ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនភៀសខ្លួន​ពី​កោះ​ណូរូ​ពីរ​នាក់​បាយ​បាយ​កម្ពុជា​ត្រឡប់​ទៅ​អ៊ីរ៉ង់​វិញ​


រូប​ឯកសារ៖ ជន​ភៀស​ខ្លួន​៣នាក់​ ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​៤​ដែល​មក​ពី​កោះ​ណូរូ​ (បុរស​ពាក់​មួក​នៅ​ខាង​ឆ្វេង ស្រ្តី​ក្នុង​សំលៀក​បំពាក់​អាវ​មាន​មួក​គ្រប​ក្បាល​ពណ៌​ខ្មៅ​នៅ​កណ្តាល​ និង​បុរស​ក្នុង​សំលៀក​បំពាក់​អាវ​មាន​មួក​គ្រប​ក្បាល​ពណ៌​ខ្មៅ​នៅ​ខាង​មុខ​) ត្រូវ​បាន​អម​ដោយ​ប៉ូលីស​កម្ពុជា​ ខណៈ​ពេល​ដែល​ពួក​គេ​បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០១៥។
រូប​ឯកសារ៖ ជន​ភៀស​ខ្លួន​៣នាក់​ ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​៤​ដែល​មក​ពី​កោះ​ណូរូ​ (បុរស​ពាក់​មួក​នៅ​ខាង​ឆ្វេង ស្រ្តី​ក្នុង​សំលៀក​បំពាក់​អាវ​មាន​មួក​គ្រប​ក្បាល​ពណ៌​ខ្មៅ​នៅ​កណ្តាល​ និង​បុរស​ក្នុង​សំលៀក​បំពាក់​អាវ​មាន​មួក​គ្រប​ក្បាល​ពណ៌​ខ្មៅ​នៅ​ខាង​មុខ​) ត្រូវ​បាន​អម​ដោយ​ប៉ូលីស​កម្ពុជា​ ខណៈ​ពេល​ដែល​ពួក​គេ​បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០១៥។

នេះ​គឺ​ជា​ជន​ភៀស​ខ្លួន​ទីពីរ​និង​ទី​បី​ហើយ​ពី​កោះ​ដាច់ស្រយាល​ដែល​សុំចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ក្រោយ​​​ពី​ពួកគេ​តាំង​ទីលំនៅ​មួយ​រយៈ​ខ្លី​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។​

មន្ត្រី​កម្ពុជា​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​អង្គារ​នេះ​ថា កម្ពុជា​ពុំ​ទាន់ទទួល​ជន​ភៀសខ្លួន​របស់​អូស្រ្តាលី​ផ្សេង​ទៀតពី​កោះ​ណូរូ​ (Nauru) ​បន្ថែម​ទៀត​នោះ​ទេ ​ក្រោយ​ពេល​ជន​ភៀសខ្លួន​ ជនជាតិ​អ៊ីរ៉ង់​ពីរ​នាក់​ប្តី​ប្រពន្ធ​ ​ក្នុង​ចំណោម​ជន​ភៀស​ខ្លួនប្រាំ​រូប​ដែល​ស្ម័គ្រ​ចិត្ត​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​ ចាក​ចេញ​ទៅ​កាន់​ប្រទេស​កំណើត​វិញ។​

នេះ​គឺ​ជា​ជន​ភៀស​ខ្លួន​ទីពីរ​និង​ទី​បី​ហើយ​ពី​កោះ​ដាច់ស្រយាល​ដែល​សុំចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ក្រោយ​ ​ពី​ពួកគេ​តាំង​ទីលំនៅ​មួយ​រយៈ​ខ្លី​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។​ ​កាលពី​ចុង​ឆ្នាំ​ ២០១៥ ​ជន​ភៀសខ្លួន​មួយ​រូប​ ​ដើម​កំណើត ​រ៉ូហ៊ីងយ៉ា​ (Rohingya)​ ​ដែល​បានរត់​គេច​ពីការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​ភូមា​ ​ក៏​បាន​ចាក​ចេញ​ពី​ប្រទេស​នេះផង​ដែរ។​ ​ជន​ភៀស​ខ្លួន​ដែល​បាន​ចាក​ចេញ​ពី​កម្ពុជា​ទាំង​បីរូប​នេះ​ ​គឺ​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ បួនរូប​ដំបូង​គេ​ដែល​ ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ នាដើមខែ​មិថុនា​កន្លង​ទៅ​ ​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល ​កម្ពុជា​និង​អូស្ត្រាលី។ ​

លោក​ កែម សារិន​ ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ ​និង​ជាអ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​របស់​ក្រសួង​មហាផៃ្ទ​ ​បញ្ជាក់​ប្រាប់​ VOA​ ​នា​ថ្ងៃ​អង្គារ​នេះ​ថា​ ​ជនភៀស​ខ្លួន​ដែល​មាន​ដើម​កំណើត​អ៊ីរ៉ង់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ​កាល​ពី​ថ្ងៃ​ទី១២​ខែ ​កុម្ភៈ​កន្លងទៅ​ ក្រោយ​ពេល​ពួកគេ​បាន​ចេញ​មក​រស់នៅ​ក្នុង​សង្គម​ខ្មែរ​មួយ​រយៈ​នោះ។​ ​

លោក​បន្ថែម​ថា៖ ​«បាទ!​ ​គាត់​ដូច​ជា​មាន​ បាន​ចេញ​មក​ខាង​ក្រៅ​អី​ហើយ​ ​ក្រោយ​មក​ ដូច​ជា​ថា​គាត់​នឹក​និង​ចង់​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ​អីចឹង។ ​ហើយ​គាត់​ទាក់ទង​ទៅ​ស្រុក​គាត់​ចង់​ត្រឡប់​ទៅ​វិញ​អីចឹង​ ​ហើយ​ថា​អត់មាន​អ្វី​ក៏​គាត់​សម្រេច​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ​ទៅ»។

មន្ត្រី​ដដែល​បន្ថែម​ថា​នា​ពេល​បច្ចុប្បន្ន​មាន​តែ​ជន​ភៀស​ខ្លួន​ពីរ​រូប​ប៉ុណ្ណោះ ពី​កោះ​ណូរូកំពុង​រស់​នៅកម្ពុជា ​រួម​ទាំងជនភៀស​ខ្លួន​មួយ​រូប​ចុង​ក្រោយ​ដែល​មកដល់​ប្រទេស​កម្ពុជា​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។ ​ជន​ភៀស​ខ្លួន​ទាំង​ពីរ​រូប ​ដែល​មាន​ដើម​កំណើត​ អ៊ីរ៉ង់​និង​ រ៉ូហ៊ីងយ៉ា​ (Rohingya)​ កំពុង​ស្ថិត​ក្រោម​ការ​មើល​ថែ​និង​បង្អាត់​បង្រៀន​អំពី​សង្គម​ខ្មែរ​មុន​ពេល​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្គម​នោះ។​

លោក​ កែម សារិន​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​មក​ដល់​ពេល​នេះ​កម្ពុជា​«ពុំ​ទាន់​បាន​ទទួល​ការ​ស្ម័គ្រចិត្ត»​ណា​មួយ​បន្ថែម​ទៀត​នោះ​ទេ​ ​ចំពោះ​ការ​មក​តាំង​ទីលំនៅ​ថ្មី​ នៅ​ប្រទេស​កម្ពុជា។​ លោក​ ថ្លែងថា៖​ «​យើង​នឹង​មិនទៅ​យក​ទេ។​ យើង​ចាំតែ​ទទួល​ពេលណា​ដែល​ពួក​គាត់​ស្ម័គ្រចិត្ត​ ​បើ​គាត់​មិន​ទាន់​មាន​ការ​ស្ម័គ្រ​មក​ទេ​ ​គឺ​យើង​មិន​ទៅ​ទទួល​យក​មក​ទេ។​ ទាល់​តែ​គាត់​ស្ម័គ្រចិត្ត​ដាក់​ពាក្យ​ដាក់​អី​មក​អីចឹង បាន​ទៅ​យក​មក»។​

រូប​ឯកសារ៖ រថយន្ត​មួយ​កាល​ពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ ២០១៥ ​បើក​ចូល​គេហដ្ឋាន​ដែល​ជា​លំនៅដ្ឋាន​បណ្តោះ​អាសន្នកណ្តាល​ក្រុង​ភ្នំពេញ សម្រាប់​ជន​ភៀស​ខ្លួន​ពី​ជំរំ​ជន​ភៀស​ខ្លួន​នៅ​កោះណូរូ ភាគ​ខាង​ត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។
រូប​ឯកសារ៖ រថយន្ត​មួយ​កាល​ពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ ២០១៥ ​បើក​ចូល​គេហដ្ឋាន​ដែល​ជា​លំនៅដ្ឋាន​បណ្តោះ​អាសន្នកណ្តាល​ក្រុង​ភ្នំពេញ សម្រាប់​ជន​ភៀស​ខ្លួន​ពី​ជំរំ​ជន​ភៀស​ខ្លួន​នៅ​កោះណូរូ ភាគ​ខាង​ត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

រដ្ឋាភិបាល​កម្ពុជា​និង​អូស្ត្រាលី​ ​បាន​ចុះហត្ថលេខា​នា​ឆ្នាំ​២០១៤​ ​ក្នុង​ការ​បញ្ជូន​និង​ទទួល​ ​ជន​ភៀស​ខ្លួន​ដែល​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ប្រទេស​អូស្ត្រាលី​ ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​នេះ​ដាក់​នៅ​លើ​កោះ​ណូរូ​ «Nauru»​ ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងត្បូង។​ ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​នេះ​គឺ​ជាថ្នូរ​នឹង​អ្វី​ដែល​គេ​ពណ៌នា​ថា​ ​ជា​កម្ម​វិធី​ជំនួយ​អភិវឌ្ឍន៍​ដែល​មាន​ទឹក​ប្រាក់​ជាង​៤០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ពី​ប្រទេស​អូស្រ្តាលី​ដល់​កម្ពុជា។​

ស្រដៀង​នឹង​អ្វី​ដែល​អ្នកការពារ​សិទ្ធិមនុស្ស​នានាធ្លាប់​បាន​រិះគន់​កន្លង​មក​នោះ​ ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ ​ការ​ចាកចេញ​ជា​បន្ត​បន្ទាប់​របស់​ជន​ដែល​ចង់​មក​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​ក្នុង​កម្ពុជា​នេះ​ ​គឺ​សរ​បញ្ជាក់​ពី​ការ​ខកចិត្ត​ចំពោះ​សេវា​សាធារណៈ​របស់​កម្ពុជា​ ​និង​ការ​តាំង​ទី​លំនៅ​ខុស​ពី​ឆន្ទៈ​របស់​អ្នក​ដែល​ចង់​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​នោះ។​

លោក ​សួន ប៊ុនស័ក្តិ ​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹតិ្តកម្ម​នៃ​អង្គការ-សមាគម​ការពារ​សិទ្ធិ​មនុស្ស​ បញ្ជាក់​ថា​៖

«នេះ​គឺជា​ការ​បង្ហាញ​ ជាក់​ស្តែង​របស់​ជនភៀស​ខ្លួន​ទាំង​អស់​ហ្នឹង​ ​ដោយ​សារ​គាត់​មិន​ពេញ​ចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី​និង​កម្ពុជា​យើង​ ​ទាក់ទិន​នឹង​សិទ្ធិ​ក្នុង​ការ​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នោះ​បាទ​។​ ​ដូច្នេះ​ការ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​វិញ​ ​គឺ​ជា​ការ​អស់​សង្ឃឹម​ ​ហើយ​គាត់​មិន​មាន​ជំនឿ​ទៅ​លើ​ការ​ថែ​ទាំ​របស់​គាត់​ ​តាម​អ្វីដែល​គាត់​ចង់​បាន​នោះ​បាទ»។​

លោក​បន្ត​ថា​កម្ពុជា​គួរ​តែ​បញ្ជាក់​ប្រាប់​អូស្ត្រាលី​ថា​ខ្លួន​មិន​ទាន់​មាន​សេវា​សាធារណៈ​គ្រប់​គ្រាន់​សម្រាប់​ទទួល​យក​ជនភៀស​ខ្លួន​មក​តាំង​ទីលំនៅ​ថ្មី​នោះ​ទេ​ ហើយ​ប្រទេស​ដែល​មាន​សមត្ថភាព​គួរ​តែ​ ទទួល​យក​ជំនួស​វិញ។​ លោក ​សួន ប៊ុនស័ក្តិ​ ថ្លែង​ថា៖ «ដូច្នេះ​អាការ​ដែល​យើង​ត្រូវ​រ៉ូវ​គ្នា​តែ​រ​វាង រដ្ឋ​និង​រដ្ឋ​ ឬ​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ហ្នឹង​ហើយ​តែ​មិន​បាន​គិតគូរ​ពី​រឿង​សុខុមាលភាព​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​ជនភៀសខ្លួន​ ​គឺ​យើង​នាំ​គ្នា​ចូលរួម​រំលោភ​សិទ្ធិ​របស់​ជនភៀសខ្លួនទៅវិញ។​ ហើយដូច​ករណី​កម្ពុជា-អូស្ត្រាលី​ពី​រឿង​ ​ជនភៀស​ខ្លួន​នេះ​ ​គឺ​ជនភៀស​ខ្លួន​គេ​បាន​រត់​ភៀសខ្លួន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ទៅ​ហើយ​ ​តែ​យើង​ហ្នឹង​បាន​ទៅ​ចែចូវ ​ចរចា​គ្នា​ទម្លាក់មក​ប្រទេស​ដែល​គេ​មិន​ចង់​មក​ទៅ​វិញ។​ ហ្នឹង​គឺ​បើ​សិន​ជា​យើង​មើល​ទៅ​លើ​ទិដ្ឋភាព​និង​អនុសញ្ញា​ស្តី​ពី​ជនភៀសខ្លួន​គឺ​មិន​ត្រឹមត្រូវ​ទេ​បាទ»។​

យ៉ាង​ណា​ក៏ដោយ​ លោក​ ​កែម សារិន​ នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​របស់​ក្រសួង​មហាផៃ្ទ​ បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដោយ​លើក​ឡើង​ថា​ ​ការ​សម្រេច​ ​ចាកចេញ​របស់​ជន​ភៀស​ខ្លួន​ទាំង​បី​រូប​ក្នុង​ចំណោម​ប្រាំ​រូប​នោះ​គឺ​ដោយ​ការ​ស្ម័គ្រចិត្ត​ ​មិន​មែន​មក​ពី​កង្វះខាត​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​នោះ​ទេ។​ ហើយ​ការ​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​ ទៀត​សោត​គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត​ ​ស្របតាម​កិច្ច​ព្រមព្រៀង​របស់​ប្រទេស​ទាំង​ពីរ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG