ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជារក​ឃើញ​ថា ​​​​សេរីភាព​សារ​ព័ត៌​មាន​​​នៅ​តែ​បន្ត​រង​ការ​វាយ​ប្រហារ


មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR) បាន​ផ្សាយ​របាយការណ៍ស្ថានភាព​​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ ​សេរី​ភាព​សារ​ព័ត៌​មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​កាលពីថ្ងៃទី​២៦ វិច្ឆិកា ឆ្នាំ២០២៤។(FACEBOOK/CCHR)
មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR) បាន​ផ្សាយ​របាយការណ៍ស្ថានភាព​​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ ​សេរី​ភាព​សារ​ព័ត៌​មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​កាលពីថ្ងៃទី​២៦ វិច្ឆិកា ឆ្នាំ២០២៤។(FACEBOOK/CCHR)

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ហៅកាត់​ថា​ CCHR បាន​រក​ឃើញថា ​សិទ្ធិ​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ ​សេរី​ភាព​សារ​ព័ត៌​មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​ ​នៅ​តែ​បន្ត​រង​ការ​វាយ​ប្រហារ ​ខណៈ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ គឺ​ផ្នែក​មួយ​ ដែល​បានបំភិត​បំភ័យ ​និង​រឹត​ត្បិត​សេរី​ភាព​ជា​មូល​ដ្ឋាន​ទាំង​នោះ​។

នៅក្នុង​របាយការណ៍​ថ្មីមួយ​ស្តីពី ៖​«​ស្ថាន​ភាព​នៃ​សេរី​ភាព​ខាងការ បញ្ចេញ​មតិ ​សេរី ភាព​សារ​ព័ត៌​មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌​មាននៅ​កម្ពុជា»​ ដែលចេញ​ផ្សាយ​កាលពីថ្ងៃ​អង្គារ​ ទី២៦ ខែវិច្ឆិកា មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​វាយ​តម្លៃ​ថា​៖ ​«សិទ្ធិ​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ ​សេរី​ភាព​សារព័ត៌​មាន​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​តែ​បន្ត​រង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​អ្នក​សារ​ព័ត៌​មាននិង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រង​ការ​បង្ក្រាបនិង​ការ​ដៅ​មុខ​សញ្ញា​ដោយ​សារ​តែ​ការ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​រាយ​ការណ៍​ និង​ការ​តស៊ូ​មតិ​សំខាន់​ៗ​របស់​ខ្លួន​»។

អ្នក​សម្រប​សម្រួល​គម្រោង​ការ​លើក​កម្ពស់ ​និង​ការពារ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក ហួន ផន ប្រាប់​វីអូអេ​ថា ​របាយ​ការណ៍នេះត្រូវ​បាន​ចង​ក្រង​ឡើងដើម្បី​ឲ្យសាធារណ​ជន​បាន​ដឹង​អំពី​បញ្ហា​ប្រឈម​នានានៃ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ ​សេរីភាព​សារ​ព័ត៌​មាន​ និង​សិទ្ធិ​ទទួល​ព័ត៌​មាន​នៅ​ក្នុងប្រទេស​កម្ពុជា ​និង​សម្រាប់​រដ្ឋាភិបាល​យក​ទៅពិចារណា ​ដើម្បីធានា​ថា​សិទ្ធិ​សេរីភាព​ទាំង​នោះ ​ត្រូវ​បាន​គោរព​តាម​បទ​ដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​។

លោក​បញ្ជាក់​ថា៖ ​«យើង​មើល​ឃើញ​ថា ​សិទ្ធិ​ទាំង​បី​នេះជា​ស្នូល​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​ ប្រសិន​បើ​សិទ្ធិ​ទាំង​អស់​នេះរង​បញ្ហា​ប្រឈម ​ឬ​រឹត​ត្បិត ​វា​ក៏​បង្ហាញ​ថា ​លំហ​នៃលទ្ធិ​ប្រជា​ធិប​តេយ្យក៏​មិន​មាន​ភាព​ទូលំ​ទូលាយ​នោះ​ដែរ ហើយ​វាក៏​បង្ហាញ​ថា​លទ្ធិ​ប្រជាធិប​តេយ្យក៏​មិន​បាន​រីក​ចម្រើន​ឲ្យ​ល្អ​ប្រសើរ​»។

