ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកប្រើបណ្តាញសង្គម២នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ចែក​ព័ត៌មាន​ក្លែងក្លាយ​អំពី​ជំងឺ​កូរ៉ូណា​វីរុស


រូបថតដកស្រង់ពីវីដេអូរបស់លោក កូយ សំអាត ដែលប្រើឈ្មោះ "Tep Visal" ខណៈលោកបានបង្ហោះវីដេអូដែលសមត្ថកិច្ចបានចាប់ខ្លួនលោក។

មន្ត្រី​នគរបាលនៅ​រាជធានីភ្នំពេញ​ និង​ខេត្ត​សៀម​រាប​ នៅ​ក្នុង​សប្តាហ៍​នេះ​ បាន​ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ពីរ​នាក់​ ដោយ​ចោទ​ពួក​គេ​ថា ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ ពាក់​ព័ន្ធ​ទៅនឹង​ការ​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ ឬCovid-19។ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​ពីរ​នាក់​នោះ​ មាន​ម្នាក់​គឺស្ត្រី​ឈ្មោះ​ ថៃ ឆយឿន​ រស់​នៅស្រុក​បាគងនៃខេត្ត​សៀមរាប។ ស្ត្រី​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅកាន់​លំនៅដ្ឋានវិញ បន្ទាប់​ពីស្ត្រី​រូបនោះ​ បាន​ទទួល​ស្គាល់​កំហុស។

ចំណែក​ម្នាក់​ទៀត​ គឺលោក​ កូយ សំអាត ដែល​រស់​នៅ​ក្នុង​ខណ្ឌ​មានជ័យ​ និង​ជា​ម្ចាស់​ហ្វេស​ប៊ុក​ឈ្មោះ​ Tep Visal ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

លោក​ ឆាយ ​គឹមខឿន ​អ្នកនាំពាក្យ​នៃ​អគ្គស្នងការ​ប៉ូលិស​ជាតិ​បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ការ​ឃាត់​ខ្លួន​អ្នក​ទាំង​ពីរ​មិនមែន​ជា​ការ​បំភិត​បំភ័យ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទេ​ តែជា​ការទប់ស្កាត់​ការ​សាយភាយ​ព័ត៌មាន​ក្លែងក្លាយ​ ដែល​អាច​បណ្តាល​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម។

«រឿង​នេះ​ រឿង​របស់​សកល ហើយ​គាត់​មួល​បង្កាច់​ គាត់​និយាយ​ហើយ​ គាត់​និយាយ​បំផុស​ឲ្យ​ភ័យ​ ហើយ​រឿង​មិន​ពិត​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចលាចល​ អា​នេះ​ប៉ះពាល់​ធ្ងន់​ណាស់​ ប៉ះពាល់​ដល់​បរិយាកាស​សន្តិសុខ​ ទាំងមូល​របស់​ប្រទេស​ នែ​ ហើយ​ភាព​ភ័យ​ខ្លាច​ប្រជាពលរដ្ឋ»។

លោក​ គឹមខឿន បាន​បន្ថែម​ថា​ ស្ត្រី​ឈ្មោះ​ ថៃ ឆយឿន​ ត្រូវ​បាន​ដោះ​លែង​ដោយ​សារ​គាត់​បាន​សារភាពថា​ គាត់​មិនបាន​ដឹង​ថា​ ព័ត៌មាន​ដែល​គាត់​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ​ មាន​ឥទ្ធិពល​មិន​ល្អ​ដល់​សង្គម។

«ដូច​នាង​មួយ​នៅ​សៀមរាប គាត់​ អាហ្នឹង​គាត់​ share ​គាត់​ចុច​តាម​គេ​អីចឹង​ទៅ​ គាត់​ comment ​ថែម​ គាត់​បង្ហោះ​ទៅ​ អា​គេ​លុប​បាត់​ទៅ​ នៅតែ​គាត់​អីចឹង​ទៅ​ណ៎ា។ តែ​ខ្ញុំ​មិន​សូវ​យល់​ដែរ​ អារឿង​ប្រព័ន្ធ​ហ្នឹង​ ប៉ុន្តែ​គ្រាន់​តែ​ហើយ​ទៅ​គាត់​សារភាព​ គាត់​ថា​ គាត់​អត់​ដឹង​រឿង​អីចឹង​ គាត់​មិន​យល់​ថា​ អាការ​ផ្សាយ​របស់​គាត់​ហ្នឹង​ទៅ​ ធ្វើ​ឲ្យ​ប៉ះពាល់​អីចឹង​ ចឹង​កិច្ចសន្យា​ទៅ​ រួចអីចឹង​អ្នក​ដទៃ​ទៀត​ បើសិន​ជា​ពាក់​ព័ន្ធធ្ងន់​នឹង​ផ្លូវ​ច្បាប់​ អាហ្នឹង​យើង​ប្រាកដ​ជា​រុញ​ទៅ​ឲ្យ​ព្រះរាជ​អាជ្ញា​ហើយ​ ឲ្យ​តុលាការ​គេ​ធ្វើ​ការ​ហើយ»។

បើ​តាម​របាយ​ការណ៍​របស់​មន្ត្រី​ប៉ូលិស​ដែល​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ស្ត្រី​ឈ្មោះ​ ថៃ ឆយឿន​ ត្រូវ​បាន​ចាប់​ខ្លួន​នៅថ្ងៃទី​៩ ខែមីនា​ ឆ្នាំ​២០២០ បន្ទាប់ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ការិយា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​សហការ​ជាមួយ​មន្ត្រី​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​បាគង។

