កាលពីថ្ងៃច័ន្ទនេះ កម្ពុជាបានផ្តល់ជំនួយជាសម្ភារៈដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងវីរុស Covid-19 ដែលមានម៉ាសនិងឈុតការពារជំងឺទៅកាន់ប្រទេសចិន ដែលជាប្រទេសប្រភពនៃជំងឺឆ្លងនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃកម្ពុជា លោក ទៀ បាញ់ ជាមួយនឹងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានចូលរួមក្នុងពិធីប្រគល់និងទទួលសម្ភារៈទប់ស្កាត់វីរុសកូរ៉ូណា ឬCovid-19 ដែលមានដូចជាម៉ាស ចំនួន៣សែននិងឈុតការពារវីរុសចំនួន១,៥០០ ដល់ភាគីចិនកាលពីថ្ងៃទី២ ខែមីនា កន្លងទៅនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានប្រាប់វីអូអេនៅល្ងាចថ្ងៃអង្គារនេះថា នេះជាសន្តានចិត្តតិចតួចរបស់ក្រសួងក្នុងការចែករំលែកតាមលទ្ធភាពរបស់កម្ពុជានៅពេលដែលប្រទេសចិនកំពុងជួបទុក្ខលំបាក។
លោកបានមានប្រសាសន៍ថា៖«ជួយគ្នាមិនថាអ្នកមានអ្នកក្រជាធំទេ គឺកិច្ចការដែលចែករំលែកនិងជួយក្នុងមនុស្សធម៌ម្យ៉ាង ម្យ៉ាងទៀតជួយចែករំលែកក្នុងគ្រាលំបាកដូចថា កម្រិតណាគឺតំណាងឲ្យទឹកចិត្តនោះទេ»។
លោក ទៀ បាញ់ បានបន្ថែមថា៖«ឥឡូវហ្នឹងមួយជំហានហ្នឹងលទ្ធភាពរបស់យើងមានប៉ុណ្ណឹង ក៏ទប់ប៉ុណ្ណឹងសិន។ បន្តទៅទៀតចាំខ្ញុំគិតគូរទៀតតាមលទ្ធភាព យ៉ាងណាដែលយើងអាចជួយបាន»។
ស្ថានទូតចិនប្រចាំនៅកម្ពុជាបានសរសេរនៅគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃច័ន្ទថា៖«នេះបានបង្ហាញពីមិត្តភាពដ៏សែនជ្រាលជ្រៅបំផុតរបស់កងទ័ពយោធពលខេមរភូមិន្ទកម្ពុជា ជូនចំពោះកងទ័ពរំដោះប្រជាជនចិន គឺជាការលើកទឹកចិត្ត និងស្មារតីដ៏ធំធេងបំផុតក្នុងកិច្ចជម្នះនឹងវីរុសមួយនេះជូនដល់ប្រជាពលរដ្ឋចិន»។
ការប្រគល់ជំនួយជាសម្ភារៈការពារការឆ្លងវីរុស Covid-19 នេះត្រូវបានធ្វើឡើងបន្ទាប់ពីវីរុសមួយនេះបានចម្លងនិងសម្លាប់ប្រជាជនក្នុងប្រទេសចិនរាប់ម៉ឺននាក់តាំងពីចុងខែមករាកន្លងទៅ។ មកដល់ពេលនេះ វីរុស Covid-19 បានរាលដាលទៅកាន់បណ្តាប្រទេសផ្សេងៗជាង ៧០ ប្រទេសដូចជា កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិកនិងបណ្តាប្រទេសសហគមន៍អឺរ៉ុបដូចជាអ៊ីតាលីជាដើម។
ចាប់តាំងពីមានការផ្ទុះវីរុស Covid-19 នេះនៅក្នុងក្រុងវូហាន នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងមិនបិទជើងហោះហើររបស់ខ្លួនរវាងកម្ពុជានិងចិនឡើយ ហើយក៏មិនជម្លៀសពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងវូហាន ខេត្តហ៊ូប៉េប្រទេសចិនដែរ។
លោក ហ៊ុន សែន ក៏បានទៅទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិនកាលពីដើមខែកុម្ភៈ នេះដើម្បីបញ្ជាក់ពីជំហររបស់ខ្លួនជាមួយប្រទេសចិននៅក្នុងគ្រាប្រទេសនេះជួបការលំបាក។
គិតត្រឹមថ្ងៃ២ មីនា នេះមានករណីឆ្លងវីរុសCovid-19 ជាង៩ម៉ឺននាក់ទូទាំងសាកលលោក និង៣០០០នាក់បាត់បង់ជីវិត។ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO៕