ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​មជ្ឈមណ្ឌល Stimson Center៖ ទំនប់​វារី​អគ្គិសនី រឹតត្បិត​លំហូរ​ទឹក​ទន្លេ​មេគង្គ


រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

កម្រិត​ភ្លៀង​ធ្លាក់​ទាបនៅចន្លោះ​ឆ្នាំ២០១៩ និង​២០២១ គឺ​ជា​កត្តា​ជំរុញ​ចម្បង​នៃ​គ្រោះរាំង​ស្ងួត​ និង​លំហូរ​ទាប​នៃ​ទឹក​ទន្លេ​មេគង្គ​ ប៉ុន្តែ​ការ​រឹត​ត្បិត​ផ្សេងៗ ​បង្ក​ឡើង​ដោយ​ទំនប់​វារី​អគ្គិសនី​ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​លំហូរ​ទឹកទន្លេ​នៅ​រដូវ​វស្សា និង​កាន់តែ​ធ្វើ​ឲ្យ​ស្ថានភាព​រាំងស្ងួត​កាន់​តែ​អាក្រក់​ឡើង​នៅ​តំបន់​ទន្លេមេគង្គ។ នេះ​ បើ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដោយ​មជ្ឈមណ្ឌលសិក្សា​គោលនយោ​បាយ Stimson Center មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ​

របាយការណ៍​ស្រាវជ្រាវ​ក្រោម​ចំណងជើង​ថា «ការ​តាមដាន​ទំនប់​វារី​អគ្គិសនី​តំបន់​ទន្លេ​មេគង្គ​រយៈពេល​មួយ​ឆ្នាំ​មក​នេះ៖ តើ​យើង​បាន​រៀន​សូត្រ​អ្វីខ្លះ»? បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​លើ​ផ្នែក​តាមដាន​ទំនប់​វារី​អគ្គិសនីនៅតំបន់​ទន្លេ​មេគង្គ​ ធ្លាប់​បានជូន​ដំណឹង​ទៅដល់​សហគមន៍ពលរដ្ឋ​ងាយ​រងគ្រោះ​ ដែល​រស់នៅ​តាម​បណ្តាយ​ទន្លេ​ពី​ការ​ប្រែប្រួល​ផ្សេងៗ​នៃកម្រិត​ទឹកទន្លេ ​ដើម្បី​កាត់បន្ថយ​ពី​ការ​ផល​ប៉ះពាល់ផ្សេងៗ​ពី​ការ​ប្រែប្រួល​នេះ។

យោង​តាម​របាយការណ៍ ពាក់ព័ន្ធ​នឹង​ការ​ជូន​ដំណឹងនេះ កាល​ពី​ឆ្នាំ២០២១ ក្រុម​អ្នកស្រាវជ្រាវ​ខាង​លើបាន​តាមដាន និង​ផ្តល់​ជា​ព័ត៌មាន​ផ្សេងៗ នៅពេល​ទំនប់​វារី​អគ្គិសនី​នៅ​ចិន ​បាន​ធ្វើ​ឲ្យ​កម្រិត​ទឹកទន្លេ​ប្រែប្រួល​ភ្លាមៗ តាម​បណ្តោយ​ព្រំដែន​ថៃ​ និង​ឡាវ ​ក្នុង​កម្រិត ០.៥ ​ម៉ែត្រ ឬ​ច្រើន​នេះ។ របាយការណ៍​បាន​លើកឡើង​ថា ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នេះ​ បាន​បង្ក​ការ​ខូចខាត​មក​លើ​សហគមន៍​ពលរដ្ឋ ​ដីល្បាប់​ និង​ជម្រក​សត្វ​រង​ការ​ផុតពូជ។ ហើយ​ការប្រែប្រួល​ដែល​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​នេះ​ អាច​ត្រូវ​បាន​កាត់​បន្ថយ​តាមរយៈ​ការ​ក្រែសម្រួល​ប្រតិបត្តិការ​របស់​ទំនប់​វារី​អគ្គិសនី Jinghong នៅ​ប្រទេស​ចិន។​

ការស្រាវជ្រាវ​បាន​បញ្ជាក់​ថា ការ​សិក្សា​និង​ទិន្នន័យ​ពី​ច្រើន​ឆ្នាំ​បន្ថែម​ទៀត នឹង​ជួយ​កំណត់​បញ្ជាក់​ថា​ តើ​លំហូរ​ទឹកទន្លេ​ទាប​នៅចន្លោះឆ្នាំ ២០១៩ និង​ឆ្នាំ​២០២១ គឺ​ជា«ស្ថានភាព​ប្រែប្រួល​ដែល​ជាប់លាប់​ថ្មី​មួយ» ឬ​គ្រាន់​តែ​ជា​ការ​ប្រែប្រួល​ដោយ​ធម្មជាតិ​តាម​របប​អាកាសធាតុ​តែ​ប៉ុណ្ណោះ។ ការ​ស្រាវជ្រាវ​បានបន្ត​ថា កិច្ចព្រមព្រៀង​អន្តរជាតិ​លើ​ការ​ចែករំលែក​ទឹក​ទន្លេ ដែលធានារក្សា​កម្រិត​លំហូរ​អប្បបរមា ពី​ទំនប់វារី​អគ្គិសនី​នៅ​តំបន់​មេគង្គ​លើ​ អំឡុង​ពេល​គ្រោះ​រាំងស្ងួត គឺ​មាន​សារៈសំខាន់​ក្នុង​ការជួយ​សម្រួល​ពេល​មាន​វិបត្តិ​ផ្សេងៗ​នា​ពេល​អនាគត។

ផែនទីនៃទន្លេមេគង្គ
ផែនទីនៃទន្លេមេគង្គ

កាល​ពី​ខែ​មករា​ ឆ្នាំ​២០២២​ គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​៤ រួម​មាន​ ថៃ ​ឡាវ​ កម្ពុជា​ និង​វៀតណាម បាន​ជំរុញ​ជា​ថ្មី​ឲ្យ​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ដែល​រួម​មាន​ចិន និង​មីយ៉ាន់ម៉ា​ផង​ដែរ «ចាត់​វិធាន​ការ​រឹងមាំ» ខណៈ​លំហូរ​ទឹក​ទន្លេ​ទាប​ក្នុង​រយៈ​ពេល​៣ឆ្នាំ​ជាប់​គ្នា​ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​លើ​ជីវភាព​របស់​ប្រជា​នេសាទ។ នេះ ​បើ​យោង​តាម​របាយ​ការណ៍​របស់​គណៈកម្មការ​ទន្លេ​មេគង្គ (Mekong River Commission ឬ MRC)​ ដែល​ចេញ​ផ្សាយ​ស្តី​ពី​លំហូរ​ទឹក​ទន្លេ​មេគង្គ​ទាប និង​លក្ខខណ្ឌ​ភាព​រាំង​ស្ងួត​ពី​ឆ្នាំ​២០១៩​ ដល់​ឆ្នាំ​២០២១។

​កាលពី​ឆ្នាំ​២០២០ ​គណៈកម្មការ​ទន្លេ​មេគង្គ (MRC)​ បាន​លើក​ឡើង​ថា ទឹក​ទន្លេសាប​របស់​កម្ពុជា ជួប​ប្រទះ​ភាព​រាំង​ស្ងួត​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ។ ​គណៈកម្មការ​បញ្ជាក់​ថា៖ «លំហូរ​ទាប​បែប​នេះ ​បាន​ធ្វើ​ឲ្យ​បឹង​ទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួប​ប្រទះ​ស្ថានភាព​រាក់​ខ្លាំង​ដែល​បង្ក​ឲ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​កំណត់ត្រា​គិត​ចាប់​ពី​ឆ្នាំ​១៩៩៧​មក»។

អគ្គលេខាធិការ​រងនៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ​លោក​ គល់ វឌ្ឍនា ​បាន​ថ្លែង​ក្នុង​នាម​លោក​ជា​មន្រ្តីទទួល​បន្ទុក​កិច្ចការ​ទន្លេ​មេគង្គ និង​ជា​អ្នក​បច្ចេក​ទេស​មួយ​រូប​ថា​ លោក​ទទួល​ស្គាល់​ថា របប​ទឹកភ្លៀង​បាន​ធ្លាក់​ចុះ​រវាង​ឆ្នាំ ២០១៩ ​និង ​២០២១ នៅ​តំបន់​ទន្លេ​មេគង្គ និងលើក​ឡើង​ថា ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី ​បាន​ធ្វើ​ឲ្យ​បរិមាណ​លំហូរ​ទឹក​ទន្លេ​ថយចុះ។

យ៉ាងណា​ក្តី ​លោកបញ្ជាក់​ថា នៅ​ពេល​ទំនប់​វារី​អគ្គិសនី​ត្រូវ​បាន​សាង​សង់​រួច និង​មាន​ដំណើរការ​ពេញ​លេញ​ គឺ​មិន​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរនោះ​ទេមក​លើ​លំហូរ​ទឹកទន្លេ។

លោកថ្លែង​ថា៖ «ដំណាក់កាល​ដំបូង​ពេល​ដែល​សាងសង់​រួច​ហើយ វា​មាន​ការ​ស្ទាក់​ទឹក​ទុក​មែន។ ប៉ុន្តែ​នៅ​ពេល​ដែល​ទឹក​ហ្នឹង​មាន​នៅ​ក្នុង​ទំនប់​ហើយ អាឆ្នាំ​បន្តបន្ទាប់​ ឬ​រយៈពេល​បន្តបន្ទាប់​មក​ទៀត អត់​មាន​បាន​ស្ទាក់អី​ទៀត​ទេ ដោយសារ​តែ​ទឹក​ហ្នឹង​ ពេល​ដែល​ស្ទាក់​ហើយ ទឹកហ្នឹង​ត្រូវ​បង្ហូរ​ចេញ​មក​ដើម្បី​បង្វិល​តួប៊ីន​ផលិត​អគ្គិសនី»។

លោក​ គល់ វឌ្ឍនា បន្ត​ថា នា​ពេល​បច្ចុប្បន្ន​ គណៈកម្មការ​ទន្លេ​មេគង្គ​កំពុង​ធ្វើ​ការ​ពិភាក្សា​បង្កើត​យន្តការ​មួយ​ ដើម្បី​សម្រប​សម្រួល​ប្រតិបត្តិការ​ទំនប់​វារី​អគ្គិសនី ជា​ពិសេស​លើ​ទំនប់ដែល​ស្ថិត​នៅ​បណ្តាក់គ្នា ​ក្នុង​គោលដៅ​ជួយ​សម្រួល​លំហូរ​បរិមាណ​ទឹក​មក​តំបន់​មេគង្គក្រោម។

លោកបន្ថែម​ថា ​សម្រាប់​ចិន​ដែល​មិនមែន​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ គណៈកម្មាការ​ទន្លេមេគង្គ​តែងផ្តល់​ព័ត៌មាន​ក្នុង​ករណី​មាន​កម្រិត​លំហូរ​ទឹក​ទន្លេ​ទាប​ ហើយ​ភាគី​ចិន​ក៏​តែង​ផ្តល់​ព័ត៌មាន​ត្រឡប់​មក​វិញ​ពាក់ព័ន្ធ​នឹង​ការ​ប្រលែង​ទឹក​ពី​ទំនប់​វារី​អគ្គិសនី ដើម្បី​រក្សា​កម្រិត​លំហូរ​ទឹក​ទន្លេ​មេគង្គ​ផង​ដែរ។ ​

នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ​(FACT)​ លោក ​ឱម សាវ៉ាត​ សង្កេត​ឃើញ​ថាខណៈពេល​មាន​ការ​ប្រែប្រួល​ទៅ​លើ​កម្រិត​កម្ពស់​ទឹក​ភ្លៀង​ដោយសារ​កត្តា​អាកាសធាតុ ​ទំនប់វារី​អគ្គិសនី​ក៏​ដើរ​តួ​ជា​បញ្ហា​ចោទមួយ​មក​លើ​លំហូរ​ទឹក​ទន្លេមេគង្គ​ផង​ដែរ។ លោកបន្ថែម​ថា នៅ​ពេល​អនាគត កម្ពុជា និង​បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម​មួយ​ចំនួន​ទៀត អាច​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ ​ប្រសិន​បើគ្មាន​យន្តការ​រួម​ ដើម្បី​ត្រួតពិនិត្យ​ការ​សាងសង់ ​និង​តាមដានទំនប់វារី​អគ្គិសនី​តាម​បណ្តោយ​ទន្លេ​មេគង្គ។

លោក​បាន​ថ្លែង​ថា៖ «​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នៅ​ពេល​ខាង​មុខ​ហ្នឹង​ គឺ​ថា នឹង​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​ប្រើប្រាស់​អត្ថប្រយោជន៍​ពី​ទន្លេមេគង្គ ​ពិសេស​គឺ​ កម្ពុជា​យើង​ដែលជា ​ប្រទេស​មួយ​ដែល​មាន​ទំនាប​អាង​ទន្លេ​មេគង្គ​ហ្នឹង​ច្រើន​ ពិសេស​គឺ​បឹង​ទន្លេ​សាប​យើង​ហ្នឹង​ ដែល​វា​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​ប្រែប្រួល​ជីវចម្រុះ ​អំពី​ផលនេសាទ ​អំពី​ផល​កសិកម្ម​អី​ផ្សេងៗ​ ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការងារ​របស់​កសិករ ​និង​អ្នក​នេសាទ​របស់​យើង»។

ស្រប​ពេល​ដូចគ្នា​នេះ​ដែរ​ លោក​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​លទ្ធភាព​ពី​ការ​ទាញ​យក​ថាមពល​ពី​ប្រភព​ផ្សេង​ក្រៅ​ពី​ទំនប់​វារី​អគ្គិសនី​ ដូចជា ពី​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ជា​ដើម ដើម្បី​រក្សា​លំហូរ​ទឹកទន្លេ​មេគង្គ​ឲ្យ​បាន​ប្រកប​ដោយ​និរន្តភាព៕

XS
SM
MD
LG