ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​កម្មការ​ទន្លេ​មេគង្គ ជ្រើស​តាំង​នាយក​ប្រតិបត្តិ​ថ្មី​ជា​ជនជាតិ​ឡាវ


រូបឯកសារ៖ លោក Anoulak Kittikhoun​ នៅពេល​លោក​ជាអ្នកនាំពាក្យ​លេខាធិការដ្ឋាន​គណៈកម្ម​ការ​ទន្លេ​មេគង្គ​ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​កាលពីថ្ងៃទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ​។ (ហ៊ុល រស្មី​/វីអូអេ)
រូបឯកសារ៖ លោក Anoulak Kittikhoun​ នៅពេល​លោក​ជាអ្នកនាំពាក្យ​លេខាធិការដ្ឋាន​គណៈកម្ម​ការ​ទន្លេ​មេគង្គ​ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​កាលពីថ្ងៃទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ​។ (ហ៊ុល រស្មី​/វីអូអេ)

គណៈ​កម្មការ​ទន្លេ​មេគង្គ​ហៅ​កាត់​ថា​ MRC ​(Mekong River Commission) ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ជ្រើស​តាំង​នាយក​ប្រតិបត្តិ​ថ្មី​របស់​ខ្លួន​សម្រាប់​អាណត្តិ​៣​ឆ្នាំ​បន្ទាប់​ទៀត​ ចាប់​ពី​ឆ្នាំ​២០២២​នេះ។​

លោក ​ Anoulak Kittikhoun​ ជា​ជន​ជាតិ​ឡាវ ​បាន​ចូល​កាន់​តំណែង​ថ្មី​នេះ​ បន្ត​ពី​នាយក​ប្រតិបត្តិ​មុន​គឺ​លោក​ អាន ពេជ្រ ហត្ថដា ​ជា​ជន​ជាតិ​ខ្មែរ​ ដែល​បាន​បញ្ចប់​អាណត្តិ​កាល​ពី​សប្តាហ៍​មុន។ ​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ (MRC)​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០២២។​

ការ​ជ្រើស​តាំង​នាយក​ប្រតិបត្តិ​ថ្មី​នេះ​ ធ្វើ​ឲ្យ​លោក ​Anoulak Kittikhoun ​ក្លាយ​ជា​អ្នក​ដឹកនាំ​លេខាធិការដ្ឋាន​នៃ​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​នេះ​ទី​៣​ហើយ​ដែល​មក​ពី​ប្រទេស​ជា​សមាជិក​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ផ្ទាល់។​

មុន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ថ្មី​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ​លោក ​ Anoulak Kittikhoun ​ធ្លាប់​បម្រើ​ការងារ​ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ​ និង​កិច្ចការ​ទន្លេ​មេគង្គ​ រួម​ទាំង​តួនាទី​ជា​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​នៅ​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ផង​ដែរ។​

លោក ​ Anoulak Kittikhoun ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​អភិវឌ្ឍន៍​នយោបាយ ​និង​សេដ្ឋកិច្ច​ពី​សកល​វិទ្យាល័យ​ស៊ីធី ទីក្រុង​ New York ​(City University of New York)​ សហ​រដ្ឋ​អាមេរិក ​និង​ជា​បុគ្គលិក​អន្តរជាតិ​មក​ពី​ប្រទេស​កុម្មុយនីស្ត​ឡាវ​ដំបូង​គេ ដែល​បាន​ទៅ​ធ្វើការ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ New York។​ នេះ​ បើ​ផ្អែក​តាម​គណៈ​កម្មការ​ទន្លេ​មេគង្គ៕

XS
SM
MD
LG