របាយ​ការណ៍​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​កត់ត្រាចាប់ពី​ថ្ងៃទី ​១ ខែ​កញ្ញា ​ឆ្នាំ​ ២០២៣ ដល់​ថ្ងៃទី​ ៣១ ខែ​សីហា ឆ្នាំ​ ២០២៤ ​ថា ស្ថាន​ភាព​នៃ​សេរីភាព​សារ​ព័ត៌​មាន​ប្រឈម​នឹង​ការយាយី​មួយចំនួន​ ដូច​ជាការ​ដក​ហូត​អាជ្ញា​បណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​យ៉ាង​តិច​ចំនួន ​៣​ រីឯអ្នក​សារ​ព័ត៌​មាន​ចំនួន ​១៧​ នាក់ បាន​ប្រឈម​មុខ​នឹង​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ដែល​រួម​មានការ​ផ្តន្ទា​ទោស ​ការ​កោះ​ហៅ ​ការ​សួរ​ចម្លើយ ​ការ​ឃាត់​ខ្លួន ​ការ​ឃុំ​ខ្លួន​ និង​ការ​បង្ខំ​ឲ្យ​ចុះហត្ថ​លេខា​នៅ​លើ​កិច្ច​សន្យា​ជាដើម​។ ​ចំណែក​អ្នក​ការពារ​សិទ្ធិ​មនុស្សយ៉ាង​ហោច​ណាស់ ​៥០ ​នាក់ ​បាន​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​។

តួលេខ​នៃ​អ្នក​សារ​ព័ត៌​មាន​ដែល​ប្រឈម​មុខ​នឹង​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​នេះ​ ​មាន​ចំនួន​ប្រហាក់​ប្រហែលនឹង​ការ​រក​ឃើញ​ក្នុង​របាយ​ការណ៍​ឆ្នាំ​មុន ដែល​មាន​ចំនួន ​១៦ ​នាក់​។ នេះ​បើ​តាមរបាយ​ការណ៍​។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​បាន​ផ្តល់​អនុសាស្ត្រ​ចំនួន ​១១ ​ចំណុច​ ​ដោយ​ក្នុង​នោះ​ក៏​មាន​ការ​ស្នើ​ឲ្យ​បញ្ឈប់​រាល់​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​លើអ្នក​សារព័ត៌​មាន​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ត្រូវ​បញ្ឈប់​ការ​គំរាម​កំហែង​ និង​បំភិត​បំភ័យអ្នក​សារព័ត៌​មាន​ដែលរាយ​ការណ៍​អំពី​បញ្ហា​រសើប​ លើក​កម្ពស់​បរិយា​កាស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចម្រុះ​និង​ឯករាជ្យ ត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​ច្បាប់​មាន​ស្រាប់​ទាំង​អស់​ដែល​រឹត​ត្បិត​មិន​សម​ស្រប​ទៅលើ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ​និង​ស្នើ​ដោះ​លែង​ជា​បន្ទាន់នូវ​អ្នក​សារព័ត៌​មាន​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​អស់​ដែល​កំពុង​ជាប់ព​ន្ធនាគារ។

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក​ ប៉ែន បូណា​ ចាត់​ទុក​របាយ​ការណ៍​ដែល​ចេញផ្សាយ​ដោយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថា ​ខ្វះវិជ្ជាជីវៈនិង​មាន​ចេតនា​មិន​ល្អធ្វើ​ឲ្យខូច​មុខ​មាត់របស់រាជ​រដ្ឋា​ភិបាល​។​

លោក​បាន​វាយតម្លៃ​ថា​ របាយ​ការណ៍នេះមិន​បាន​ពិនិត្យ​ទិដ្ឋភាព​ជារួម​នៅ​ក្នុងវិស័យ​សារព័ត៌​មាន​ ដែល​មានប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ២.០០០ ​ស្ថាប័ន ​និង​មាន​អ្នក​កាសែតប្រមាណ​ ១០.០០០ ​នាក់​។ ​

លោក​ថ្លែង​ថា៖ ​«តើ​យក​ ១៧ ​នាក់ដែល​មាន​បញ្ហា​ផ្លូវ​ច្បាប់​នោះ​ មក​វាយ​តម្លៃ​ស្ថាន​ការណ៍​ប្រទេស​ទាំង​មូល​បានទេ​? ហើយករណី​នីមួយ​ៗទៀត​សោត​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មាន​បាន​សិក្សា​ទេថា ហេតុអ្វី​បាន​ជា​មាន​ករណី​ប្រឈម​មុខ​ផ្លូវ​ច្បាប់​? តើ​មាន​បាន​សិក្សា​ពី​ផ្លូវ​ច្បាប់ ​ពីក្រម​សីលធម៌​វិជ្ជា​ជីវៈ ​និង​ការ​ផ្សាយ​ព័ត៌មា​នមិន​ពិត​ដែរ​ឬទេ? នេះ​គឺ​ជា​កង្វះ​វិជ្ជាជីវៈ​ និង​មាន​ចេតនា​មិនល្អ​នៅ​ក្នុង​ការធ្វើ​ឲ្យ​ខូច​មុខ​មាត់​រាជ​រដ្ឋា​ភិបាល ​ដែល​របាយ​ការណ៍​នេះគឺ​ថា ​គ្មាន​តម្លៃ​សម្រាប់យក​មក​ពិចារណា​ទេ​»។

បើតាម​លោក ប៉ែន បូណា ការ​ផ្តន្ទា​ទោស​តាម​ច្បាប់​គឺ​មិន​មែន​សំដៅ​តែ​លើ​អ្នក​សារព័ត៌​មាន​នោះ​ទេ គឺប្រើ​ទាំងលើមន្ត្រី​រដ្ឋា​ភិបាល និង​អាជ្ញាធរទាំងឡាយ​ណាដែល​ប្រព្រឹត្ត​កំហុស ​ហើយត្រូវ​តែ​ទទួលទោស​តាម​ច្បាប់ ​ឬ​ត្រូវ​ដក​ហូត​ពីមុខ​តំណែង​។ ​

លោក​ ប៉ែន បូណា ថ្លែង​បន្ថែម​ថា៖ «​ហើយ​មក[ផ្តល់​] ​អនុសាសន៍​ ថា​ឈប់​ឲ្យ​ប្រើប្រាស់​តុលាការ​។ អ៊ីចឹង​បិទ​តុលាកា​ចោល​ទៅ ឈប់​ឲ្យអ្នកដែល​ដែល​ប្រព្រឹត្ត​ខុស​អីហ្នឹង មិនបាច់កាត់​ទោស​អីទេ។ នេះជា​អនុសាសន៍​មួយដែល​មិនអាច​ទទួល​យក​បាន»។

ក្នុងការ​ចង​ក្រង​របាយ​ការណ៍​ថ្មីនេះ​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ប្រមូល​ទិន្នន័យ​តាម​រយៈ ​ការ​តាម​ដាន​ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ប្រចាំ​ថ្ងៃ ​និង​ការ​រាយ​ការណ៍​អំពី​ហេតុ​ការណ៍​របស់​គម្រោង​ឃ្លាំ​មើល​សេរី​ភាព​មូល​ដ្ឋាន​របស់​មជ្ឈ​មណ្ឌល​ផ្ទាល់​ ហើយបាន​សម្ភា​សន៍​ជាមួយ​អ្នកសារ​ព័ត៌​មាន​ចំនួន ​២២ ​នាក់​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ២១ ​នាក់ អំពី​ទស្សនៈ​យល់​ឃើញ​របស់​ពួក​គេអំពី​ស្ថាន​ភាព​នៃ​សិទ្ធិសេរី​ភាពជា​មូល​ដ្ឋាន។

របាយ​ការណ៍​បាន​រៀបរាប់ថា​៖ ​«អ្នក​ចូលរួម​មួ​យចំនួន​នៅ​ក្នុងកិច្ច​ពិភាក្សា​ក្រុម​គោល​ដៅ​ជាមួយ​អ្នក​សារ​ព័ត៌​មានបាន​លើក​ឡើងថា ​ប្រព័ន្ធ​តុលាការគឺ​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​ដើម្បី​បំភិត​បំភ័យ​អ្នក​សារ​ព័ត៌មាន​ តាម​រយៈ​ការ​គំរាម​កំហែង​ចាប់​ខ្លួន​។ ពួកគេ​បាន​កត់​សម្គាល់​ថា ​អាជ្ញាធរ​ដាក់​ពាក្យបណ្តឹង​ជាញឹក​ញាប់​ប្រឆាំង​ទៅលើ​អ្នកសារព័ត៌​មាន​ ដោយសារ​តែការ​រាយ​ការណ៍​របស់​ពួកគេ តែ​ផ្ទុយ​ទៅវិញ​នៅពេល​ដែល​អ្នក​សារព័ត៌​មាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹងមន្ត្រី​ពី​បទ​រឹតត្បិត ឬ​រំលោភ​បំពាន​លើ​សេរីភាព​សារព័ត៌មាន​ មិន​ឃើញ​មាន​ការ​ចាត់​វិធាន​ការ​អ្វីឡើយ​»។

ប្រការ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​អំពី​ស្តង់​ដារ​ពីរ​យ៉ាង​ច្បាស់​លាស់ ​ដោយ​អាជ្ញាធរ​ធ្វើ​សកម្ម​ភាព​ដោយ​មិន​មាន​ទោសនិង​ប្រើ​ប្រាស់ប្រព័ន្ធតុលាការ​ ដើម្បី​បំបិទ​សំឡេង​អ្នក​សារ​ព័ត៌​មាន ​ប៉ុន្តែ​អ្នក​សារព័ត៌មានគឺ​ត្រូវ​ប្រឈម​នឹង​ផល​វិបាកនៃផ្លូវ​ច្បាប់​សម្រាប់​ការ​បំពេញ​តួនាទី​ស្រប​ច្បាប់​របស់​ខ្លួន​។ នេះ​បើ​តាម​របាយ​ការណ៍​ដដែល​នោះ។

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌​មាន​លោក​ ទេព​ អស្នារិទ្ធ ​លើក​ឡើង​ថា របាយការណ៍​ដែលចេញ​ផ្សាយ​ដោយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​មិន​ទាន់​ឆ្លុះ​បញ្ចាំង​អំពីគុណ​តម្លៃ​រួម ​ក្នុងការ​លើក​កម្ពស់​សិទ្ធិ​សេរី​ភាព​នៅឡើយទេ​។ ​

លោកថា ​របាយ​ការណ៍​ប្រភេទនេះចាំ​បាច់ត្រូវ​តែ​មាន​ការ​ចូលរួម​និង​សហការជាមួយ​ភាគីពាក់ព័ន្ធ​ទាំង​អស់​ដើម្បី​ធានា​សុក្រឹត​ភាព ភាព​ហ្មត់​ចត់​ គុណ​ភាព ​តម្លា​ភាព​ និង​ភាពគួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​។

​លោក ទេព អស្នារិទ្ធ ​ប្រាប់​វីអូអេថា​៖ ​«ដូច្នេះ​ការ​ស្រង់​ចូល​នៅ​ករណី​ឧប​ទ្ទវ​ហេតុ ​ដែល​ហៅថា incident report នេះដែល​បាន​កើត​ឡើង​ ហើយ​យក​ទិដ្ឋ​ភាព​ទាំង​អស់​នេះមក​ដើម្បី​វាយ​តម្លៃ​រាប់​បញ្ចូល​ថា ជាការណ៍ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​។ ដូច្នេះ​ជា​ការ​វាយ​តម្លៃ​នៅ​មិន​ទាន់​មាន​លក្ខណៈ​ត្រឹម​ត្រូវ​គ្រប់គ្រាន់​ ដើម្បី​ឲ្យ​តួអង្គ​ពាក់ព័ន្ធ​ និង​ប្រជា​ពលរដ្ឋ​ជឿជាក់​បាន​នៅ​ឡើយ ព្រោះ​នៅ​ខ្វះ​តម្លាភាព ខ្វះ​ការ​ឆ្លុះបញ្ចាំង​ចំហ និង​តម្លៃ​រួម​ [និង​]ធ្វើ​ឡើង​ដោយ​មើល​តែ​ពីមួយ​ជ្រុង​ ដើម្បី​វាយ​តម្លៃ​ទាញ​ស្ថាន​ភាព​ឲ្យ​ទាញ​ទៅ​ក្នុងភាព​អាក្រក់ ក្នុង​គោល​បំណង​គាំទ្រ​ដល់​របៀប​វារៈ​»។

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌​មាន​រូប​នេះ​ថ្លែង​បន្តថា​ សេរីភា​ព​សារព័ត៌​មាន​នៅកម្ពុជា​មាន​ភាព​ល្អ​ប្រសើរ ​ព្រោះ​កម្ពុជា​បានអនុ​វត្ត​តាមរដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​នានា​ផ្សេង​ទៀត​ រួម​ទាំង​ច្បាប់​ស្តីពី​របប​សារព័ត៌​មាន​។ ​ ​

ប្រធាន​ក្រុម​អ្នក​សារ​ព័ត៌មាន​ស្ត្រី​កម្ពុជា ​ហៅ​កាត់​ថា CFJ អ្នកស្រី ​ហង្ស សម្ផស្ស​ ​បាន​ផ្តល់​ការកត់​សម្គាល់​អំពី​បញ្ហា​ប្រឈម​របស់​អ្នកសារ​ព័ត៌មាន​ ដូច​របាយ​ការណ៍​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ផងដែរ។ ​អ្នកស្រីថ្លែងថា ​រូបភាព​នៃការ​ប្រឈម​ទាំង​នោះ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​សារ​ព័ត៌​មាន​ស្ត្រី​ភ័យ​ខ្លាច​ និង​ប៉ះ​ទង្កិច​ផ្លូវ​ចិត្ត​ខ្លាំង​ នៅពេលដែលពួក​គេ​ខិតខំ​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌​មាន​មាន​លក្ខណៈ​ស៊ី​ជម្រៅ​។ ​

