ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) មកពីប្រទេសភូមាត្រៀមនឹងចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានមកតាំងទីលំនៅដោយការស្ម័គ្រចិត្តកាលពីខែមិថុនាកន្លងទៅនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីទទួលបន្ទុកជនភៀសខ្លួនកម្ពុជា។
ជនជាតិរ៉ូហ៊ីងយ៉ានេះ គឺស្ថិតនៅក្នុងចំណោមជនភៀសខ្លួនទាំងបួនរូបដែលត្រូវបានបញ្ជូនពីកោះណូរូមកកាន់ប្រទេសកម្ពុជាតាមរយៈកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសរវាងរដ្ឋាភិបាលប្រទេសកម្ពុជានិងអូស្ត្រាលី ស្តីពីការផ្ទេរជនភៀសខ្លួនមកប្រទេសកម្ពុជាដែលជាប្រទេសក្រីក្រមួយនៅក្នុងសមាគមអាស៊ាន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសណ្ឋាគារមួយនៅក្នុងទីក្រុងភ្នំពេញនៅព្រឹកថ្ងៃច័ន្ទនេះ លោកកែម សារិនប្រធាននាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ឲ្យដឹងថារដ្ឋាភិបាលប្រទេសកម្ពុជាកំពុងរង់ចាំលិខិតបើកផ្លូវពីស្ថានទូតនៃប្រទេសភូមាប្រចាំនៅកម្ពុជាដើម្បីសម្រួលដល់ការចាកចេញរបស់ជនជាតិរ៉ូហ៊ីងយ៉ានេះ ក្រោយពីជនភៀសខ្លួនរូបនេះបានដាក់លិខិតទៅកាន់ស្ថានទូតកាលពីពីរសប្តាហ៍មុន។
លោកបានបន្ថែមថា៖ «សាម៉ីខ្លួនបានទំនាក់ទំនង ស្ថានទូតភូមាហើយ ហើយយើងនឹងរង់ចាំស្ថានទូតភូមា គាត់នឹងចេញ លិខិតបើកផ្លូវឲ្យ។ នៅពេលដែលស្ថានទូតភូមាគាត់នឹងចេញលិខិតបើកផ្លូវឲ្យរួចហើយនោះ កម្ពុជានឹងចេញទិដ្ឋាការ ចេញExit Visa ជូន ហើយពេលនោះ គឺគាត់អាចធ្វើដំណើរ ត្រឡប់ទៅកាន់ប្រទេសដើមរបស់ខ្លួនវិញហើយ»។
លោកឲ្យដឹងទៀតថា ការស្ម័គ្រចិត្តវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ជនភៀសខ្លួននេះ នឹងមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងដែលរដ្ឋាភិបាលអូស្រ្តាលី បានចុះជាមួយប្រទេសកម្ពុជាទេ៖
«វាមិនមានអ្វីប៉ះពាល់ ព្រោះនៅក្នុងMOU ក៏បាន និយាយថា នៅពេលដែលជនភៀសខ្លួនបានមកដល់កម្ពុជា បើសិនជាជនភៀសខ្លួនមានការស្ម័គ្រចិត្តទៅកាន់ប្រទេសខ្លួនវិញ អានោះជាសិទ្ធិរបស់គាត់នៅក្នុងការធ្វើការស្ម័គ្រចិត្ត ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសដើមនោះវិញ»។
លោកកែម សារិនមិនអាចបញ្ជាក់លម្អិតពីហេតុផលនៃការវិលត្រឡប់ទៅវិញនៃជនភៀសខ្លួនរូបនេះ ទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ជនភៀសខ្លួនមានសិទ្ធិវិលត្រឡប់ទៅប្រទេសកំណើត បើសិនជាជនភៀសខ្លួននេះយល់ថា ប្រទេសកំណើតរបស់ខ្លួនអាចផ្តល់នូវសុវត្ថិភាពគ្រប់គ្រាន់ និងមិនរងនូវការគំរាមកំហែង ឬក៏ធ្វើទារុណកម្មនានា។
អ្នកស្រី Kristin Dadey មន្រ្តីជំនាញក្នុងការជួយជនចំណាកស្រុក នៃអង្គការទេសន្តរប្រវេសន៍អន្តរជាតិ បដិសេធមិនផ្តល់ការអធិប្បាយតាមសារអេឡិកត្រូនិក ឬEmail ទៅនឹងសំណួរទាក់ទិននឹងហេតុផលនៃការត្រៀមត្រឡប់ទៅវិញនៃជនភៀសខ្លួនជនជាតិ Rohingya នេះ ដោយគោរពទៅតាមការស្នើសុំមិនឲ្យបញ្ចេញនូវព័ត៌មានទាក់ទងជីវិតផ្ទាល់ខ្លួនរបស់ជនភៀសខ្លួនរូបនេះ។
ថ្មីៗនេះ មន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា ពុំទាន់មានផែនការក្នុងការទទួលយកបន្ថែមជន ភៀសខ្លួនពីកោះណូរូ(Nauru) ទៀតទេដែលនាំឱ្យមានការមន្ទិលសង្ស័យលើកិច្ចព្រមព្រៀងនោះ តែមន្ត្រីនៃក្រសួងការបរទេសអូស្ត្រាលីឆ្លើយតបថា កិច្ចព្រមព្រៀងនេះនៅមានសុពលភាព និងមិនបរាជ័យនោះដែរ។
លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងSidney ថា រដ្ឋាភិបាលកម្ពុជា បានតាំងចិត្តដោះស្រាយបញ្ហានៅក្នុងតំបន់ តាមរយៈអនុស្សារណៈ យោគយល់គ្នាជាមួយរដ្ឋាភិបាលអូស្រ្តាលីដើម្បីតាំងលំនៅអ្នកស្វែងរកសិទិ្ធជ្រកកោនដែលជាជនភៀសខ្លួន។
ជនភៀសខ្លួនបួននាក់ដែលមកពីកោះក្នុងសមុទ្រប៉ាស៊ីហ្វិកខាងត្បូងគឺកោះ Nauru ត្រូវបានប្រគល់ទៅអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) នៅខែមិថុនាកន្លងទៅនេះ ដើម្បីជួយពួកគេក្នុងការតាំងទីលំនៅថ្មីនៅក្នុងប្រទេសកម្ពុជា។ ពួកគេទាំងនោះ មានបីនាក់ជាជនជាតិអ៊ីរ៉ង់ និង ម្នាក់ទៀតជាជនជាតិRohingya។
លោកអំ សំអាតប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ប្រាប់វីអូអេថា ការស្នើសុំត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ជនជាតិ Rohinghya រូបនេះ គឺជាសារមួយទៅកាន់ជនភៀសខ្លួនឯទៀតនៅឯកោះណូរូ ឲ្យមានការពិចារណាឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តមកកាន់ប្រទេសកម្ពុជាដែលជាប្រទេសក្រីក្រមួយនេះ។ លោកថ្លែងបន្តថា នេះជាបទពិសោធន៍មួយផងដែរ សម្រាប់រដ្ឋាភិបាលកម្ពុជា នៅក្នុងការចុះកិច្ចព្រមព្រៀងណាមួយទៅថ្ងៃអនាគត ដោយរដ្ឋាភិបាលមិនគួរណាសំឡឹងមើលតែទៅលើទឹកប្រាក់ ជាថ្នូរនិងការចុះកិច្ចព្រមព្រៀងនោះឡើយ។
«យើងមើលទៅលើជីវភាពរស់នៅ ជាពិសេសទាក់ទងនឹងបញ្ហាការងារសម្រាប់ប្រជាពលរដ្ឋខ្មែរ យើងនៅអំពាវនាវ ទៅលើប្រទេសនៅបរទេស ដើម្បីឲ្យទទួលកម្មករ ឬក៏ប្រជាពលរដ្ឋយើងទៅធ្វើការនៅក្រៅប្រទេសនៅឡើយ។ អញ្ចឹងបញ្ជាក់ថា ទីផ្សារការងារយើងនៅចង្អៀត ហើយកម្ពុជាយើងនៅមានបញ្ហាផ្សេងៗដែលត្រូវដោះស្រាយ ជាពិសេសគឺបញ្ហាសិទ្ធិមនុស្ស ជាដើមដែលយើងត្រូវដោះស្រាយ ឲ្យមានស្ថានភាពល្អប្រសើរ មុននឹងសម្រេចទទួលជនភៀសខ្លួនដទៃទៀត ពីព្រោះយើងកុំមើលឃើញ ទឹកប្រាក់ ឬក៏លុយជាធំ ហើយយើងទទួលជនភៀសខ្លួន ដោយសារតែប្រាក់ជំនួយ មិនបានគិតគូល្អិតល្អន់ សម្រាប់ពួកគេ ឬក៏សិទ្ធិរបស់ពួកគេ»។
សារព័ត៌មាន The Guardian និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍កន្លងមកថា ប្រទេសអូស្រ្តាលីបានផ្តល់ឱ្យប្រទេសកម្ពុជាជាទឹកប្រាក់ចំនួន ៥៥លានដុល្លារជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយនេះ៕