ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀស​ខ្លួន​អូស្រ្តាលី​ពីរ​នាក់​ទៀត​ពី​កោះ​ណូរូ​នឹង​មក​កម្ពុជា​


រូប​ឯកសារ៖ ជន​ភៀសខ្លួន​​​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ​កំពុង​ត្រូវ​គេ​នាំ​​ពី​យន្តហោះ​ទៅ​កាន់​​រថយន្ត​ក្រុង​នៅ​ក្រោយ​ពួក​គេ​ទើប​មក​ដល់​កោះ​ណូរូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។
រូប​ឯកសារ៖ ជន​ភៀសខ្លួន​​​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ​កំពុង​ត្រូវ​គេ​នាំ​​ពី​យន្តហោះ​ទៅ​កាន់​​រថយន្ត​ក្រុង​នៅ​ក្រោយ​ពួក​គេ​ទើប​មក​ដល់​កោះ​ណូរូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។

ក្នុង​ពេល​កន្លង​មក ជន​ភៀសខ្លួន​​៣រូប​​ក្នុង​ចំណោម​​ជនភៀស​ខ្លួន​ទាំង​​៥រូប​​​ពី​កោះ​​​ណូរូ​ ​ដែល​បាន​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​សុំ​ចាក​ចេញ​ពី​កម្ពុជា​ ​ទៅ​កាន់​ស្រុក​កំណើត​រៀងខ្លួនវិញ​ ​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ​ ​ក្រោយ​ការ​ស្នាក់​នៅ​មួយ​រយៈ​ខ្លី។​

មន្ត្រី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​នេះ​ថា ​អាជ្ញាធរ​នៃ​ប្រទេស​អូស្ត្រាលី​គ្រោង​នឹង​បញ្ជូន​ជន​ភៀស​ខ្លួន​២រូប​ផ្សេង​ទៀត​ពី​កោះ​ណូរូ​ (Nauru) នៅ​ក្នុង​មហា​សមុទ្រ​ខាង​ត្បូង​មក​កាន់​ប្រទេស​កម្ពុជា​ នា​ពេល​ខាង​មុខ ​ក្រោយ​ពេល​ដែល​ជន​ទាំង​ពីរ​រូបនេះ​បាន​ស្ម័គ្រចិត្ត​មក​ធ្វើការ​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។

លោក​ កែម​ សារិន​ ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​របស់​ក្រសួង​មហាផៃ្ទ​បាន​ប្រាប់ ​VOA​ ថា​ ​មន្ត្រី​ការទូត​របស់​ប្រទេស​អូស្ត្រាលី​ឲ្យ​ដំណឹង​ថា ​ភាគីអូស្ត្រាលី​ ​ទំនង​ជា​មាន​ជន​ភៀសខ្លួន២រូប​ផ្សេង​ទៀត​ពី​កោះ​ណូរូដោយ​ស្ម័គ្រចិត្ត​ ​ក៏​ប៉ុន្តែ ​លោក​មិនទាន់​អាច​បញ្ជាក់​ពី​ ​អត្តសញ្ញាណរបស់​ជន​ភៀសខ្លួន​ ​និង​កាល​បរិច្ឆេទ​នៃ​ការ​មក​តាំង​ទីលំនៅ​ថ្មី​នេះ​ បាន​នៅ​ឡើយ​នោះ​ទេ។

លោក កែម សារិន ថ្លែង​ថា៖​

«ខាង​ទូត​គេ​គ្រាន់​តែ​ប្រាប់​ថា​ អាច​នឹង​មាន​អ្នក​ស្ម័គ្រចិត្ត​២នាក់​ទៀត។​ ប៉ុន្តែ​ជា​ផ្លូវ​ការ​យើង​មិន​ទាន់​ទទួល​បាន​អ្វី​ទេ។ យើង​កំពុង​តែ​រង់​ចាំ​ថា​ វា​មាន​ពិត​ប្រាកដ​ដែរ​អត់។ បើ​សិន​ជា​មាន​គេ​នឹង​ផ្ញើ​ឯកសារ​ផ្លូវ​ការ​មក​យើង​ហើយ​ បែប​បទ​នៃ​ការ​ស្ម័គ្រ​ក្នុង​ការ​តាំង​លំនៅ​នៅ​កម្ពុជា»។​

យ៉ាងណា​ក៏​ដោយ​ ​លោក​ ​តាន់ សុវិជ្ជា​ ​ដែល​ជា​ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនា​យកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ប្រាប់​ VOA​ ​ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ ​នៅ​ឡើយ​ទេ។​

