ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការទន្លេមេគង្គទទូចឲ្យ​ប្រទេស​សមាជិក​​ចែក​រំលែក​ទិន្នន័យ​ទំនប់​វារីអគ្គិសនី​​ដើម្បី​បង្កា​រទឹកជំនន់​ឆ្លងដែន


រូបឯកសារ៖ ទឹកចាប់ផ្តើមឡើង ដោយពលរដ្ឋអះអាងថាដោយសារការបិទទឹកដូចរាល់ដង នៅទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)
រូបឯកសារ៖ ទឹកចាប់ផ្តើមឡើង ដោយពលរដ្ឋអះអាងថាដោយសារការបិទទឹកដូចរាល់ដង នៅទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ប្រើប្រាស់​ទឹក​ទន្លេ​មេគង្គ​ ត្រូវ​បាន​ជំរុញ​ជា​ថ្មី​ទៀត​ឲ្យ​ចែក​រំលែក​ទិន្នន័យ​និង​ព័ត៌មាន​ច្រើន​ថែម​ទៀត​ទាក់ទង​នឹង​ការ​ស្តុក​និង​បញ្ចេញ​ទឹក​ក្នុង​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនីដែល​ត្រូវ​បាន​សាងសង់​លើ​ដង​ទន្លេ​រួម​នេះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជា​អវិជ្ជមាន​នានា​រួម​ទាំង​ទឹក​ជំនន់​ឆ្លង​ព្រំដែន​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​គណៈកម្មការទន្លេ​មេគង្គដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

ការ​ជំរុញ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​វៀងចន្ទ​ប្រទេស​ឡាវ​រយៈពេល​២​ថ្ងៃ​កាល​ពី​ចុង​ខែ​វិច្ឆិកា។

លោក អាន ពេជ្រ​ហត្ថដា នាយក​ប្រតិបត្តិ​បច្ចុប្បន្ន​នៃ​លេខាធិការ​ដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖

«យើង​ចង់​ធានា​ថា​ការសម្រេច​ចិត្ត​នានា​អំពី​ការ​បញ្ចេញទឹកពី​អាង​ស្តុង​ទឹក ត្រូវ​ធ្វើ​ដោយ​មានការ​ចែក​រំលែក​ទិន្នន័យនិង​ព័ត៌មាន​ប្រកប​ដោយ​តម្លាភាព​រវាង​បណ្តា​ប្រទេស​ទាំង​អស់។ យើង​ចង់​ធានា​ថា​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ខាង​ការ​ព្យាករ​អំពី​ការប្រែប្រួល​រំហូរ​ទឹក​សម្រាប់​សហគមន៍​នានា​នៅ​ក្នុង​អាង​ទន្លេមេគង្គ»។

​កង្វះ​ព័ត៌មាន​និង​ទិន្នន័យ​នៃ​ការ​គ្រប់គ្រង និង​ប្រតិបត្តិការ​នៃ​ទំនប់​នៅ​លើ​ដង​ទន្លេ​មេគង្គ​ដែល​ហូរ​ចេញ​ពី​ខ្សែ​ទឹក​ខាង​លើ​ក្នុង​ប្រទេស​ចិន បាន​ក្លាយ​ជា​កង្វល់​ជាប់​ឥត​ដាច់​របស់​បណ្តា​ប្រទេស​ជាប់​ទន្លេមេគង្គ​ខ្សែ​ទឹក​ខាង​ក្រោម​រួម​មាន​ថៃ​ ឡាវ កម្ពុជា​និង​វៀតណាម ចំពោះ​ផល​ប៉ះពាល់​ឆ្លង​ដែន​ដែល​អាច​បណ្តាល​មក​ពី​ការបញ្ចេញ​ទឹក​ពី​អាង​ស្តុក​ទឹក​នៃ​ទំនប់​នៅ​ខ្សែ​ទឹក​ខាង​លើ។

មជ្ឈមណ្ឌលStimson​ដែល​តាម​ដាន​អំពី​គម្រោង​ទំនប់​វារីអគ្គិសនី​នៅលើ​ដង​ទន្លេមេគង្គ បានលើក​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ​ថា​ទំនប់​ស្តុក​ទឹក​ធំៗ​ដែ​ល​ត្រូវ​តាមមើល​ក្នុង​រដូវ​ប្រាំង​នេះ មាន​ពីរ​គឺ​ទំនប់​Xiaowan​និង​Nuozhadu​ក្នុង​ប្រទេស​ចិន ទំនប់​Ubolratana ក្នុង​ប្រទេស​ថៃ​និង​ទំនប់២​ទៀត​គឺ​Nam Ngum ១​និង​២ ​ក្នុង​ប្រទេស​ឡាវ។

​មជ្ឈមណ្ឌល​សិក្សា​និង​ស្រាវជ្រាវ​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​នេះ បាន​បន្ថែម​ថា​អាង​ស្តុក​ទឹក​នៃ​ទំនប់​ទាំង​នេះ កំពុង​មាន​ទឹក​ពេញ​ហូរ​ហៀរ​ហើយ​ថា​ការ​បញ្ចេញ​ទឹក​ទំនប់​នៅ​រដូវ​ប្រាំង​នេះ នឹង​បង្កើន​កម្រិត​ទឹកទន្លេខ្ពស់​ហួសធម្មតា​ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់ប្រព័ន្ធ​អេកូឡូស៊ី​ធ្ងន់ធ្ងរ​និង​ធ្វើ​ឲ្យ​ហិនហោច​បឹង​ទន្លេសាប​និង​ជលផល​ទូទាំង​អាង​ទន្លេ​មេគង្គ។​

បច្ចុប្បន្ន​នេះ ​មាន​គម្រោង​វារី​អគ្គិសនី​ចំនួន​៨៨ ​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម ដោយ​មាន​សមត្ថភាព​ផលិត​ថាម​ពល​សរុប​ប្រមាណ​១២​.៦០០​មេហ្គាវ៉ាត់ ក្នុង​នេះ ទំនប់​ចំនួន​ប្រមាណ​១៥ កំពុង​ត្រូវ​បាន​សាង់សង់។ នេះ​បើ​ផ្អែក​តាម​គណៈកម្មការ​ទន្លេមេគង្គ៕

XS
SM
MD
LG