អង្គការមិត្តគ្មានព្រំដែនបានប្រារព្ធកម្មវិធីរៃអង្គាសថវិកាប្រចាំឆ្នាំលើកទី១៦របស់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅរដ្ឋ New Jersey ក្នុងសហរដ្ឋអាមេរិក។ កម្មវិធីនោះ មានការចូលរួមយ៉ាងអធិកអធមពីសំណាក់ពលរដ្ឋខ្មែរអាមេរិកាំង ដែលមកពីរដ្ឋ New Jersey រដ្ឋ New YorK និងរដ្ឋដទៃទៀតផងដែរ។
អង្គការមិត្តគ្មានព្រំដែនគឺជាអង្គការអន្តរជាតិមិនស្វែងរកកំរៃ ដែលមានមូលដ្ឋាននៅក្នុងបុរី New YorK។ អង្គការនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ក្នុងគោលដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារក្រីក្រ តាមរយៈការបង្កើតមន្ទីរពេទ្យកុមារអង្គរនៅឆ្នាំ១៩៩៩។ មន្ទីរពេទ្យនេះមានទីតាំងនៅខេត្តសៀមរាបក្នុងប្រទេសកម្ពុជា។
លោក Kenro Izu ដែលជាស្ថាបនិក និងជាប្រធានរបស់អង្គការមិត្តគ្មានព្រំដែន ហើយក៏ជាជាងថតរូបជនជាតិជប៉ុនដ៏ល្បីល្បាញមួយរូប បានថ្លែងប្រាប់ VOA ថា អង្គការរបស់លោកទទួលបានជោគជ័យដោយពឹងផ្អែកលើការរៃអង្គាសប្រាក់តាមរយៈការរៀបចំកម្មវិធីសប្បុរសធម៌នៅបរទេស ដូចជានៅប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសកាណាដាជាដើម។
លោក Izu បាននិយាយថា «គ្រប់គ្នាព្យាយាមជួយគ្នាទៅវិញទៅមក ដើម្បីឲ្យមន្ទីរពេទ្យនេះទទួលបានជោគជ័យ និងនៅតែបន្តដំណើរការទៅមុខទៀត។ ដូច្នេះប្រតិបត្តិការរបស់យើងទទួលបានជោគជ័យអស់រយៈពេល១៦ឆ្នាំមកហើយ»។
នៅក្នុងកម្មវិធីគម្រប់ខួបនោះ មានការទទួលទានអាហារសាមគ្គី និងមានការរាំរែកចង្វាក់ប្រពៃណីខ្មែរផងដែរ។ ស្ថិតក្នុងបរិយាកាសដ៏រីករាយដែលប្រព្រឹត្តទៅអស់រយៈពេលប្រមាណ៤ម៉ោងនោះ ក៏មានការដាក់ដេញថ្លៃវត្ថុអនុស្សាវរីយ៍ ដែលជាស្នាដៃខ្មែរ និងរូបថតដ៏ល្អប្រណិតជាច្រើនផ្ទាំង ដែលជាស្នាដៃរបស់លោក Izu ដោយផ្ទាល់ទៀតផង។ ថវិកាដែលបានមកពីកម្មវិធីសប្បុរសធម៌នេះទាំងអស់នឹងជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។
លោក Kenro Izu មានជំនឿថា កុមារគឺជាឆ្អឹងខ្នងរបស់សង្គម ដូច្នេះពួកគេគួរតែរស់នៅដោយមានសុខភាពល្អ ដើម្បីឲ្យពួកគេអាចមានក្ដីស្រមៃវែងឆ្ងាយ។ លោក Izu បាននិយាយថា៖ «កុមារ ទោះមានឬក្រ គួរតែទទួលបានការមើលថែ និងការយកចិត្តទុកដាក់ដោយស្មើភាព និងយុត្តិធម៌។ នៅពេលដែលពួកគេមានសុខភាពល្អ ពួកគេនឹងមានឱកាសទទួលបានការអប់រំ ដើម្បីក្លាយជាវេជ្ជបណ្ឌិត ឬនាយករដ្ឋមន្ត្រី នាពេលអនាគត»។
កម្មវិធីរាត្រីសប្បុរសធម៌នោះ មានភ្ញៀវចូលរួមសរុបប្រមាណ២០០នាក់។ លោក គឹម តារា ដែលជាភ្ញៀវម្នាក់ក្នុងកម្មវិធីនោះ បាននិយាយថា៖ «នេះគឺជាកម្មវិធីមួយដ៏ល្អ ដែលធ្វើឡើងដើម្បីជួយដល់កុមារនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបខ្ញុំមកចូលរួម»។
លោក តារា បានគាំទ្រកម្មវិធីសប្បុរសធម៌របស់អង្គការមិត្តគ្មានព្រំដែនតាំងពីឆ្នាំ២០០០មកម្ល៉េះ។ លោកថែមទាំងធ្លាប់ស្ម័គ្រចិត្តជួយរៀបចំកម្មវិធីនេះទៀតផង។ លោក តារា បាននិយាយថា យើងទាំងអស់គ្នាអាចជួយដល់អង្គការនេះ តាមរយៈមធ្យោបាយជាច្រើន ដូចជាការស្ម័គ្រចិត្ត ឬការបរិច្ចាគជាថវិកា ឬសម្ភារៈផ្សេងៗ។
លោក តារា បានថ្លែងថា៖ «យើងគ្រប់គ្នានៅទីនេះអាចជួយបរិច្ចាគជាថវិកាបន្តិចបន្តួច ឬជាអ្វីក៏បាន ដូចជាការស្ម័គ្រចិត្តជាដើម។ ខ្ញុំគិតថា យើងគួរតែបរិច្ចាគតាមតែអាចធ្វើបានដល់អ្នកក្រីក្រ ដូចជាកុមារនៅកម្ពុជា»។
មកទល់នឹងពេលនេះ មន្ទីរពេទ្យកុមារអង្គរមានបុគ្គលិកជាង៥០០នាក់ និងបានផ្តល់សេវាកម្មព្យាបាលជំងឺ ប្រកបដោយគុណភាពខ្ពស់ដោយឥតគិតថ្លៃដល់កុមារកម្ពុជាជាង១លាន៤សែននាក់ហើយ។
នៅទីបញ្ចប់ លោក Kenro Izu បានអំពាវនាវឲ្យមនុស្សម្នាដទៃទៀតចូលរួមបរិច្ចាគ តាមដែលអាចធ្វើបាន។ លោកIzu បាននិយាយថា «ការបរិច្ចាគនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកសប្បាយចិត្ត ហើយការបរិច្ចាគក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំសប្បាយចិត្តដូចគ្នាដែរ»៕