អ្នកវិភាគឯករាជ្យ និងសកម្មជនសិទ្ធិមនុស្សសម្តែងក្តីព្រួយបារម្ភ និងសោកស្តាយ នៅក្រោយពេលរដ្ឋាភិបាលកម្ពុជាសម្រេចទទួលយកជនភៀសខ្លួន៤រូបពីកោះណូរូ (Nauru)តាមកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអូស្ត្រាលី។
ពួកគេស្នើឱ្យរដ្ឋាភិបាលពិចារណាម្តងទៀត មុននឹងទទួលយកជនភៀសខ្លួនបន្ថែមទៀត បន្ទាប់ពីជនបួននាក់ដែលរដ្ឋាភិបាលបានសម្រេចទទួលយកក្នុងពេលថ្មីៗនេះ។
លោក បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវកិច្ចការអភិវឌ្ឍន៍សង្គម បានមានប្រសាសន៍ថា៖
«ខ្ញុំយល់ថាគួរឲ្យសោកស្តាយមិនគួររដ្ឋាភិបាលដើរបញ្ច្រាសទិស ឬក៏ចរន្តពលរដ្ឋភាគច្រើនមិនចង់ឲ្យទទួលយក ទីមួយ។ ទីពីរ រដ្ឋាភិបាលមិនគួរដើរបញ្ច្រាស ស្តង់ដាគោរពសិទ្ធិមនុស្ស នៅពេលដែល Human Rights Watch នៅពេលការិយាល័យខាងសិទ្ធិមនុស្សកម្ពុជាអង្គការសហប្រជាជាតិ បានបដិសេដមិនទទួលយក ហើយមិនសហការ។ ហើយខ្ញុំគិតថា រដ្ឋាភិបាលអាចពិចារណាម្តងទៀតទាន់មានចំនួនតិច បើសិនជាមានចំនួនកាន់តែច្រើនឡើងៗ ហើយនៅពេលដែលមានបញ្ហាចាំទទួលសុំទោសអាហ្នឹងគឺជ្រុលពេល»។
ចំណែកឯលោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ បានសម្តែងក្តីបារម្ភ និងមិនសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជានោះឡើយ ដោយសារតែប្រទេសកម្ពុជានៅមានបញ្ហារ៉ាំរ៉ៃជាច្រើន ដែលមិនត្រូវបានដោះស្រាយជូនពលរដ្ឋរបស់ខ្លួននាពេលបច្ចុប្បន្ននេះ ដូចជាវិបត្តិដីធ្លី និងកង្វះការងារធ្វើក្នុងស្រុក។
លោកនិយាយថា៖ «យើងមើលទៅលើបញ្ហាដីធ្លី ប្រជាពលរដ្ឋយើងកំពុងមានបញ្ហាទាក់ទងនឹងទំនាស់ដីធ្លី ហ្នឹងច្រើនហើយមិនទាន់បានដោះអ្វីស្រួលបួល ហើយទីពីរមុខរបរនៅក្នុងកម្ពុជាយើងបានន័យថា ទីផ្សារការងារក៏នៅតែចង្អៀត ប្រជាពលរដ្ឋយើងជាច្រើនបានចេញទៅធ្វើការក្រៅប្រទេស ហើយរដ្ឋាភិបាលក៏អំពាវនាវទៅបរទេស ដើម្បីទទួលយកប្រជាពលរដ្ឋខ្មែរទៅធ្វើការផងទៀត។ ចុះបើយើងទទួលពួកគេមក? យើងត្រូវទទួលរ៉ាប់រងបញ្ហាដីធ្លី បញ្ហាសង់លំនៅដ្ឋាន វត្តអារ៉ាមសាលារៀន ហើយកាន់ជំនឿសាសនាដែលខុសៗគ្នាទៀត»។
លោកបន្ថែមថា៖ «អញ្ចឹងតើកម្ពុជាយើងដល់ពេលដែលយើងត្រូវទទួលពួកគេអត់? ហើយបើសិនជាកូនខ្លួនឯង យើងមិនទាន់រៀបចំឲ្យបានល្អ១០០%ផង ហើយយើងទទួលកូនគេមកចិញ្ចឹមទៀតតើវាប៉ះពាល់ អី្វដល់គេ?»។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចក្នុងសប្តាហ៍នេះទទួលជនភៀសខ្លួនបួននាក់ មកតាំងទីលំនៅអចិន្ត្រៃយ៍នៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប៉ុន្តែលោកពុំទាន់អាចបញ្ជាក់បានទេ ចំពោះការមកដល់របស់ជនភៀសខ្លួនទាំងបួនរូបនេះ។
