ​មិន​ឲ្យ​តូច​ជាង​ ២៥​សង់ទីម៉ែត្រ​ ​ចំណែក​កម្រាស់​មិន​ឲ្យ​ស្ដើង​ជាង​ ០.៣​មីលីម៉ែត្រ​ ​ព្រម​ទាំង​ត្រូវ​កំណត់​តម្លៃ​បន្ថែម​សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ថង់​ប្លាស្ទិក​នា​នា។

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ​ខណៈ​ដែល​លោក ​នេត្រ ភក្រ្តា ​អ្នកនាំពាក្យ​ក្រសួង​មួយ​នេះ ​ចុច​បិទ​ទូរស័ព្ទ​របស់ ​VOA​ ជាច្រើន​ដង។

ប្លាស្ទិក​ត្រូវ​បាន​គេដឹង​ថា​ជា​សារធាតុ​ដែល​មិន​ងាយ​រលាយ​ និង​អាច​បញ្ចេញ​សារធាតុ​គីមី​ដែល​មាន​គ្រោះ​ថ្នាក់ទៅ​ក្នុង​បរិស្ថាន​ និង​សុខភាព​មនុស្ស។​ ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បំពុល​បរិស្ថាន​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ច្រើន ហើយ​សេវា​កម្ម​នៃ​ការគ្រប់គ្រង​កាក​សំណល់មិន​បាន​ល្អ។​

ក្រុមយុវជនកំពុងប្រមូលសំរាមនៅលូទឹកស្អុយបឹងត្របែក នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ ក្រុមយុវជនបានបញ្ជាក់ថា ពួកគេបានបង្កើតធុងសំរាមទាំងនេះសម្រាប់បេសកកម្មសម្អាតសំរាមនៅតំបន់លូទឹកស្អុយមួយនេះ។ (កាន់ វិច្ឆិកា/VOA)
ក្រុមយុវជនកំពុងប្រមូលសំរាមនៅលូទឹកស្អុយបឹងត្របែក នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ ក្រុមយុវជនបានបញ្ជាក់ថា ពួកគេបានបង្កើតធុងសំរាមទាំងនេះសម្រាប់បេសកកម្មសម្អាតសំរាមនៅតំបន់លូទឹកស្អុយមួយនេះ។ (កាន់ វិច្ឆិកា/VOA)

​ដប​ប្លាស្ទិក​និង​វត្ថុ​ធ្វើ​ពី​ជ័រ​កៅស៊ូ​ដែល​មាន​សារធាតុ​គីមី​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក។​ ការ​បំពុល​ដោយ​ប្លាស្ទិក​គឺជា​ការ​រួម​ចំណែក​ចម្បង​ចំពោះ​ការ​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​អាកាស​ធាតុ​នៅ​កម្ពុជា។

ការ​ស្ទង់​មតិ​មួយ​កាល​ពី​ចុង​ឆ្នាំ​ ២០១៥​ ​ស្ដី​អំពី​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​កម្ពុជា​ ​ដោយ​អង្គការ​ ​ACRA ​ដែល​ធ្វើ​ការ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ​បង្ហាញ​ថា​ ​ប្រជាជន​កម្ពុជា​ម្នាក់​ជា​មធ្យម​ប្រើប្រាស់​ថង់​ប្លាស្ទិក​ចំនួន​ ២០០​ថង់​ក្នុង​មួយ​ខែ​និង​ជាង​ ២០០០​ថង់​ក្នុង​មួយ​ឆ្នាំ។

ការ​ស្ទង់​មតិ​នោះ​បញ្ជាក់​ថា​ ​ថង់​ប្លាស្ទិក​មួយ​គីឡូ​មាន​តម្លៃ​ជា​មធ្យម​ ៨០០០​រៀល​ ​និង​ថា​ ​ជា​រៀង​រាល់​ឆ្នាំ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ខាត​បង់​ថវិកា​អស់​រាប់​រយ​លាន​ដុល្លារ​ពី​កាក​សំណល់​ថង់​ប្លាស្ទិក​នេះ។

បើ​ទោះបី​ជា​ប្លាស្ទិក កំពុង​អណ្ដែត​ជាមួយ​ក្លិន​ស្អុយ​ឆួល​ពី​លូ​បឹង​ត្របែក​ក្ដី​ ក៏​លោក​សាន ដារ៉ាវីត​ ដែល​ជា​អ្នក​ដឹកនាំ​ការ​រើស​សំរាម​នោះ​ នៅ​តែ​បន្ត​ដោយ​រំពឹង​ថា​ប្រជា​ពលរដ្ឋ​នឹង​អាច​ផ្លាស់ប្ដូរ​ការ​ចោល​សំរាម​របស់​ពួកគេ​ តាម​រយៈ​សកម្មភាព​របស់​យុវជន​សំរាម។

​សាន ដារ៉ាវីត​ និយាយ​ថា៖​

«យើង​អត់​អាច​បន្ទោស​នរណា​គេថា​ចោល ​ឬ​រើស ​ឬ​ក៏​យ៉ាងម៉េច​ទេ​ ប៉ុន្តែ​បើ​សិន​ជា​អ្នក​រើស​ច្រើន​ជាង​អ្នក​ចោល​ សំរាម​លែង​មាន​ហើយ»។

​ទោះជា​ថង់​ប្លាស្ទិក​និង​សំរាម​នានា​នៅ​តែ​មាន​វត្តមាន​អណ្ដែត​តាម​ទឹក​លូ​បឹង​ត្របែក​ជា​ច្រើន​ជា​រៀង​រាល់​ថ្ងៃ​ ក៏​យុវជន​មួយ​ក្រុម​នេះ​នៅតែ​បង្ហាញ​សុឆន្ទៈ​មោះមុត​ ក្នុង​ការ​សម្អាត​សំរាម​ទាំងនោះ​បន្ត​ទៅ​ទៀត៕

XS
SM
MD
LG