«អត់​ទាន់​ដឹង​ផង។ ខ្ញុំ​ទទួល​បន្ទុក ខ្ញុំ​អត់​ទទួល​បាន​ព័ត៌មាន»។​

កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ ​ជា​មួយ​រដ្ឋាភិបាលអូស្ត្រាលី​ក្នុងឆ្នាំ​២០១៤​ ​ដើម្បី​ផ្ទេរ​និង​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ប្រទេស​អូស្ត្រាលី​ ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​អូស្ត្រាលីដាក់​ឃុំឃាំង ​លើ​កោះ​ណូរូក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងត្បូង​។​ ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​នេះ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថាជា​ថ្នូរ​នឹង​កម្ម​វិធី​ជំនួយ​អភិវឌ្ឍន៍​ពី​ប្រទេស​អូស្រ្តាលី​ចំនួនជាង​៤០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

ជន​ភៀសខ្លួន៣រូបក្នុង​ចំណោមជនភៀស​ខ្លួន​ទាំង៥រូប​ ​ពី​កោះ​ដាច់​ស្រយាល​ណូរូ​ ​ដែល​បាន​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​សុំ​ចាក​ចេញ​ពី​កម្ពុជា​ ​ទៅ​កាន់​ស្រុក​កំណើត​រៀងខ្លួនវិញ​ ​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ​ ​ក្រោយ​ការ​ស្នាក់​នៅ​មួយ​រយៈ​ខ្លី។​ ​ជន​ភៀស​ខ្លួន​ដែល​បាន​ចាក​ចេញ​ពី​កម្ពុជា​ទាំង​បីរូប​នេះ​រួមមាន បុរស​ម្នាក់​មក​ពី​ប្រទេស​ភូមា​ ​និង​ប្តី​ប្រពន្ធ​មួយ​គូ​មក​ពី​ប្រទេស​អ៊ីរ៉ង់។​

លោក​ ​តាន់ សុវិជ្ជា​ ​បាន​ប្រាប់​ VOA ​ថា ​ជន​ភៀស​ខ្លួន​២រូប​ដែល​កំពុង​តាំង​លំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​សិទ្ធិ​ដូច​ជន​បរទេស​ដទៃ​ទៀត​ដែលរស់​នៅ​ ​នៅ​លើ​ដែន​ដី​កម្ពុជា​ ​ក៏ប៉ុន្តែ​លោក​ពុំ​អាច​បញ្ជាក់ ឲ្យ​បាន​ច្បាស់លាស់​អំពី​ស្ថានភាព​រស់​នៅ​របស់​ពួក​គេ​ឲ្យ​បាន​ជាក់លាក់​នោះ​ទេ។

«កម្ពុជា​ផ្តល់​តែ​កន្លែង​ស្នាក់​នៅ​ទេ​ ផ្តល់​ទី​កន្លែង​ តែ​រឿង​សេវា​អ្វី​ផ្សេងៗ​គឺ​អត់​មាន​ទេ។ ជា​បន្ទុក​របស់​រដ្ឋាភិបាល​អូស្ត្រាលី។ គាត់​សម្រប​ខ្លួន​បាន​ដូច​ជន​បរទេស​ដទៃ​ចឹង​ ពេល​គាត់​មក​ដល់​គាត់​មាន​សេរីភាព​ដើរ​ស្រេច​ចិត្ត»។

ការ​ចាក​ចេញ​ជា​បន្តបន្ទាប់​របស់​ជន​ភៀស​ខ្លួន​ពី​កោះ​ដាច់​ស្រយ៉ាល​ណូរូ​ បាន​ទទួល​ការរិះគន់​ជា​ខ្លាំង​ពី​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​ ​ជា​ពិសេស​ ​កង្វះ​ខាត​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ របស់​រដ្ឋាភិបាល​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយពួក​គេ​លើក​ឡើង​ថាកម្ពុជា​គប្បី​ដោះ​ស្រាយ​បញ្ហា​ចម្រូង​ចម្រាស​ក្នុងសង្គម​ ​ពង្រឹង​សេវា​សាធារណៈ​ ​ការ​គោរព​សិទ្ធិ​មនុស្ស​ ​និងប្រព័ន្ធ​គាំពារ​សង្គម​ឲ្យ​បាន​ល្អ​សិន មុន​នឹង​ទទួល​យក​ជន​ភៀស​ខ្លួន ​ពី​បរទេស​ឲ្យ​មក​រស់​នៅ​លើ​ទឹក​ដី​ខ្លួន។​

លោក​ អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នេះ​ ដោយ​ហេតុ​ថា​កន្លង​មក​មាន​ជនភៀស​ខ្លួន​មួយ​ចំនួន​ធ្លាប់​មក​ជ្រក​កោន​នៅ​កម្ពុជា​ដែរ​ ក៏ប៉ុន្តែ​បាន​សុំត្រឡប់​ទៅវិញ​ដែលនេះ​អាច​បង្ក​ភាព​ល្អក់​កករ​ដល់​មុខមាត់​កម្ពុជា។​

«សង្គម​ស៊ីវិល​យើង​បាន​ទទូច​ហើយ​ថា​កម្ពុជា​យើង​មិន​ទាន់​ដល់ពេល​ដែល​ត្រូវ​ទទួល​យក​ជន​ភៀស​ខ្លួន​មក​ស្នាក់​នៅ​ទេ​ដោយសារ​តែ​យើង​ត្រូវ​តែ​មាន​ការ​អភិវឌ្ឍ​ប្រទេស​យើង​ឲ្យ​បាន​ជឿន​លឿន​ ទាក់ទង​ទាំង​សិទ្ធិ​សេរីភាព​ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ល្អ​ប្រសើរ។​ បើ​នៅ​ក្នុង​ប្រទេស​យើង ​យើង​ឃើញ​ថា​បញ្ហា​ដីធ្លី បញ្ហា​អ្វី​មិន​ទាន់​ដោះស្រាយ​ជូន​ប្រជាជន​បាន​សព្វគ្រប់។ យើង​ត្រូវ​ធ្វើ​ម៉េច​គិត​គូរ​កូន​យើង​ ឲ្យ​មាន​ហើយ​ចាំ​យក​កូន​គេ​មក​ចិញ្ចឹម»។​

លោក​ មឿន ​តុលា ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ ​ឬ​ហៅ​កាត់​ថា Central ឲ្យ​ដឹង​ថា​ជន​ភៀស​ខ្លួន​ទាំង​នោះ​ចង់​រស់​នៅ​ក្នុង​ប្រទេស​រីក​ចម្រើន​ និង​មាន​លក្ខខណ្ឌ​រស់​នៅ​ល្អ​ប្រសើរ​។ ហើយ​ពួក​គេ​មិន​រំពឹង​ថា​នឹង​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​ទី៣​នោះ​ទេ។

«ជន​ភៀសខ្លួន​ទាំង​អស់​ហ្នឹង​ គាត់​ប្រឹង​គេច​ពី​ស្ថានភាព​មួយ​ ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ គេច​ពី​ស្ថាន​ភាព​មួយ​ ដែល​មិន​មាន​កិច្ច​គាំពា​រ​កិច្ចការ​សង្គម​ ហើយ​ដែល​រំពឹង​ថា​ នឹង​អាច​រស់​នៅ​ប្រទេស​អូស្ត្រាលី​ដែល​មាន​ស្ថានភាព​ប្រសើរ​ជាង​ប្រទេស​ខ្លួន​ឯង។ តែ​ប្រទេស​អូស្រ្តាលី​បែរ​ជា​បញ្ជូន​គាត់​មក​កម្ពុជា។ ហេតុ​នេះ​ ទើប​ជន​ភៀស​ខ្លួន​ខ្លះ​សុខចិត្ត​ត្រឡប់​ទៅវិញ​»។

លោក​ មឿន ​តុលា​ លើក​ឡើង​ថា​រដ្ឋាភិបាល​អូស្រ្តាលី​ទំនង​ជា​មិន​បាន​ប្រាប់​ការ​ពិត​ដល់​ជន​ភៀស​ខ្លួន​ទាំង​នោះ​អំពី​ស្ថានភាព​ជាក់​ស្តែង​របស់​ជន​ភៀសខ្លួន​នៅ​កម្ពុជា​ឡើយ​។

«រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេសអូស្រ្តាលី​ បាន​ធ្វើសន្និសីទ​កាសែត​ ឬ​បាន​បង្ហាញ​ទៅដល់​ជនជាតិ​អូស្ត្រាលី​ថា​គេ​បាន​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ ហើយ​ផ្តល់​នូវ​ទីជម្រក​ល្អ​ ផ្តល់​លុយ​រាប់​លាន​ដុល្លារ​ដល់ជន​ភៀសខ្លួន​ទាំង​អស់​ហ្នឹង​ អាច​មក​រស់​នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​នៅ​កម្ពុជា​។ តែ​គេ​មិន​បាន​និយាយ​ថា​ ពួកគេ​ចាកចេញ​ពី​កម្ពុជា​វិញ​ទេ»។​

ដំណឹង​នៃ​ការ​បញ្ជូន​ ​ជនភៀស​ខ្លួន​ពីរ​រូប​ពី​កោះ​ណូរូ​ ​មក​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​នេះ​ ​គឺ​ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​មាន​ដំណឹង​ពី​ការ​ដុត​សម្លាប់​ខ្លួន​របស់​ជនជាតិ​អ៊ីរ៉ង់​ ​មួយ​រូប​ដើម្បី​សម្តែង​ការ​មិន​ពេញ​ចិត្ត​ក្នុង​ការ​បណ្តេញ​ពួក​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី៕

XS
SM
MD
LG