ជនភៀសខ្លួនទាំងបួនរូប ដែលបានទទួលសិទ្ធិជាជនភៀសខ្លួនពីរដ្ឋាភិបាលប្រទេសអូស្រ្តាលី ហើយត្រូវមកកម្ពុជាក្នុងពេលឆាប់ៗខាងមុខនោះមានម្នាក់ជាជនជាតិ រ៉ូហ៊ីងយ៉ាង (Rohingya) និងបីនាក់ផ្សេងទៀតជាជនជាតិអ៊ីរ៉ង់។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា រដ្ឋាភិបាលនឹងពិនិត្យ និងពិចារណាលើលទ្ធភាពនៃការទទួលយកជនភៀសខ្លួនបន្ថែមទៀត ក្នុងចំនួនមួយមានកម្រិតដែលអាចឲ្យរដ្ឋាភិបាលរ៉ាប់រងបាន។
លោកបន្ថែមថា៖ «ក្នុងចំណោមរាប់ពាន់នាក់មានបួននាក់ យើងឈរលើគោលការណ៍ស្ម័គ្រចិត្តទេហ្នឹង សង្ឃឹមថា យើងក៏មិនល្ងង់ខ្លៅរហូតទៅដល់រាប់ពាន់រាប់ម៉ឺននាក់មកនៅស្រុកយើងដែរ»។
ចំពោះការរិះគន់ពីអ្នកវិភាគឯករាជ្យ និងសកម្មជនសិទ្ធិមនុស្ស ដែលថាកម្ពុជាជាប្រទេសក្រីក្រទទួលយកជនទាំងបួននាក់នេះ ប៉ុន្តែបែរជាចាប់បញ្ជូនចេញវិញនូវ ជនជាតិវីហ្គ័រភាគតិចចិន និងជនជាតិម៉ុងតាញ៉ាវៀតណាម កាលពីពេលកន្លងមក លោកនាយឧត្តមសេនីយ៍ពន្យល់ថា៖
«ជាការត្រឹមត្រូវហើយ ធម្មតាកិច្ចការធ្វើអ្វីវាមានដូចក្នុងឆាកល្ខោនអញ្ចឹងវាមាន ទាល់តែមានអ្នកទិតៀនអីបានវាទៅជាឆាកល្អមើល ហើយយើងទៅធ្វើតែឯងអញ្ចឹង ធ្វើតែឯងម៉េចកើត ត្រូវតែមានប្រជាធិបតេយ្យ ត្រូវតែមានអញ្ចឹងហើយ»។
រដ្ឋាភិបាលប្រទេសកម្ពុជាបានចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋាភិបាលប្រទេសអូស្រា្តលីនៅក្នុងឆ្នាំ២០១៤ ដើម្បីទទួលយកជនភៀសខ្លួនជាង១ពាន់នាក់ដែលសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្ត្រាលី ដែលត្រូវអាជ្ញាធរប្រទេសនេះដាក់ឲ្យរស់នៅក្នុងជំរុំនៅលើប្រទេសដែនកោះណូរូ។
កិច្ចព្រមព្រៀងនេះគឺត្រូវបានធ្វើឡើងជាថ្នូរនឹងអ្វីដែលគេពណ៌នាថា ជាកម្មវិធីជំនួយដែលមានទឹកប្រាក់ជាង៣០លានដុល្លារពីប្រទេសអូស្ត្រាលីវិញ។ កិច្ចព្រមព្រៀងទទួល និងបញ្ជូនជនភៀសខ្លួនពីកោះណូរូនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដោយអះអាងថា វាបានរំលោភអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ ជាងនេះទៀត ពួកគេ និយាយថាប្រទេសដ៏ក្រីក្រមួយនេះ នៅមានបញ្ហាប្រឈមជាច្រើនដូចជា អំពើពុករលួយ ភាពក្រីក្រ ស្ថាប័នតុលាការនៅមិនទាន់ឯករាជ្យ អំពើនិទណ្ឌភាព និងទំនាស់ដីធ្លីដ៏ច្រើន៕