អ្នកស្រី​ប្រាប់​វីអូអេ​នៅថ្ងៃពុធ​ថា៖ ​«ព្រោះ​ជា​ធម្មតា​បើសិនជា​យើង​ធ្វើ​រឿង​ក្តៅ រឿងស៊ី​ជម្រៅ ​រឿង​ដែល​ប៉ះ​ពាល់​ដល់អ្នក​មាន​អំណាច​ អ្នក​ដឹក​នាំ​កំពូល អីហ្នឹង​ វា​តែង​តែ​ប្រឈម​»។​

អ្នកស្រី​ ហង្ស សម្ផស្ស ចង់​ឃើញស្ថាប័នពាក់​ព័ន្ធ ដូចជា​អង្គភាព​សារ​ព័ត៌មាន ​អង្គ​ការ​សង្គម​ស៊ីវិល ​និង​រដ្ឋា​ភិបាល យក​បញ្ហា​ប្រឈម​ដែល​បាន​កើត​ឡើង​លើ​អ្នកសារព័ត៌​មាន​ទាំង​នោះ ​មកជជែក​គ្នា​ដោយ​បើក​ចំហ ​និង​បើកចិត្ត​ឲ្យទូលាយ​ ដើម្បី​ជា​ប្រយោជន៍​រួមសម្រាប់​បម្រើសាធារណៈ​ជន និង​សង្គម​ជាតិ។

កាលពីខែ​មីនា​ ឆ្នាំ ​២០២៤ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា ​(ខេមបូចា) ​ក៏​បាន​ចេញរបាយ​ការណ៍​មួយស្តីពី ​«ស្ថានភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ​២០២៣»​ ដោយ​ក្នុង​នោះ​បាន​បង្ហាញ​ថា ​ក្នុងឆ្នាំ​ ២០២៣ ​មាន​ករណី​បៀត​បៀន​ចំនួន​ ៣២ ​ករណី​ ចំពោះ​អ្នក​កាសែត​ប្រមាណ ​៥៩ នាក់ ​ដែល​ក្នុង​នោះយ៉ាង​ហោច​ណាស់​អ្នក​កាសែត ​៥ ​នាក់​ត្រូវ​បាន​ប្តឹង ​និង​ចោទ​ប្រកាន់​ ដែល​បណ្តាល​ឲ្យ​មាន​ការ​ជាប់​ពន្ធនាគារ ឬ​ឃុំខ្លួន ​ហើយ​លទ្ធ​ផល​នេះ​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​អ្នក​សារព័ត៌មាន​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដាក់​កម្រិត​លើ​ទិដ្ឋ​ភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​មូល​ផង​ដែរ​។

ខេម​បូចា​ បាន​ប្រៀប​ធៀប​របាយ​ការណ៍​ឆ្នាំ​ ២០២៣ ​ទៅ​នឹង​ឆ្នាំ​ ២០​២២​ ដោយ​ថា​ ការ​គំរាម​កំហែង​ផ្នែក​ច្បាប់​បាន​កើន​ឡើង ១១៤% ​ដែល​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លំហសេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​។

ដោយ​ឡែក​នៅ​ក្នុង​ទិវា​អន្តរជាតិ​ដើម្បី​អបអរ​ខួប​លើក​ទី ១០ ​នៃ​ការ​បញ្ចប់​និទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន ​ដែល​ធ្វើឡើង​កាលពីដើម​ខែ​វិច្ឆិកាកន្លង​ទៅ ​គឺអង្គការ​សង្គម​ស៊ីវិល​ជាង​ ២០ ​ស្ថាប័ន​ក្នុង​ប្រទេស​កម្ពុជា​ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​អំពាវ​នាវ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ចាត់​វិធាន​ការ​ឲ្យ​បាន​ឆាប់​រហ័ស ​និង​ជាក់​លាក់​ដើម្បី​ធានា​នូវ​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ឯក​រាជ្យ ​និង​តម្លាភាព ​ចំពោះ​ឧក្រិដ្ឋ​កម្ម​លើ​អ្នក​សារ​ព័ត៌មាន ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​មិន​ទាន់មាន​ដំណោះស្រាយ​ជាក់​លាក់​នៅឡើយ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG