ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បាញ់​ប្រហារ​ដ៏ធំ​២​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ឲ្យ​ពួក​អាជ្ញាធរ​ផ្តោត​លើ​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​ធ្វើ​ដូច្នេះ


ស្បែកជើង​ត្រូវ​បាន​គេ​ប្រមូល​ផ្តុំ​ទុក​មួយ​កន្លែង នៅ​ក្បែរ​រង្គសាល Ned Peppers បន្ទាប់​ពី​មាន​ការ​បាញ់ប្រហារ​នៅ​ក្នុង​ក្រុង Dayton រដ្ឋ Ohio សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។
ស្បែកជើង​ត្រូវ​បាន​គេ​ប្រមូល​ផ្តុំ​ទុក​មួយ​កន្លែង នៅ​ក្បែរ​រង្គសាល Ned Peppers បន្ទាប់​ពី​មាន​ការ​បាញ់ប្រហារ​នៅ​ក្នុង​ក្រុង Dayton រដ្ឋ Ohio សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

រយៈ​ពេល​១៣​ម៉ោង​នៃ​ការ​កាប់​សម្លាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​អ្នក​បាញ់​ប្រហារ​២​នាក់​នៅ​ក្នុង​ឧបទ្ទវហេតុ​២​ដាច់​ដោយឡែក​ពីគ្នា ​បាន​សម្លាប់​មនុស្ស​២៩​នាក់​ហើយ​និង​ធ្វើ​ឲ្យ​រាប់​សិបនាក់​ទៀត​រងរបួស ​ដោយ​បាន​ធ្វើ​ឲ្យ​ពួក​អាជ្ញាធរស្វែង​រក​មូល​ហេតុនៅ​ពីខាង​ក្រោយ​នៃ​ភាព​ច្របូកច្របល់​វឹកវរ​នេះ។

​ខ្មាន់​កាំភ្លើង​ម្នាក់​ដែល​ពាក់​អាវក្រោះ​ និង​កាន់​ឡត​សម្រាប់​ដាក់​គ្រាប់​រំសេវ​បន្ថែម ​បាន​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​មិន​ដល់​១នាទីផង​បន្ទាប់​ពី​ជននោះ ​បាន​បើកការ​បាញ់​ប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​រង្គសាល​ដ៏​មាន​ប្រជាប្រិយភាព​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Dayton តំបន់​ភាគ​កណ្តាល​ខាង​លិច​សហរដ្ឋ​អាមេរិក​នៃ​រដ្ឋ​អូហៃយ៉ូ។ បុរស​នោះ ​បាន​សម្លាប់​មនុស្ស​៩​នាក់​ហើយ​និង​ធ្វើ​ឲ្យ​របួស​យ៉ាង​តិច​ណាស់​ក៏​២៧​នាក់​ដែរ ​ដោយ​មាន​៤​នាក់​មាន​របួស​យ៉ាង​ធ្ងន់​ធ្ងរ។

ប៉ូលិស បាន​និយាយ​ថា ពួកគេ​ជឿ​ថា ​មាន​អ្នក​បាញ់​ប្រហារ​តែ​ម្នាក់គត់​ក្នុង​ឧបទ្ទវហេតុ​នេះ ​ក៏ប៉ុន្តែ ​ប៉ូលិស ​នៅ​មិន​ទាន់​បញ្ជាក់ពីមូលហេតុ​នៃ​ការ​បាញ់​ប្រ​ហារ​នេះ​ទេ។ សេចក្តី​រាយការណ៍​របស់​ព័ត៌មាន ​បាន​កំណត់​អត្តសញ្ញាណ​ជន​បាញ់​ប្រហារ​នោះមាន​ឈ្មោះ​ថា Connor Betts អាយុ​២៤ឆ្នាំ ​ដែលនិយាយ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ថា ​ជា​និស្សិត​ចិត្តវិទ្យា​នៅ​ឯ​មហាវិទ្យាល័យ​សហគមន៍​នៅ​ក្នុង​ទំបន់​ទីក្រុង​ Dayton។

លោកស្រី Nan Whaley អភិបាល​ក្រុង Dayton បាន​និយាយ​ថា ការឆ្លើយតប​ដ៏ឆាប់​រហ័ស​របស់​ប៉ូលិស «បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់»​ នៅសង្កាត់ Oregon​ ដោយ​មាន​សុទ្ធ​តែ​រង្គសាល​ ភោជនីយដ្ឋាន​ និង​មហោស្រព​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស។

ការ​បង្ហូរ​ឈាម​នៅ​រដ្ឋ​អូហៃយ៉ូ ​បាន​កើត​មាន​ឡើង​ប្រហែល​១៣ម៉ោង​បន្ទាប់ពី​ប៉ូលិស​នៅ​ក្នុង​ក្រុង El Paso រដ្ឋ​តិចសាស​ដែល​មាន​ព្រំ​ដែន​ជាប់​ប្រទេស​ម៉ិច​ស៊ិក និយាយ​ថា​ ខ្មាន់​កាំភ្លើង​ម្នាក់ ​បាន​បើកការ​បាញ់​ប្រហារ​នៅឯ​ហាង​លក់​ដូរ​ទំនិញ Walmart បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏២០នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​២៦​នាក់​ទៀត​រងរបួស ​ហើយ​វា​ជា​ការ​វាយ​ប្រហារ​មួយ​ដែលពួក​អាជ្ញា​ធរ ​និយាយថា ​ពួក​គេ​ កំពុង​ស៊ើបអង្កេតដែល​អាច​ជា​ការ​ស្អប់ខ្ពើម​លើ​ជន​ជាតិ Hispanic៕

XS
SM
MD
LG