នៅ​ថ្ងៃច័ន្ទដដែល​ មន្ត្រី​នគរបាល​នៅ​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​ លោក ​កូយ សំអាត។ ការ​ចាប់​ខ្លួន​លោក​ កូយ សំអាត​ កើត​មាន​ឡើង​បីថ្ងៃ ក្រោយ​លោក​បង្ហោះ​ឃ្លីប​វីដេអូមួយ​ ដែល​បាន​បង្ហាញរូប​លោក​និយាយ​ថា​ កម្ពុជា​គួរ​តែ​អរគុណ​វៀតណាម​ ព្រោះ​កុំ​តែ​បាន​វៀតណាមស្រែក​ថា​ ប្រទេស​កម្ពុជា​មាន ​Covid-19 ​ឬ​កូរ៉ូណា​វីរុស​ទេ​ កុំអី​ពលរដ្ឋខ្មែរ​ទូទាំង​ប្រទេស​មិនដឹង​ថា​ កម្ពុជា​មាន​ Covid-19 ​ឬ​កូរ៉ូណា​វីរុស​ទេ។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើមថា៖ «នេះសំណាង​ហើយ​ដែល​យួន​ស្រែកណ៎ា​ ថាប្រទេសកម្ពុជា​ មាន​ Covid-19 ​ ​ឬក៏​កូរ៉ូណា​ បើ​ប្រជាជន​ធម្មតា​ស្រែក​វិញ​ ប្រហែល​ជា​តាម​ចាប់​ទៀត​ហើយ»។

ស្នង​ការដ្ឋាន​រាជធានី​ភ្នំពេញ​ បាន​ធ្វើសេចក្តី​រាយការណ៍​លើទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ លោក ​កូយ សំអាត​ អាយុ​៣៥​ឆ្នាំ​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​១០​ ខែ​មីនា​នេះ​ ដើម្បីបន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ «ដោយ​ចោទ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​ ដោយ​យោង​តាម​មាត្រា ៤៩៤​-៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ត្រូវ​ផ្តន្ទា​ទោស ​ពី ​៦​ខែ ដល់​ ២​ឆ្នាំ»។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពីលោក​ គុជ គឹមឡុង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ តែ​លោក​ថា​ ជាប់​ប្រជុំ។ លោក​ អ៊ី រិន អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ។

លោក ​អំ សំអាត​ នាយក​រង​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​កម្ពុជា​ ត្រូវបង្កើន​ការ​អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ច្បាស់​ពី​ការ​ឆ្លង​ និង​ការ​បង្ការ​កូរ៉ូណាវីរុស​នេះ​ ជា​ជាង​ការ​ចាត់​វិធាន​ការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​ការ​និយាយ​ស្តី​របស់​ពួក​គេ​អំពី​មេរោគឆ្លង​នេះ។

«អ្វី​ដែល​គាត់​បញ្ចេញ​មតិ​ហ្នឹង​ វា​អត់​មាន​បង្ក​ចលាចល​ឲ្យ​មាន​ភាព​វឹកវរ​អីទេ។ តាមពិត​ទៅ​ ប្រហែល​ជា​គាត់​មិន​ទាន់​យល់​ច្បាស់​អំពី Covid-19​ ឬក៏​កូរ៉ូណា​វីរុស​ហ្នឹង​ អាហ្នឹង​ហើយ​ដែល​ទាម​ទារ​ឲ្យ​មានការ​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ហ្នឹង​ អាហ្នឹង​គឺ​ជា​វិធានការ​សំខាន់​ ជាជាង​អាការ​ទប់​ស្កាត់​ដើម្បី​កុំ​ឲ្យ​ចេញ​ព័ត៌មាន​ទាំង​នោះ​»។

លោក​ អង្គ វង្សវឌ្ឍនា ​រដ្ឋ​មន្ត្រី​ក្រសួង​យុតិ្តធម៌​ ត្រូវ​បណ្តាញ​ព័ត៌មានក្នុង​ស្រុក​រាយ​ការណ៍​ថា​ បាន​ណែ​នាំ​ឲ្យ​ព្រះ​រាជអាជ្ញា​ទាំង​នៅ​ទីក្រុង​ភ្នំពេញ​ និង​តាមបណ្តា​ខេត្ត​នានា​ ចាត់​វិធានការ​តឹង​រ៉ឹង​ប្រឆាំង​នឹង​បុគ្គល​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងកា្លយ​ ទាក់​ទិន​ការ​ឆ្លងកូរ៉ូណាវីរុស​ ឬ​ Covid-19។

គិត​មកត្រឹម​ល្ងាច​ថ្ងៃ​ពុធនេះ​ កម្ពុជា​បានរក​ឃើញអ្នក​ផ្ទុក​កូរ៉ូណា​វីរុស​ ឬCovid-19បី​នាក់​ ដែល​មក​ស្នាក់នៅ​ រស់នៅ​ និង​ឆ្លងកាត់​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ពលរដ្ឋ​ជន​ជាតិ​ចិន​ម្នាក់ ខ្មែរ​ម្នាក់​ និង​ស្ត្រី​ជន​ជាតិ​អង់គ្លេស​ម្នាក់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG