ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លំហូរ​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​៣​ឆ្នាំ​ជាប់​គ្នា បង្ក​ជា​ក្តី​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ប្រជានេសាទ


រូបឯកសារ៖ ទិដ្ឋភាព​ដង​ទន្លេ​មេគង្គ​មើល​ពី​លើ​អាកាស មើល​ពី​ស្រុក​ប៉ាកជុម ខេត្តឡូអ៊ី ប្រទេស​ថៃ ដែល​កំពុង​រីងស្ងួត​ហួតហែង​គួរ​ឲ្យព្រួយបារម្ភ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៩។
រូបឯកសារ៖ ទិដ្ឋភាព​ដង​ទន្លេ​មេគង្គ​មើល​ពី​លើ​អាកាស មើល​ពី​ស្រុក​ប៉ាកជុម ខេត្តឡូអ៊ី ប្រទេស​ថៃ ដែល​កំពុង​រីងស្ងួត​ហួតហែង​គួរ​ឲ្យព្រួយបារម្ភ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៩។

គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​៤ រួម​មាន​ថៃ ​ឡាវ​ កម្ពុជា​និង​វៀតណាម បាន​ជំរុញ​ជា​ថ្មី​ឲ្យ​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ «ចាត់​វិធាន​ការ​រឹងមាំ» ខណៈ​លំហូរ​ទឹក​ទន្លេ​ទាប​ក្នុង​រយៈ​ពេល​៣ឆ្នាំ​ជាប់​គ្នា ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​លើ​ជីវភាព​របស់​ប្រជា​នេសាទ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ (Mekong River Commission ឬ MRC)​ ដែល​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ស្តី​ពី​លំហូរ​ទឹក​ទន្លេ​មេគង្គ​ទាប និង​លក្ខខណ្ឌ​ភាព​រាំង​ស្ងួត​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២១។

របាយ​ការណ៍​បញ្ជាក់​ថា៖ «ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ លំហូរ​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ មិន​ដែល​ឃើញ​ពី​មុន​មក ក្នុង​រយៈ​ពេល​ជាង​៦០​ឆ្នាំ​មក​នេះ»។

គណៈកម្មការ​ទន្លេ​មេគង្គ​បានជំរុញ​ឲ្យ​ប្រទេស​ទាំង​៦​នៅ​តាម​ដង​ទន្លេ​មេគង្គ ដែល​រួម​មាន​ចិន និង​មីយ៉ាន់ម៉ា​ផង​ដែរ ដោះ​ស្រាយ​ជា​បន្ទាន់​នូវ​លំហូរ​ទឹក​ទាប​ក្នុង​តំបន់ បម្រែ​បម្រួល​ទឹក និង​ភាព​រាំង​ស្ងួត។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក អាន ពេជ្រហត្ថដា (An Pich Hatda)​ នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ ថ្លែងថា​ការ​សហការ​គ្នា​ដែល​សកម្ម «មាន​សារៈ​សំខាន់ មិន​មែន​តែ​ពី​ប្រទេស​ចិន​ដែល​នៅ​ផ្នែក​ខាង​លើ​បង្អស់​នៃ​ទន្លេ​មេគង្គ​ទេ តែ​ពីប្រទេស​ជា​សមាជិកនៃ​គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​រួម​គ្នា»។

លោក​បន្ថែម​ថា​កម្រិត​ទឹក​ទាប​នេះ​ប៉ះ​ពាល់​ខ្លាំង​ដល់​ជលផល និង​កសិកម្ម ដែល​វា​ជា​សម្ពាធ​មួយ​ទៅ​លើ​ប្រជា​ជន​ដែល​រស់​នៅ​ផ្នែក​ខាង​ក្រោម និង​ប៉ះពាល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ​ដែល​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់។

លោក Brian Eyler នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​Stimson (Stimson Center) ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​សុក្រ​ថា​របាយការណ៍​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​បរិយាយ​ត្រឹម​ត្រូវ​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​អាង​ទន្លេ​មេគង្គ។ លោក​បន្ថែម​ថា​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​មិន​មែន​ជា​កត្តា​ចម្បង​តែ​ឯង​នៃ​ភាព​រាំង​ស្ងួត​ពេញ​អាង​ទន្លេ​មេគង្គ​ទេ។ លោក​បញ្ជាក់​ថានេះ​បណ្តាល​មក​ពី​កង្វះ​ទឹក​ភ្លៀង​ផង​ដែរ។

លោក​ថ្លែង​ថា៖ «យើង​រក​ឃើញ​ថា​បើ​មិន​មាន​បញ្ហា​លក្ខ​ខណ្ឌ​ភ្លៀង​ធ្លាក់​ប៉ុន្តែ​ទំនប់​វារី​អគ្គិសនី​នៅ​ប្រតិបត្តិ​ការ​ពេញ​មួយ​ឆ្នាំ​ដដែល។ នេះ​មាន​ន័យ​ថា​ប្រតិបត្តិការ​ទាំង​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទន្លេ​មេគង្គ​កាន់​តែ​ច្រើន​ក្នុង​ឆ្នាំ​ដែល​មាន​ភាព​រាំង​ស្ងួត​លំហូរ​ទឹក​ទាប»។

យោង​តាម​ការ​សិក្សា​មួយ​របស់​ក្រុមហ៊ុន​អាមេរិកាំង​ឈ្មោះ​ថា​ Eyes on Earth ​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០២០​ប្រទេស​ចិន​បាន​ខ្ទប់​ទឹក​ទន្លេ​មេគង្គ​ក្នុង​បរិមាណ​យ៉ាង​ច្រើន​កាល​ពី​ឆ្នាំ​២០១៩​ជាមួយ​ទំនប់​វារី​អគ្គិសនី​ចំនួន​១១​កន្លែង​ក្នុង​ប្រទេស​ខ្លួន។ ប៉ុន្តែ​រដ្ឋាភិបាល​ចិនបាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ដោយ​លើក​ឡើង​ពី​ភាព​រាំង​ស្ងួត​ដោយ​សារ​អាកាសធាតុ។

រូបឯកសារ៖ បុរស​ពីរនាក់ នេសាទត្រី​នៅ​ទន្លេមេគង្គ ក្នុង​ភូមិសាស្រ្ត​ខេត្តក្រចេះ កាលពី​ខែមិថុនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ បុរស​ពីរនាក់ នេសាទត្រី​នៅ​ទន្លេមេគង្គ ក្នុង​ភូមិសាស្រ្ត​ខេត្តក្រចេះ កាលពី​ខែមិថុនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

លោក គង់ គីម ជា​ប្រជានេសាទ​ម្នាក់ ក្នុង​ភូមិ​តំរ៉ែ ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ ថ្លែង​ថា​កម្រិត​ទឹក​ក្នុង​ឆ្នាំ​២០២០ និង​២០២១ ប្រហាក់​ប្រហែល​គ្នា គឺ​ទឹក​ទាប ដែល​វា​ប៉ះពាល់​ដល់​ត្រី និង​ធ្វើ​ឲ្យ​ដី​មិន​សូវ​មាន​ជីវ​ជាតិ ដោយ​សារ​ទឹក​មិន​លិច​តំបន់​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើ​ចម្ការ។

លោក​ប្រាប់​វីអូអេ​ថា៖ «ទឹក​តូច វា​អត់​មាន​ដី​ល្បាប់​អី ហូរ​ទៅ​តាម​កន្លែង​ដី​ចម្ការ​ដែល​ទឹក​លិច​...ដល់​ទឹក​តូច វា​អត់​មាន​លិច​កោះ​ដែល​ធ្វើ​បន្លែ ធ្វើ​អី វា​អត់​សូវ​មាន​បាន​ផល»។

ជា​ធម្មតា​ទឹក​នៅ​ទន្លេ​មេគង្គ និង​ទឹក​ស្ទឹង​នានា ហូរ​ចូល​បឹង​ទន្លេ​សាប​នៅ​រដូវ​វស្សា​នាំ​ឲ្យ​បឹង​នេះ​មាន​ផ្ទៃ​ធំ​បង្កើត​ជា​តំបន់​ព្រៃ​លិច​ទឹក​ដែល​ផ្តល់​ជម្រក​ដល់​ត្រី​យ៉ាង​ច្រើនពង និង​បន្ត​ពូជ។ ទឹក​ហូរ​ចូល​បឹង​នេះ​ធ្វើ​ឲ្យ​បឹង​រីក​ធំ​៦​ដង​គឺ​មាន​ទំហំ​១​ម៉ឺន​គីឡូ​ម៉ែត្រ​ក្រឡា​មុន​ទឹក​បឹង​ទន្លេសាប​ហូរ​ចូល​ទន្លេ​មេគង្គ​វិញ។

អ្នកស្រី កែវ សុវណ្ណារ៉េត មេឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដែល​ជា​តំបន់​បឹង​ទន្លេសាប ថ្លែង​ថា​ទឹក​ពីរ​បី​ឆ្នាំ​នេះ ប្រហាក់​ប្រហែល​គ្នា គឺ​មិន​ឡើង​ធំ​ឡើយ ដែល​វា​ប៉ះពាល់​ដល់​ការ​នេសាទ​របស់​ប្រជាពលរដ្ឋ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ទឹក​អត់​ដល់​ព្រៃ លិចទឹក ម៉េច​មាន​ត្រី​ពង។ ប៉ះពាល់​ដែល​ហ្នឹង​ ទឹក​តូច អត់​មាន​ត្រី មាន​អី គ្នា​ចង់​វេទនា​អ្នក​ទន្លេ។ រក​អី​អត់​បាន​ អត់​លុយ​អត់​កាក់​ដែរ​ហ្នឹង»។

គួរ​បញ្ជាក់​ថា​កាលពី​ឆ្នាំ​២០២០ គណៈកម្មការ​ទន្លេ​មេគង្គ (MRC)​ បាន​លើក​ឡើង​ថាទឹក​ទន្លេសាប​របស់​កម្ពុជា ជួប​ប្រទះ​ភាព​រាំង​ស្ងួត​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ។​គណៈកម្មការ​បញ្ជាក់​ថា៖ «លំហូរ​ទាប​បែប​នេះ​បាន​ធ្វើ​ឲ្យ​បឹង​ទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួប​ប្រទះ​ស្ថានភាព​រាក់​ខ្លាំង​ដែល​បង្ក​ឲ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​កំណត់ត្រា​គិត​ចាប់​ពី​ឆ្នាំ​១៩៩៧​មក»៕

XS
SM
MD
LG